គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំអង្គការចាត់តាំងក្រុមការងារយុវជនបក្សក្នុងរាជាណាចក្រថៃឡង់ដ៍ទេចាប់ពីឆ្នាំដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមភារកិច្ចពង្រឹងបក្សឯបរទេសលើឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជាសមាជិកអាស៊ាន។
ក្នុងភាគទី១៤ លោក ហាស់ សាន ពិនិត្យមើលកិច្ចចាប់ផ្តើមរៀបរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលគេថាដើម្បីកសាង និងពង្រឹងបក្ស។
រយៈពេលប្រមាណ ១៦ឆ្នាំ គណបក្សប្រជាជនកម្ពុជា ជាអតីតបក្សប្រជាជនបដិវត្តន៍កម្ពុជា បែកឫសចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិនដឹកនាំដោយបក្សពលករយៀកណាម បានរៀបចំបណ្ដាញចាត់តាំងសាខាបក្សតាមសហគមន៍ខ្មែរឯបរទេសពីអាស៊ី ដល់អឺរ៉ុប ដល់អាមេរិកខាងជើង ប្រកបដោយជោគជ័យក្នុងកម្រិតមួយ។ តាមរយៈស្ថានទូតនៃរាជាណាចក្រកម្ពុជាប្រចាំប្រទេសនីមួយៗ មានឯកអគ្គរាជទូតតំណាងឲ្យបក្ស គេយកមុខងារ មុខតំណែងនេះ ដែលមានអភ័យឯកសិទ្ធិការទូត (diplomatic immunity) ធ្វើការងារបម្រើបក្សប្រជាជនកម្ពុជាក្រៅពីកិច្ចការទូត ហើយភាគច្រើនរង់ចាំបក្សដាក់ទិសតែប៉ុណ្ណោះ។

ពីឆ្នាំ២០១៥ ដែលជាឆ្នាំនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមភារកិច្ចលើអ្នកការទូតជាន់ខ្ពស់នៅបរទេស ឯកអគ្គរាជទូតម្នាក់ៗក្លាយជាប្រធានសាខាបក្សប្រចាំប្រទេសនីមួយៗចាប់ពីកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហៅកាត់ថា កូចាម៉ា (KoJaMa) នៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ បារាំង អាល្លឺម៉ង់ អង់គ្លេស ហុឡង់ដ៍ បែលហ្សិក នៅអឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ នៅអូសេអានី ដល់សហរដ្ឋអាមេរិក កាណាដា នៅអាមេរិកខាងជើង។ ភារកិច្ចបន្ថែមរបស់ឯកអគ្គរាជទូត គឺខំប្រឹងប្រែងផ្សារភ្ជាប់ជាមួយសហគមន៍ មានទាំងខ្មែរជាជនភៀសសឹកពីទសវត្ស១៩៧០ មានទាំងខ្មែរជាជនអន្តោប្រវេសន៍ក្រោយទសវត្ស១៩៧០ រួចមកបញ្ចុះបញ្ចូលសមាជិកសហគមន៍ខ្មែរឲ្យចូលធ្វើជាសមាជិកបក្សប្រជាជនកម្ពុជា ដោយសន្យាឲ្យកិត្តិយសលាភសក្ការៈផ្សេងៗ។
មកទល់ពេលនេះ បក្សប្រជាជនកម្ពុជាប្រើស្ថានទូតខ្មែរនៅបរទេសបង្កើតក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា បង្កើតក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស (ឯនាយសមុទ្រ) មានមេកងធំជាមន្ត្រីក្រសួងក្នុងរាជរដ្ឋាភិបាលគ្រប់គ្រង ស្ថិតនៅក្រោមក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានអ្នកដឹកនាំកំពូលជាសមាជិកគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្ស គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពជ្រើសរើសសមាជិកចូលបក្ស គេមិនបានធ្វើគគ្រឹកគគ្រេងក្នុងអាណត្តិឯកអគ្គរាជទូត អ្នកស្រី យូ អយ, អៀត សោភា, ជ្រឹង បុទុមរង្សី, លោក ឡុង វិសាលោ នោះទេ គឺត្រៀមអនុវត្តក្នុងអាណត្តិឯកអគ្គរាជទូត លោក អ៊ុក សោភ័ណ បច្ចុប្បន្ននេះ។
សារព័ត៌មាន The Cambodia Daily បានផ្សាយក្នុងកម្មវិធីរបស់ខ្លួននូវរឿងរ៉ាវបង្កើតសាខាបក្សប្រជាជនកម្ពុជានៅបរទេសចំនួន ១៣ភាគរួចទៅហើយ ដោយផ្តល់ព័ត៌មានអំពីសកម្មភាពរើសសមាជិកនៅអាស៊ី នៅអូសេអានីមួយផ្នែក អឺរ៉ុប អាមេរិកខាងជើង។ ក្នុងភាគទី១៤ នេះ យើងសូមពិនិត្យមើលគម្រោងផែនការនៃបក្សប្រជាជនកម្ពុជា ដែលរៀបចំសម្រាប់រាជាណាចក្រថៃឡង់ដ៍ ដើម្បីចាត់តាំងតំណាងឲ្យរើសសមាជិកចូលបក្ស។

តើសេចក្តីព្រាងផែនការថ្មីដែលតាក់តែងចេញឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នឹងមានសណ្ឋានបែបបទ ប្រតិបត្តិការដូចម្តេចលើពលរដ្ឋខ្មែរប្រមាណជាង ២លាននាក់ធ្វើការងារ សិក្សា បួសរៀននៅក្នុងរាជាណាចក្រថៃឡង់ដ៍?
ក្រោមកិច្ចណែនាំពីបក្សប្រជាជនកម្ពុជា ស្ថាបនិកបានឲ្យឈ្មោះបណ្ដាញសាខាបក្សនៅប្រទេសថៃឡង់ដ៍ ថា «ក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ»។ ក្នុងសេចក្តីសម្រេចពីបក្ស គេសរសេរថា «ការកែសម្រួលក្រុមទទួលបន្ទុកតាមតំបន់នៅប្រទេសថៃ និងលេខាធិការដ្ឋានរបស់ក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ»។
សេចក្តីសម្រេចមាន ៤ប្រការ ធ្វើឡើង៖
- យោងតាមសេចក្តីសម្រេចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្តីអំពីការរៀបចំអង្គការចាត់តាំងបក្សក្រៅប្រទេស ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធរបស់គណៈកម្មាធិការបក្សនៅក្រៅប្រទេស
- យោងតាមសេចក្តីសម្រេចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីអំពី ការបង្កើត និងចាត់តាំងក្រុមការងារកសាងពង្រីកបក្សប្រចាំប្រទេសថៃ
- យោងតាមសេចក្តីសម្រេចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្តីអំពីការតែងតាំងមន្ត្រីបក្ស
- យោងតាមសេចក្តីសម្រេចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្តីអំពី ការបង្កើត និងការចាត់តាំងក្រុមទទួលបន្ទុកតាមតំបន់នៅប្រទេសថៃ និងលេខាធិការដ្ឋានរបស់ក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ
- យោងតាមការចាំបាច់
ក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ ស្ថិតក្រោមការទទួលបន្ទុករួមពីសមាសភាព ៣២រូបផ្តើមពីបុរសឈ្មោះ៖
- អ៊ិត សំហេង ប្រធាន
- សោម សឿន អនុប្រធាន
- ហ៊ុន ម៉ាណែត អនុប្រធាន
- អ៊ូក សោភ័ណ អនុប្រធាន
- ម៉ឹង សុវណ្ណា អនុប្រធាន
- ហេង សួរ អនុប្រធានប្រចាំការ ទទួលបន្ទុកលេខាធិការដ្ឋាន និងក្រុមគាំទ្រ
- ហុង ជឿន អនុប្រធាន ទទួលបន្ទុកតំបន់បាងកក និងនិស្សិត
- គៀត ច័ន្ទថារិទ្ធ អនុប្រធាន ទទួលបន្ទុកក្រុមចល័ត
- សេង សក្តា អនុប្រធាន ទទួលបន្ទុកតំបន់ឈុនបុរី និងចាក់ឈើងសាវ
- ម៉ុង គីមហេង អនុប្រធាន ទទួលបន្ទុកតំបន់សាមុតប្រាកាន ស្រះកែវ និងសុរិន្ទ
- ប្រាក់ ចាន់ធឿន អនុប្រធាន ទទួលបន្ទុកព្រះសង្ឃ និងសាមណសិស្សខ្មែរ
- សាត សមុទ្រ អនុប្រធាន ទទួលបន្ទុកតំបន់ចន្ទបុរី និងឈៀងម៉ៃ
- ហ៊ូ វុឌ្ឍី អនុប្រធាន ទទួលបន្ទុកតំបន់សារៈបុរី និងសុងក្លា
- ស្ត្រី ឆៃ ច័ន្ទរិទ្ធីសូលីដា អនុប្រធាន ទទួលបន្ទុកតំបន់រ៉ាក់យ៉ង
- ងុយ រិទ្ធ អនុប្រធាន ទទួលបន្ទុកក្រុមបណ្ដាញព័ត៌មានសង្គម
- ទៀវ ម៉ាក់តែល អនុប្រធាន ទទួលបន្ទុកក្រុមគាំទ្រ
ចំណែកឯសមាសភាពសមាជិកទាំងអស់វិញ គេមិនដឹងថាជាឈ្មោះមនុស្សពិត ឬមិនពិតនោះទេ ប៉ុន្តែមានឈ្មោះដូចតទៅនេះ៖
- ម៉ម វណ្ណៈ
- ឡេង សែ
- សុវណ្ណ វណ្ណារតន៍
- សោម ចំណាន
- សួស រដ្ឋាវី
- ទុយ ស៊ីផាន់
- អ៊ីន ខេមរា
- កុយ ទេពដារាវុធ
- ទេព ណាវី
- លី សុធា
- ហ៊ីង ស៊ីដេត
- កែន សោភ័ណរិទ្ធ
- សុខ ចាន់ភក្តី
- សួង សង្វាវុទ្ធី
- ស្រ៊ុន ចន្ថុល
- ឈឹម វិបុល
សប្តាហ៍ក្រោយ សូមជូនភាគបន្តអំពីក្រុមទទួលបន្ទុកតាមតំបន់នីមួយៗផ្តើមពីរាជធានីបាងកក៕