33 C
Phnom Penh

មន្ត្រី​សាលាខេត្ត​បាត់ដំបង​ម្នាក់​សុំ​លាឈប់​ដោយ​ចោទ​ថា​មាន​បក្ខពួក​និយម​ខ្លាំង​ពេក​ក្នុង​ស្ថាប័ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលាខេត្ត​បាត់ដំបង ម្នាក់ បាន​សរសេរ​លិខិត​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ដើម្បី​សុំ​លាឈប់​ពី​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ ដោយ​បាន​សំអាង​ថា គាត់​មិន​ពេញចិត្ត​នឹង​ការ​ប្រកាន់​បក្ខពួក​នៅ​ក្នុង​សាលាខេត្ត​ដែល​ខ្លួន​កំពុង​បម្រើ​ការ។

លោក លី ឌីនូរី ដែល​មាន​ឋានន្តរសក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​នៅ​ក្នុង​លិខិត​នោះ​ថា លោក​បាន​ចូល​បំពេញ​ភារកិច្ច​ជា​មន្ត្រី​រាជការ​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ចាប់តាំង​ពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ដោយសារ​តែ​លោក​មិន​ពេញចិត្ត​នឹង​ការ​បង្កើត​បក្ខពួក​គ្នា​ក្នុង​សាលាខេត្ត​បាត់ដំបង។

ទាក់ទង​នឹង​ករណី​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា នេះ​ថា កន្លងមក លោក លី ឌីនូរី ធ្លាប់​ជា​អភិបាលរង​ស្រុក​ថ្មគោល ប៉ុន្តែ​ដោយសារ​តែ​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​របស់​លោក និង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មិន​ចុះ​សម្រុង​ជាមួយ​ក្រុមប្រឹក្សា​ស្រុក​ថ្មគោល ទើប​អភិបាលស្រុក​ថ្មគោល ផ្ទេរ​លោក លី ឌីនូរី ពី​អភិបាលរង​ស្រុក​ថ្មគោល ឱ្យ​មក​បម្រើ​ការងារ​ជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០១៩។

សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា ក្រោយ​ពី​បាន​មក​បម្រើ​ការងារ​ជា​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធាន​មនុស្ស​បាន ៤​ខែ លោក លី ឌីនូរី បាន​ដាក់​ពាក្យ​ស្នើសុំ​ស្ថិតនៅ​ក្រៅ​ក្របខ័ណ្ឌ ដើម្បី​ទៅ​បំពេញ​មុខងារ​ជា​ទីប្រឹក្សា​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា។

ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា នេះ លោក លី ឌីនូរី បាន​សរសេរ​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា មូលហេតុ​ដែល​លោក​មិន​ចូល​ធ្វើការ​នោះ ដោយសារ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គ្មាន​ការងារ​ធ្វើ។ លោក​បន្ថែម​ថា ប្រសិនបើ​មក​ធ្វើការ​អង្គុយ​ត្រឹមតែ​អាន​កាសែត លោក​មិន​មក​ធ្វើការ​ល្អ​ជាង ដោយ​សុខចិត្ត​សុំ​លាឈប់​ទៅ​ធ្វើ​ការងារ​ឯកជន​វិញ ព្រោះ​បក្ខពួក​និយម​ខ្លាំង​ពេក​នាំ​ឱ្យ​អន្តរាយ​ដល់​ស្ថាប័ន​រដ្ឋ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស