38.1 C
Phnom Penh

គណបក្ស​ចំនួន​៦ ទាមទារ​ឱ្យ គ.ជ.ប រក្សាទុក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ដូច​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៦ ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. រក្សា​ទុក​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ឱ្យ​នៅ​ដដែល និង​ឱ្យ​ចែក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​វត្តមាន​នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដូច​ការ​បោះឆ្នោត​មុនៗ​បន្ត​ទៀត។

គណបក្ស​ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ចំនួន ៦ បាន​ចេញ​ញត្តិ​រួមគ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប ព្រមទាំង​បញ្ចៀស​នូវ​ជម្លោះ​នយោបាយ​នៅ​ពេល​ក្រោយ គ.ជ.ប. ត្រូវតែ​រក្សា​ទុក​ទម្រង់​នៃ​ការ​រាប់​សន្លឹកឆ្នោត​១១០២ ជាដាច់ខាត។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​បំភ្លឺ និង​ការ​បកស្រាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អំពី​មូលហេតុ​ថា​ការ​លុបចោល​នូវ​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ គឺ​ដើម្បី​កាត់បន្ថយ​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ធ្លាប់​ឆកល្វែង​ដែល​បាន​កើតឡើង​ដោយ​អចេតនា​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ដូច​ឆ្នាំ​មុនៗ​នោះ។

គណបក្ស​ទាំងនោះ​បញ្ជាក់​ថា មូលហេតុ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​សម​ហេតុផល​នោះ​ទេ ដូច្នេះ​ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ.ជ.ប. ត្រូវតែ​បង្កើន​សមត្ថភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​របស់​ខ្លួន​ឱ្យ​មាន​សមត្ថភាព​ពេញលេញ ដើម្បី​បំពេញ​ភារកិច្ច​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ គណបក្ស​ចំនួន​៦ បាន​ចេញ​ញត្តិ​រួមគ្នា ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​បំណង​ពលរដ្ឋ ជាដើម ដើម្បី​ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រក្សា​នូវ​ការ​ប្រើប្រាស់​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​កែប្រែ​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ ក្រោម​ហេតុផល​ថា ក្នុង​ថ្ងៃ​បោះឆ្នោត មន្ត្រី​ការិយាល័យ​បោះឆ្នោត​ធ្វើការ​លើស ១២​ម៉ោង ហួស​កម្លាំង ដូច្នេះ​អាច​នឹង​មាន​កំហុស​ឆ្គង​ក្នុង​ការ​សរសេរ​ចម្លង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​ដៃ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​កែសម្រួល​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​កែប្រែ​នីតិវិធី​ចែក​ជូន​លទ្ធផល​រាប់​សន្លឹកឆ្នោត​ដែល​ត្រូវ​ថត​ចម្លង​ជាច្រើន​ច្បាប់​ចែក​ជូន​ផ្ទាល់​ដៃ មក​ត្រឹមតែ​ជា​ការ​ផ្សាយ​ជា​សាធារណៈ​តាម​ការិយាល័យ​បោះឆ្នោត​ជំនួស​វិញ ហើយ​គណបក្ស​នយោបាយ​ទាំងអស់​អាច​ថត​លទ្ធផល​នៃ​ការ​រាប់​សន្លឹកឆ្នោត​ដែល​បាន​បិទផ្សាយ​នេះ​ដោយ​ខ្លួនឯង​ផង​ដែរ ប៉ុន្តែ​ការ​ប្រើ​នីតិវិធី​បែប​នេះ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​រិះគន់​ថា ជា​នីតិវិធី​ដែល​គ្មាន​តម្លាភាព​សម្រាប់​ពួកគេ។

កាលពី​ចុង​ឆ្នាំ​២០២០ របាយការណ៍​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ជាង ៤០ បាន​ចុះបញ្ជី​ជា​ផ្លូវការ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជាកំហិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស