គណបក្សសង្គ្រោះជាតិ ថ្កោលទោសដាច់អហង្ការចំពោះអាជ្ញាធរនៃរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ដែលបានចាប់ និងឃុំខ្លួនថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ២០នាក់ ជាពិសេសការចាប់ខ្លួនប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃអង្គារ កន្លងទៅនេះ។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះថា ការចាប់ចង និងឃុំខ្លួនថ្នាក់ដឹកនាំសហជីពកាលពីពេលថ្មីៗនេះ គឺជាទង្វើរំលោភបំពានលើសិទ្ធិបុគ្គល និងសិទ្ធិសេរីភាពនៃការសម្ដែងមតិយ៉ាងធ្ងន់ធ្ងរដែលបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ប្រភពដដែលទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់ការងារកម្មករខ្មែរដោយឥតលក្ខខណ្ឌ និងអំពាវនាវឱ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចូលរួមតាមដានធ្វើអន្តរាគមន៍ និងបន្តដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញឱ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ការអំពាវនាវនេះ ធ្វើឡើងដើម្បីជំរុញឱ្យអង្គការអន្តរជាតិបន្តដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងភ្នំពេញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចកម្ពុជាបានបង្ក្រាប និងចាប់ខ្លួនកូដករទាំងអយុត្តិធម៌នៅពេលនេះ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ កម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១៣០០នាក់ មានទាំងកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះផងដែលរងការរំលោភបំពានសិទ្ធិការងារពីខាងក្រុមហ៊ុន បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែចាប់ពីថ្ងៃទី៣១ ខែធ្នូ សមត្ថកិច្ចបានចាត់វិធានការបង្ក្រាបដោយហិង្សា ក្នុងនោះបានចាប់ខ្លួនតំណាងកម្មករនិយោជិត កញ្ញា ឈឹម ស៊ីថរ ទាំងកម្រោលផងដែរ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចចោទប្រកាន់កម្មករនិយោជិត ៩នាក់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម រួមមានកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ជាដើម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងចោទថាជាមេខ្លោងនាំឱ្យមានការបះបោរក្រោមការទទួលជំនួយពីក្រៅប្រទេសថែមទៀត។
ជុំវិញការចាប់ខ្លួនកម្មករនិយោជិតនៃក្រុមហ៊ុន ណាហ្គាវើលដ៍ នេះ មានការប្រតិកម្មពីអ្នកវិភាគ អង្គការសង្គមស៊ីវិល និងពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានប្រតិកម្មនៅថ្ងៃពុធ ទី៥ មករា នេះថា ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការជួបជុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិផងដែរ ហើយស្ថានទូតអូស្ត្រាលី សូមលើកទឹកចិត្តឱ្យភាគីទាំងអស់ត្រឡប់ទៅរកការចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័ស ដោយបញ្ចៀសនូវការចាប់ខ្លួនបន្តទៀត។
ចំណែកប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការកម្ពុជា ឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ដោយឥតលក្ខខណ្ឌទៅលើបុគ្គលិកកម្មករ និងមន្ត្រីសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងអស់។ លោកបន្តថា ការធ្វើកូដកម្មរបស់ពួកគេ គឺដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលក្ខខណ្ឌការងារ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុណ្ណោះ មិនមែនជាការប្រព្រឹត្តរំលោភបំពានលើច្បាប់នោះទេ។
ដោយឡែកប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃពុធ នេះដែរថា អាជ្ញាធរកម្ពុជាត្រូវតែដោះលែងកញ្ញា ឈឹម ស៊ីថរ និងសកម្មជនសហជីពផ្សេងទៀតឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
លោក រ៉ុង ឈុន បញ្ជាក់ថា ពន្ធនាគារគ្រាន់តែជាកន្លែងទីងមោងបន្លាចសកម្មជនសិទ្ធិមនុស្សប៉ុណ្ណោះ ប៉ុន្តែបើជនរងគ្រោះទាំងអស់ឈប់ខ្លាច អាជ្ញាធរនឹងឈប់ចាប់ពួកគេជាមិនខាន ដូច្នេះក្នុងនាមជាជនរងគ្រោះ ត្រូវតែតស៊ូដើម្បីសេរីភាព និងប្រជាធិបតេយ្យសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីអនាគតរុងរឿងរបស់កម្ពុជា។
ជុំវិញបញ្ហានេះ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានបម្រើការតាំងពីឆ្នាំ២០១០ មក បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រឿងហេតុពិតប្រាកដ គឺក្រុមហ៊ុនមានចេតនាលុបបំបាត់ក្រុមសហជីពដែលតែងតែជួយការពារសិទ្ធិកម្មករកន្លងមក ហើយការចង់រំលាយក្រុមសហជីពនេះ គឺដោយសារតែក្រុមហ៊ុនមានគម្រោងកេងចំណេញលើកម្មករឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគេអាចចំណេញប្រាក់កាន់តែច្រើន។ ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនមានផែនការបង្កើនម៉ោងការងារលើសពី ៨ម៉ោងក្នុងមួយថ្ងៃសម្រាប់បុគ្គលិកម្នាក់ៗ ប៉ុន្តែក្រុមហ៊ុនមិនបន្ថែមប្រាក់ឱ្យបុគ្គលិកដែលធ្វើការលើសពី ៨ម៉ោងនោះទេ ដូច្នេះហើយទើបមានការតវ៉ាបែបនេះ។
ជាក់ស្តែង រូបលោកផ្ទាល់សុខចិត្តទទួលយកប្រាក់សំណងទាំងអយុត្តិធម៌ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់ ប៉ុន្តែសំណងដែលក្រុមហ៊ុនផ្តល់ឱ្យមិនត្រឹមត្រូវតាមច្បាប់ការងារនោះឡើយ ក្នុងនោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានសងមករូបលោកមានចំនួនត្រឹមតែ ១ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ទឹកប្រាក់ទាំងនោះបើទូទាត់សំណងតាមច្បាប់ការងារ លោកត្រូវទទួលបានទឹកប្រាក់ចំនួនដល់ទៅ ២ម៉ឺនដុល្លារអាមេរិកឯណោះ៕