33 C
Phnom Penh

កម្ពុជា​តែងតាំង​លោក កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​តែងតាំង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស (Asean Intergovernmental Commission on Human Rights) ដែល​ហៅ​កាត់​ថា អាយឆា (AICHR) សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ ដើម្បី​គ្រប់គ្រង​ដំណើរការ​ការងារ​សិទ្ធិមនុស្ស​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ ដោយ​ប្រគល់​តួនាទី​ឱ្យ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ធ្វើជា​តំណាង​កម្ពុជា​ប្រចាំ អាយឆា ដោយ​ហេតុ​ថា​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាយឆា ដែល​អាច​នឹង​មាន​បញ្ហា​រសើប​ខាង​ផ្នែក​នយោបាយ​ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា អាយឆា នឹង​មាន​កិច្ចប្រជុំ​ចំនួន ៦​លើក ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ ហើយ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​គម្រោង​ស្នើសុំ​ថវិកា​ប៉ាន់ស្មាន​សម្រាប់​ចាត់ចែង និង​ដឹកនាំ​កិច្ចប្រជុំ​នៅ​ពេល​ខាងមុខ​នេះ​ផង​ដែរ។

ការ​តែងតាំង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​គ្រប់គ្រង​ដំណើរការ​ការងារ​សិទ្ធិមនុស្ស​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ស្រប​ពេល​ដែល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។

គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) ឬ​ហៅ​កាត់​ថា អាយឆា (AICHR) គឺជា​យន្តការ​ថ្នាក់​តំបន់​ដែល​សំដៅ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាជន​គ្រប់​រូប​នៃ​ប្រជាជាតិ​អាស៊ាន​រស់នៅ​ក្នុង​សន្តិភាព កិត្យានុភាព និង​ភាព​សុខដុម។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ មករា នេះ​ថា លោក​សូម​អបអរ​សាទរ​លោក កែវ រ៉េមី ដែល​ទទួល​បាន​ការ​តែងតាំង​តួនាទី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។ ប៉ុន្តែ​លោក ម៉ែន ណាត លើកឡើង​ថា ទោះ​តែងតាំង​អ្នក​ណា​ក៏ដោយ ឱ្យ​តែ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន មិន​អាច​ធានា ឬ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល PMD រូប​នេះ​បញ្ជាក់​ថា ការ​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ មិន​មែន​ជា​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ ឬ​ថ្នាក់​តំបន់​ស្រប​តាម​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ដូច​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​នោះ​ឡើយ។ ករណី​នេះ គឺ​គ្រាន់តែ​ដើម្បី​ជួយ​បិទ​បាំង​ទង្វើ​អាក្រក់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​តែង​រំលោភ​សិទ្ធិមនុស្ស និង​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​លើក​ស្ទួយ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ស្រប​ពេល​ដែល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន និង​ស្រប​តាម​យន្តការ​របស់​អាយឆា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​ជម្រើស​តែ​មួយ​គត់ គឺ​ត្រូវតែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ឡើងវិញ​ឱ្យ​បាន​ដាច់ខាត។

គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា AICHR ត្រូវ​បាន​បង្កើត​ឡើង​ជា​ចំណែក​មួយ​នៃ​រចនាសម្ព័ន្ធ​អាស៊ាន និង​ជា​ស្ថាប័ន​ដែល​ទទួល​ខុសត្រូវ​រួម​សម្រាប់​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន។ ជាង​នេះ​ទៀត ក៏​មាន​លក្ខន្តិកៈ​ជាច្រើន​ដែល​បាន​ចែង​អំពី​ការ​ការពារ​សិទ្ធិមនុស្ស​ផង​ដែរ ដូចជា​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​លិខិតុបករណ៍​អាស៊ាន ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស និង​ការ​លើក​កម្ពស់​អនុវត្ត​កាតព្វកិច្ច​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស