ពលរដ្ឋរាប់រយគ្រួសារក្នុងខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នាគ្រោងបោះតង់នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោយអាជ្ញាធរកោះហៅតំណាងសហគមន៍របស់ពួកគេឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃអង្គារ ទី៣០ វិច្ឆិកា។
ពលរដ្ឋរាប់រយគ្រួសារមកពីឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានវេចអង្ករ ចានឆ្នាំង ខ្ទះត្នោត ឧស និងចង្ក្រានបាយ ជាដើម ក្នុងគោលបំណងទៅបោះតង់ស្នាក់នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបង្ហាញការគាំទ្រតំណាងសហគមន៍របស់ពួកគេ និងជាការដាក់សម្ពាធដើម្បីកុំឱ្យអាជ្ញាធរចាប់ខ្លួនតំណាងសហគមន៍ទាំងនោះដោយយកលេសណាមួយ។

ប្រភពដដែលអះអាងថា តំណាងសហគមន៍មាតាធម្មជាតិ ៣រូប ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កោះហៅទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ទី៣០ វិច្ឆិកា ដែលអាជ្ញាធរបានចោទប្រកាន់ថា ពួកគេបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គំរាម និងជេរប្រមាថជាសាធារណៈ ប៉ុន្តែត្រូវប្រជាពលរដ្ឋបដិសេធថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
ពលរដ្ឋរងគ្រោះព្រមានថា ពួកគេនឹងដេកយាមតំណាងរបស់ពួកគេរហូតអាជ្ញាធរអនុញ្ញាតឱ្យតំណាងសហគមន៍ទាំងនោះត្រឡប់ទៅផ្ទះវិញ ទើបប្រជាពលរដ្ឋទាំងនោះសុខចិត្ត។ បើមិនដូច្នោះទេ ពួកគេនឹងដេកនៅមុខស្នងការដ្ឋាននគរបាលនេះបន្តទៀត ដើម្បីបង្ហាញពីភាពអយុត្តិធម៌ដែលអាជ្ញាធរបានប្រព្រឹត្តលើតំណាងរបស់ខ្លួន។

ជុំវិញបញ្ហានេះ អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ បានចេញមកអះអាងចំពោះមុខពលរដ្ឋដែលបានឈរត្រៀបត្រានៅមុខស្នងការដ្ឋាននគរបាលខេត្តនេះថា លោកនឹងទៅដោះស្រាយបញ្ហាដីធ្លីនេះដល់មូលដ្ឋានផ្ទាល់តែម្តង ដូច្នេះលោកសំណូមពរឱ្យពលរដ្ឋនាំគ្នាត្រឡប់ទៅផ្ទះវិញ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម។ បន្ទាប់ពីការសន្យារបស់អភិបាលរងខេត្តនេះរួចមក ពលរដ្ឋរួមនឹងតំណាងសហគមន៍របស់ពួកគេ ក៏បានយល់ព្រមនាំគ្នាត្រឡប់ទៅផ្ទះវិញហើយនៅរសៀលថ្ងៃអង្គារ ដដែលនេះ។
មន្ត្រីជាន់ខ្ពស់សហគមន៍កសិករកម្ពុជា លោក ញ៉ឹល ភាព បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ វិច្ឆិកា ថា លោកអំពាវនាវឱ្យអាជ្ញាធរទម្លាក់ចោលបទចោទទាំងអស់លើសកម្មជនបរិស្ថាន ជាពិសេសលើតំណាងសហគមន៍មាតាធម្មជាតិនៅពេលនេះ ត្បិតការចោទប្រកាន់របស់អាជ្ញាធរមកលើពួកគេ គឺធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
លោក ញ៉ឹល ភាព សំណូមពរឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលមន្ត្រីខិលខូចរបស់ខ្លួនឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ជាពិសេសអំពើពុករលួយដែលកំពុងតែកើតឡើងជាប្រព័ន្ធនៅមូលដ្ឋានសព្វថ្ងៃនេះ។
កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ពលរដ្ឋរាប់រយនាក់នៅក្នុងឃុំត្រពាំងជោ ស្រុកថ្ពង ឃុំអមលាំង និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជួបជុំគ្នានៅតំបន់ព្រៃអភិរក្សសហគមន៍មាតាធម្មជាតិស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឃាត់គ្រឿងចក្រដែលកំពុងឈូសឆាយដីព្រៃអភិរក្សសហគមន៍មាតាធម្មជាតិទំហំជាង ៤០០ហិកតារ ក្នុងចំណោមផ្ទៃដីសរុប ២៨០០ហិកតារ ដែលអាជ្ញាធរបានឃុបឃិតគ្នាលក់ឲ្យឈ្មួញតាំងពីឆ្នាំ២០១៥ មក។
តំបន់ព្រៃអភិរក្សសហគមន៍មាតាធម្មជាតិ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវបានក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសបង្កើតឡើងក្នុងចំណោមសហគមន៍ព្រៃឈើ ២៣ទីតាំងផ្សេងទៀតកាលពីអំឡុងខែសីហា ឆ្នាំ២០១០ ដើម្បីថែទាំ អភិរក្សជីវចម្រុះ និងប្រើប្រាស់ផល និងអនុផលព្រៃឈើតាមលក្ខណៈប្រពៃណីដែលសមស្របតាមសក្ដានុពលរបស់ធនធានធម្មជាតិទាំងនោះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ៕