32 C
Phnom Penh

ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ស្នើ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​មន្ត្រី​យក​ដី​ពលរដ្ឋ​និង​ដី​រដ្ឋ​នៅ​មណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ពិនិត្យ​មើល​អភិបាល​ស្រុក​អូររាំង និង​មន្ត្រី​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​គំរាមកំហែង​យក​ដី​ជនជាតិ​ដើម​ភាគតិច និង​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដើម្បី​យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ។

ក្នុង​លិខិត​អន្តរាគមន៍​របស់​លោក ប៉ែន អ៊ាន ដែល​ជា​ទីប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថា អភិបាល​ស្រុក​អូររាំង លោក សៀក មុន្នី បាន​ក្លែង​បន្លំ​ឯកសារ និង​ស្នាមមេដៃ​យក​ដី​ពលរដ្ឋ​ទៅ​លក់​ឱ្យ​ឧកញ៉ា ស្រី ចន្ធូ។

លើស​ពី​នេះ អភិបាល​ស្រុក​អូររាំង លោក សៀក មុន្នី បាន​ធ្វើ​ប័ណ្ណ​សិទ្ធិ​គំរាមកំហែង​ដោយ​ទិញ​ដី​ពី​ពលរដ្ឋ​ក្នុង​តម្លៃ​ទាប ដើម្បី​យក​ទៅ​លក់​បន្ត និង​អភិវឌ្ឍ ហើយ​បាន​ប្រើ​អំណាច​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ទៅ​គំរាមកំហែង​ជនជាតិ​ដើម​ភាគតិច​ថែមទៀត ខណៈ​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ជាមួយ​អ្នក​មាន​លុយ និង​មាន​អំណាច​ដែល​កំពុង​កើតឡើង ដោយ​អភិបាល​ស្រុក​រូប​នេះ​មិន​បាន​អើពើ​ដោះស្រាយ។

លិខិត​ដដែល​អះអាង​ថា ការ​ដែល​អភិបាល​ស្រុក​អូររាំង លោក សៀក មុន្នី ប្រើប្រាស់​អំណាច​មិន​ខ្លាច​ច្បាប់​បែប​នេះ ដោយសារ​លោក​មាន​ខ្សែ​បក្សពួក​នៅ​ក្រសួង​មហាផ្ទៃ ជា​អ្នក​ជួយ​ជ្រោមជ្រែង បើ​ទោះបីជា​កន្លងមក​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ណែនាំ​ថា ករណី​នោះ​ធ្វើ​ឱ្យ​ខូច​ប្រជាប្រិយភាព​របស់​បក្ស និង​ប៉ះពាល់​លោក ហ៊ុន សែន ក៏ដោយ។

លោក ប៉ែន អ៊ាន បាន​ស្នើ​ទៅ​លោក ស ខេង ឱ្យ​ស្រាវជ្រាវ​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​តម្លាភាព យុត្តិធម៌​គ្រប់​ភាគី ហើយ​ត្រូវ​ពិន័យ​ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុស ដើម្បី​ការពារ​ថ្នាក់​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល។

ក្រៅពី​ស្នើ​ក្រសួង​មហាផ្ទៃ ពិនិត្យ ទីប្រឹក្សា​លោក ហ៊ុន សែន បាន​ឱ្យ​ក្រសួង​កសិកម្ម​ដែល​កំពុង​ចុះ​ស្រាវជ្រាវ​នៅ​ខេត្ត​មណ្ឌលគិរី ធ្វើការ​ឱ្យ​មាន​តម្លាភាព​ស្រប​ទៅ​តាម​ច្បាប់ និង​គោលការណ៍​របស់​រដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ចាប់តាំង​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន មិន​ទាន់​បង្ហាញ​លទ្ធផល​ជា​សាធារណៈ​ដែល​ខ្លួន​ចុះ​ស្រាវជ្រាវ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី នៅឡើយ។

បើ​តាម​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​លើកឡើង​ថា ជម្លោះ​ដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី ពិបាក​ដោះស្រាយ ដោយសារ​អ្នក​រំលោភ​យក​ជា​សាច់ញាតិ និង​គ្រួសារ​លោក ហ៊ុន សែន ក្នុង​នោះ​មាន​លោកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ជា ជាដើម ខណៈ​ដី​មួយ​ចំនួន​ទៀត​ជា​របស់​កូនៗ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​មន្ត្រី និង​ឧកញ៉ា​ផ្សេងៗ​ទៀត។

កាលពី​ខែ​តុលា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ធ្លាប់​ថ្លែង​ជា​សាធារណៈ​ដោយ​ទទួលស្គាល់​ថា មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី។

លោក ស ខេង បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​ទាំងនោះ ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ លោក​ចាត់ទុក​ការ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះ ដោយសារតែ​ភាព​លោភលន់​របស់​មន្ត្រី​ទាំងនោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស