34.1 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​ឱ្យ​លោក​បន្ត​ធ្វើការ​រៀងរាល់ ៥​ឆ្នាំ​ម្តង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ឌឺដង​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែល​តែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ធ្វើ​ការងារ​បន្ត​ទៀត។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង ខណៈ​មាន​ពលរដ្ឋ​ជាង ៨០% បាន​បោះឆ្នោត​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ធ្វើការ​បន្ត។ លោក​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​ធ្វើការ មិនមែន​បបួល​គ្នា​ទៅ​ទម្លាក់​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន ១​ឆ្នាំ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត និយាយ​ថា គ្មាន​រដ្ឋាភិបាល​ណា​នៅ​ក្នុង​ពិភពលោក​ដែល​មិន​ប្រឈម​នឹង​បញ្ហា​ទេ ហើយ​ថា​កៅអី​របស់​លោក គឺជា​កៅអី​ក្តៅ ជា​កៅអី​សម្រាប់​ដោះស្រាយ​សំណូមពរ និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា កូនៗ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​លោក ហ៊ុន ម៉ានិត ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក បាន​ឡើង​កាន់​តំណែង​តាម​អំណាច​ឪពុក។

លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៨ ក្នុង​ពេល​លោក​ស្ថិត​នៅ​បរទេស បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​នា​ចុង​ខែ​កក្កដា ឆ្នាំ​២០១៨ ប្រសិនបើ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម។ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​សង្កេតការណ៍​ទាំង​ជាតិ និង​អន្តរជាតិ កុំ​ទៅ​ចូលរួម​សង្កេតការណ៍ ដោយ​ថា​ការ​បោះឆ្នោត​នា​ពេល​នោះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស