31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​សោកស្ដាយ​ដែល​សមាជិក​រដ្ឋសភា​អាមេរិក លោក Alan Lowenthal ចូល​និវត្តន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក អាលែន ឡូវិនថល (Alan Lowenthal) ដែល​មិន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​បន្ត​ទៀត​នោះ​ទេ។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ថា សមាជិក​សភា​សហរដ្ឋ​អាមេរិក លោក Alan Lowenthal គឺជា​មិត្ត​ដ៏​ល្អ​របស់​ជា​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា។ លោក Alan Lowenthal តែងតែ​ចូលរួម​ឈឺឆ្អាល​ចំពោះ​សុខទុក្ខ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច ហើយ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​រូប​នេះ តែងតែ​ខ្នះខ្នែង​ចូលរួម​ជំរុញ និង​គាំទ្រ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យ៉ាង​សកម្ម​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ សមាជិក​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក លោក Alan Lowenthal បាន​ចេញ​ប្រកាស​ព័ត៌មាន​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​រដ្ឋសភា​ឡើងវិញ​នៅ​ឆ្នាំ​២០២២ បន្ត​ទៀត​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ទោះបីជា​លោក​សម្រេច​ចិត្ត​ដើរ​ចេញពី​ជួរមុខ​នៃ​ការ​តស៊ូ​ដើម្បី​ពលរដ្ឋ​អាមេរិក​ក៏ដោយ ក៏​លោក​នៅតែ​តស៊ូ​ដើម្បី​កិច្ចការ​ដែល​ត្រឹមត្រូវ និង​អ្វី​ដែល​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​ប្រជាជន និង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ។

សមាជិក​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក Alan Lowenthal កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ បាន​ផ្ដួចផ្ដើម​ជំរុញ​ឱ្យ​មាន​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា (Cambodia Democracy Act) ឬ​ហៅ​កាត់​ថា H.R. លេខ​៤៦៨៦ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

លោក Alan Lowenthal ធ្លាប់​បាន​រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ធ្វើ​គ្រប់​យ៉ាង​តាម​អំណាច​របស់​ខ្លួន ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ការ​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ការ​បង្ខំ​ក្រុម​ជំទាស់​ឲ្យ​និរទេស​ខ្លួន ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាដើម។

សមាជិក​សភា​អាមេរិក​រូប​នេះ​អះអាង​ថា របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន មក​ទល់​ពេលនេះ គឺ​បញ្ច្រាស​ទៅ​នឹង​កិច្ចសន្យា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំងស្រុង ដូច្នេះ​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​មួយ​នេះ គឺជា​រឿង​ស័ក្តិសម​បំផុត ព្រោះ​ថា​ក្រុម​លោក ហ៊ុន សែន បាន​វាយប្រហារ​កម្ទេច​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ឥត​ឈប់ឈរ​រហូត​មក។

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ លោក Alan Lowenthal បាន​ចុះហត្ថលេខា​រួម​គ្នា​ជាមួយ​លោក Steve Chabot ដែល​ជា​សមាជិក​សភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ តាមរយៈ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy R. Sherman ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស