27 C
Phnom Penh

GDP៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នឹង​គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង​ដូច​ឆ្នាំ​២០១៨​ទៀត​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ អះអាង​ថា សេណារីយោ​នយោបាយ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ បាន​លេច​រូបរាង​កាន់តែ​ច្បាស់​ហើយ​ថា គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ដូច​កាលពី​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ទៀត​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ថា ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​ស្រដៀង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ វិញ ព្រោះ​ថា​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម ជា​កម្លាំង​មួយ​ដែល​គេ​សង្ស័យ​ថា​លោក សម រង្ស៊ី នៅ​ពីក្រោយ បាន​ធ្វើ​សកម្មភាព​ក្នុង​ឆាក​នយោបាយ​វិញ​ហើយ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​នឹង​ត្រូវ​ចូល​សវនាការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ ដែល​ទំនង​ជា​អាច​មាន​ការ​កាត់ក្តី​ឱ្យ​លោក​មាន​សេរីភាព​ឡើងវិញ ហើយ​លោក កឹម សុខា ក៏​អាច​នឹង​ចូលរួម​ដឹកនាំ​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ ក៏​ប្រកាស​ស្វាគមន៍​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិល​ចូល​ទីលាន​នយោបាយ​របស់​កម្ពុជា​វិញ​នៅ​ពេល​ខាងមុខ​នេះ​ដែរ។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ ចូលរួម​លើកស្ទួយ​វប្បធម៌​នយោបាយ​ថ្មី ដោយ​នាំគ្នា​រក្សា​នូវ​គុណតម្លៃ​សាមគ្គីភាព យុត្តិធម៌ និង​អហិង្សា ជាដើម។

ការ​លើកឡើង​របស់​បណ្ឌិត យ៉ង សាំងកុមារ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ត្រូវ​គេ​មើលឃើញ​ថា កំពុង​តែ​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច បន្ទាប់ពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​នាំគ្នា​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​រៀងៗ​ខ្លួន។

កាលពី​ចុង​ឆ្នាំ​២០២០ របាយការណ៍​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ជាង ៤០​ហើយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​មាន​គណបក្ស​ចំនួន​៦ ដែល​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង រួម​មាន​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​កម្ពុជា​និយម និង​គណបក្ស​ភ្លើង​ទៀន ដែល​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​ក្នុង​ពេលនេះ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កំណត់។ ដូច្នេះ ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​មាន​រយៈពេល​កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស