មេដឹកនាំកម្មករដ៏ល្បីល្បាញនៅកម្ពុជា អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចចិត្តដោយស្មោះត្រង់ចំពោះការដោះស្រាយវិវាទជូនកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ជាបន្ទាន់ ដើម្បីចៀសវាងការអូសបន្លាយពេលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករទាំងនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ថា លោកសង្កេតឃើញថាក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ខណៈកម្មករទាំងនោះមិនបានប្រព្រឹត្តកំហុសទាល់តែសោះ ហើយការបញ្ឈប់បែបនេះ គឺជាការរំលោភច្បាប់ការងារយ៉ាងធ្ងន់ធ្ងរចំពោះកម្មករ។
លោក រ៉ុង ឈុន អះអាងថា ការគេចវេះចូលតុចរចារបស់ភាគីក្រុមហ៊ុន ណាហ្គាវើលដ៍ គឺជាការបង្ហាញនូវភាពមិនទទួលខុសត្រូវ និងជាការមិនឱ្យតម្លៃដល់ក្រសួងការងារផងដែរ ចំណែកឯក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនត្រូវភ្ជាប់កូដកម្មដោយអហិង្សារបស់កម្មករនិយោជិតនៅពេលនេះទៅនឹងរបៀបវារៈផ្សេងក្រៅពីការផ្តល់ដំណោះស្រាយតាមច្បាប់ការងារនោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជារូបនេះ អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងរដ្ឋាភិបាលកម្ពុជាផ្តល់នូវដំណោះស្រាយដោយយុត្តិធម៌ជូនកម្មករនិយោជិតទាំង ៣៦៥នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ទាំងបង្ខំកាលពីពេលកន្លងទៅ ឱ្យចូលបម្រើការងារវិញ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។

សេចក្តីថ្លែងការណ៍របស់សហភាពសហជីពនេះ ធ្វើឡើងដើម្បីជំរុញឱ្យក្រសួងការងារ និងរដ្ឋាភិបាលកម្ពុជា ផ្តល់ដំណោះស្រាយជូនកម្មករដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគេ ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ នៅពេលនេះ។
អស់រយៈពេល ១៣ថ្ងៃហើយចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មក កម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga world) ជាង ១៣០០នាក់ បានធ្វើកូដកម្មដោយអហិង្សានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៣៦៥នាក់ដែលក្រុមហ៊ុន ណាហ្គាវើលដ៍ បានបញ្ឈប់ពីការងារទាំងបង្ខំតាំងពីខែមេសា ឆ្នាំ២០២១ មក។
តំណាងកម្មករនិយោជិតនៅកន្លែងធ្វើកូដកម្មមុខក្រុមហ៊ុន ណាហ្គាវើលដ៍ បានលើកឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយអំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រួតពិនិត្យមូលហេតុពិតប្រាកដនៃការបញ្ឈប់បុគ្គលិកពីសំណាក់ក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យបានហ្មត់ចត់ ដើម្បីផ្តល់យុត្តិធម៌ជូនបុគ្គលិកកម្មករដែលបានរងការរំលោភបំពានលើសិទ្ធិការងារទាំងជាង ៣០០នាក់នោះ។
ប្រភពដដែលអះអាងថា ការបញ្ឈប់បុគ្គលិកកម្មកររបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ នេះ គឺជាចេតនាអាក្រក់របស់ថៅកែក្រុមហ៊ុនដែលមានផែនការរំលាយក្រុមសហជីព ដែលតែងតែជួយរកយុត្តិធម៌ជូនកម្មកររងគ្រោះដោយការរំលោភបំពានពីសំណាក់ក្រុមហ៊ុនរហូតមក។ ដូច្នេះក្នុងនាមក្រសួងការងារដែលមានតួនាទីជួយការពារសិទ្ធិ និងអត្ថប្រយោជន៍កម្មករ គួរតែចេញមុខអន្តរាគមន៍ដោយស្របទៅតាមច្បាប់ការងារ ចៀសវាងការគេចវេះទុកឱ្យភាគីក្រុមហ៊ុនធ្វើបាបកម្មករស្រេចតែអំពើចិត្ត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចលើកកិច្ចប្រជុំដោះស្រាយវិវាទក្រុមហ៊ុន ណាហ្គាវើលដ៍ ទៅពេលក្រោយ ប៉ុន្តែអស់រយៈពេលមួយសប្តាហ៍ហើយ ក្រសួងនៅតែមិនអាចផ្តល់ដំណោះស្រាយជូនកម្មករបានទៀត ខណៈភាគីខាងក្រុមហ៊ុនបានបដិសេធទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ទាំង ៣៦៥នាក់ឱ្យចូលបម្រើការវិញជាដាច់ខាត ប៉ុន្តែកម្មករនិយោជិតនៅតែរក្សាជំហរធ្វើកូដកម្មរហូតមានដំណោះស្រាយដោយយុត្តិធម៌ស្របតាមច្បាប់ការងាររបស់កម្ពុជា៕