28 C
Phnom Penh

អតីត​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ម្នាក់​ថា​ការ​ចោទ​និង​ចាប់​ពួកគាត់​ដាក់​គុក​ជា​រឿង​នយោបាយ​សុទ្ធសាធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស បាន​លើកឡើង​ក្នុង​បន្ទប់​សវនាការ​ថា ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​ពួកគាត់​ដាក់​គុក​ជិត ២​ឆ្នាំ​មក​នេះ ដោយសារ​រឿង​នយោបាយ​សុទ្ធសាធ។

ការ​ប្រកាស​របស់​អ្នក​នយោបាយ​ថ្នាក់​ក្រោម​ជាតិ​នេះ ធ្វើឡើង​នៅ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​អតីត​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២១​នាក់​ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្តាប់​បទបញ្ជា បទ​ញុះញង់ និង​បទ​រួម​គំនិត​ក្បត់»។

សវនាការ​នៅ​ថ្ងៃ​ទី​៩ ធ្នូ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​ឈ្មោះ ឈុន ប៊ុនឆាត ឈ្មោះ យឹម សារ៉េត និង​ឈ្មោះ ជុំ ចាន់ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​នៅ​ក្រៅ​ប្រទេស និង​សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល រួម​ទាំង​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ផង​ដែរ។

ប៉ុន្តែ​លោក យឹម សារ៉េត និង​លោក ជុំ ចាន់ ដែល​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង បាន​បដិសេធ​ដោយសារ​ចាប់តាំង​ពី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​មក ពួកគេ​មិន​ដែល​មាន​ទំនាក់ទំនង និង​ធ្វើ​សកម្មភាព​អ្វី​ទៀត​ដែរ ថ្វីត្បិតតែ​ពួកគេ​បាន​ដឹង​អំពី​ការ​បង្កើត​ចលនា​នៅ​ក្រៅ​ប្រទេស និង​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ប៉ុន្តែ​ការ​ទទួល​បាន​ព័ត៌មាន​ទាំងអស់​នេះ គឺ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ។ លើស​ពី​នេះ ពួកគេ​ក៏​មិន​បាន​ទៅ​ចូលរួម​ជាមួយ​សកម្មភាព ៩ វិច្ឆិកា ដែរ ដោយសារ​ពួកគេ​ជាប់​រវល់​រកស៊ី ខណៈ​លោក ឈុន ប៊ុនឆាត ក៏​បាន​បដិសេធ​ចំពោះ​ទំនាក់ទំនង​រវាង​អតីត​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែរ ដោយ​ថា​ខ្លួន​ជា​មន្ត្រី​រាជការ​ស៊ី​ប្រាក់ខែ​រដ្ឋាភិបាល។

ក្រោយ​ពី​សួរ​អ្នក​ទាំងនោះ​រួច សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ​ទាំង ២១​នាក់ គឺ​លោក សំ សុគង់ បាន​ស្នើសុំ​សួរ​លោក កែវ ថៃ ដែល​ជា​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ថា​ចាប់តាំង​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​មក តើ​លោក​មាន​បាន​ទទួល​ផែនការ​ចំនួន ៥​ចំណុច​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​ឡងប៊ិច ដែរ​ឬ​ទេ។ លោក កែវ ថៃ បាន​លើកឡើង​ថា ចាប់តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក រូបលោក​បាន​បោះបង់​សកម្មភាព​របស់​គណបក្ស​ទាំងស្រុង និង​គ្មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ទៀត​ដែរ។ លោក​បន្ត​ថា គ្រាន់តែ​លោក​និយាយ​ទូរស័ព្ទ​រឿង​ជួប​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការងារ​សាលា បែរជា​ត្រូវ​គេ​យក​មក​កាត់​ត​ពាក្យ​បន្តិច ហើយ​យក​មក​ចោទប្រកាន់​រូប​គាត់​ជា​បទល្មើស​ជាក់ស្ដែង និង​បាន​មក​ចាប់​ខ្លួន​លោក​ដាក់​គុក។

លោក កែវ ថៃ និយាយ​ថា លោក​មិន​បាន​ទទួល​ផែនការ​ពី​អ្នក​ណា​ទេ ពីព្រោះ​លោក​បាន​បម្រើ​នៅ​ក្នុង​វិស័យ​អប់រំ​រហូត​មក គ្រាន់តែ​លោក​មាន​និន្នាការ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​នា​ពេល​កន្លងមក​ប៉ុណ្ណោះ។ លោក​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​ពី​បទ «រួម​គំនិត​ក្បត់» ថា​មិន​ត្រឹមត្រូវ ដោយសារ​លោក​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ឡើយ ប៉ុន្តែ​បើ​ចោទប្រកាន់​ដោយសារ​លោក​មាន​និន្នាការ​ជាមួយ​បក្ស​ប្រឆាំង នោះ​ត្រឹមត្រូវ​ជាង។

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ហៅ​ការ​ចោទប្រកាន់​របស់​តុលាការ​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​លោក​ដេក​ផ្ទះ​សុខៗ បែរជា​តុលាការ​ចោទ​លោក​ថា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ទៅវិញ។

ទោះ​យ៉ាងណា ក្រោយ​ពី​សាកសួរ​ជន​ជាប់ចោទ​ពេញ​មួយ​ព្រឹក​នោះ ចៅក្រម​លោក រស់ ពិសិដ្ឋ បាន​សម្រេច​បិទ ដោយ​នឹង​បន្ត​បើក​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​ទៀត។

អតីត​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២១​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្តាប់​បទបញ្ជា បទ​ញុះញង់ និង​បទ​រួម​គំនិត​ក្បត់»។ ក្នុង​ចំណោម​អ្នក​ជន​ជាប់ចោទ ២១​នាក់​នោះ​រួម​មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ហ៊ូ វ៉ាន់ លោក នុត រំដួល លោកស្រី ជូឡុង សូមូរ៉ា លោកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ ដែល​កំពុង​នៅ​ក្រៅ​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស