អ្នកជំនាញផ្នែកច្បាប់អន្តរជាតិដែលត្រូវតុលាការកម្ពុជាចោទប្រកាន់ បានថ្លែងថា ប្រសិនបើនាងមានទោស នាងប្ដេជ្ញាថានឹងមិនចាកចេញពីកម្ពុជាជាដាច់ខាត ព្រោះថាបើនាងចាកចេញ នោះរដ្ឋាភិបាលកម្ពុជានឹងបិទច្រកមិនឱ្យនាងត្រឡប់មកកម្ពុជាវិញនោះទេ។ ជាងនេះទៅទៀត នាងប្ដេជ្ញាថានឹងនៅកំដរឆាកល្ខោននយោបាយរបស់តុលាការកម្ពុជាបន្តទៀត ដើម្បីជួយរកយុត្តិធម៌ជូនជនស្លូតត្រង់ដែលកំពុងរងគ្រោះដោយសារល្ខោននយោបាយរបស់តុលាការកម្ពុជាសព្វថ្ងៃនេះ។
អ្នកជំនាញច្បាប់អន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយ កញ្ញា សេង ធារី បានប្រាប់ក្រុមសារព័ត៌មាននៅមុខសាលាដំបូងក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា តុលាការកម្ពុជាបានទាញនាងឱ្យចូលរួមក្នុងរោងល្ខោនរបស់ពួកគេ។ កញ្ញា សេង ធារី ចាត់ទុកថា តុលាការកម្ពុជាគ្រាន់តែជារោងល្ខោនប៉ុណ្ណោះ។
កញ្ញា សេង ធារី អះអាងថា ការស្លៀកពាក់ឈុតអប្សរា និងកោរសក់ចូលក្នុងរោងល្ខោនតុលាការកម្ពុជានៅថ្ងៃអង្គារ ទី៧ ធ្នូ នេះ ព្រោះកញ្ញាចង់បង្ហាញពីការកាន់ទុក្ខឱ្យជនរងគ្រោះក្នុងកិច្ចការសង្គមរបស់ពួកគេ ដោយសារការចាប់ខ្លួន និងកាត់ទោសអ្នកទាំងអស់នោះឱ្យជាប់ពន្ធនាគារទាំងអយុត្តិធម៌ដោយតុលាការខ្មែរនាពេលកន្លងមក។
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិរូបនេះចាត់ទុកសវនាការរបស់តុលាការក្រុងភ្នំពេញលើរូបខ្លួន និងលើសកម្មជនដទៃទៀត គ្រាន់តែជាអាវុធនយោបាយរបស់អ្នកមានអំណាចតែប៉ុណ្ណោះ មិនមែនជាប្រព័ន្ធយុត្តិធម៌សម្រាប់ធានាការអនុវត្តច្បាប់ដើម្បីភាពយុត្តិធម៌របស់សង្គមជាតិនោះទេ ព្រោះល្ខោននយោបាយរបស់អ្នកមានអំណាច គឺប្រើតុលាការជាឧបករណ៍ ដើម្បីចាប់ខ្លួនអ្នកដែលប្រឆាំងនឹងការប្រព្រឹត្តមិនត្រឹមត្រូវរបស់ពួកគេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា សេង ធារី ត្រូវបានតុលាការកោះហៅឱ្យចូលខ្លួនក្នុងសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសកម្មជនគណបក្សសង្គ្រោះជាតិជាង ៤០នាក់ផ្សេងទៀតនៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តុលាការភ្នំពេញបានបើកសវនាការជម្រះក្តីទ្រង់ទ្រាយធំលើកញ្ញា សេង ធារី អ្នកជំនាញច្បាប់អន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយ ព្រមទាំងសកម្មជនបក្សប្រឆាំង ៤៤នាក់ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដែលពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
ការបើកសវនាការរបស់សាលាដំបូងក្រុងភ្នំពេញ លើជនជាប់ចោទជាង ៤០នាក់នោះ នៅថ្ងៃទី៧ ធ្នូ នេះ ក៏មានអតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ស្ថិតក្នុងចំណោមនោះដែរ ហើយក្នុងចំណោម ៤៤នាក់នោះ មានតែ ២នាក់ប៉ុណ្ណោះដែលកំពុងជាប់ឃុំ ក្រៅពីនេះគឺនៅក្រៅឃុំទាំងអស់។ ដោយឡែកអ្នកនៅក្រៅឃុំខ្លះទៀត ក៏កំពុងរស់នៅក្រៅប្រទេសផងដែរ ដែលរដ្ឋាភិបាលហាមឃាត់មិនឱ្យវិលទៅកម្ពុជាវិញ ដូចជាលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនទៀតជាដើម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ ធ្នូ នេះថា សវនាការនៅថ្ងៃអង្គារ នេះ សង្គមស៊ីវិលបានចាត់ទុកថាជាការធ្វើឡើងដោយសារទំនាស់នយោបាយប៉ុណ្ណោះ។ លោកថា ដើម្បីចៀសវាងនូវបញ្ហានេះ រដ្ឋាភិបាលកម្ពុជាគួរតែបើកលំហសេរីភាពឱ្យបានទូលំទូលាយស្របតាមកតិកាសញ្ញាអន្តរជាតិ និងច្បាប់កំពូលរបស់កម្ពុជា ស្ដីពីសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។
លោក ស៊ឹង សែនករុណា លើកឡើងថា ដើម្បីឱ្យសវនាការរបស់តុលាការប្រព្រឹត្តទៅបានយុត្តិធម៌ និងមានការទទួលស្គាល់ពីមតិជាតិ និងអន្តជាតិ រដ្ឋាភិបាលគួរតែបើកឱ្យអ្នកដែលតុលាការបានចោទប្រកាន់ អាចវិលទៅប្រទេសកម្ពុជាវិញ ដើម្បីឱ្យពួកគេអាចចូលរួមក្នុងសវនាការរបស់ខ្លួនស្របតាមច្បាប់ និងសិទ្ធិទទួលបានក្នុងការជំនុំជម្រះក្តីរបស់កម្ពុជា។
លោកបន្តថា ប្រសិនបើការដោះស្រាយវិបត្តិនយោបាយនៅតែពន្យារពេលនោះ ការចោទប្រកាន់ ការចាប់ឃុំខ្លួន និងការដោះលែងសកម្មជននានា ក៏មិនអាចធ្វើឱ្យកម្ពុជាមានការធូរស្រាលផ្នែកនយោបាយដែរ ហើយនឹងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ជាពិសេសគឺការធ្លាក់ចុះនូវមុខមាត់របស់កម្ពុជា ស្របពេលដែលកម្ពុជានឹងធ្វើជាប្រធានដឹកនាំអាស៊ានក្នុងពេលដ៏ខ្លីខាងមុខនេះ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីឆ្នាំ២០១៧ មក ក្នុងនោះសកម្មជនដីធ្លី សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានប្រមាណជាង ៦០នាក់ហើយ ត្រូវបានរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ចោទប្រកាន់ និងចាប់ឃុំខ្លួនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ៕