31 C
Phnom Penh

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ផ្តើម​កម្មវិធី​អបអរ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ឆ្នាំ​២០២២ (AmCam 2022)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​នៅ​ឆ្នាំ​២០២២ ដើម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរ​អង្វែង និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​កម្ពុជា ឬ​ហៅថា AmCam 2022។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ មករា នេះ បាន​សរសេរ​ថា ភ្ញៀវ​ចូលរួម​ពិធី​នឹង​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​ជាច្រើន និង​ទទួលទាន​អាហារ​បែប​ខ្មែរ និង​អាមេរិក។ ពិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​បើក​កម្មវិធី​ដោយ​ចូលរួម​ពី​តារា​ចម្រៀង​ខ្មែរ កញ្ញា កេសរ លោក Peace Chong និង​ក្រុម D-Man ផង​ដែរ។

ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ក្នុង​ឆ្នាំ​២០២២ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន យើង​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរ​អង្វែង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រជាជន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។

កម្មវិធី​ទំនាក់ទំនង​កម្ពុជា-អាមេរិក ឆ្នាំ​២០២២ ឬ​ហៅ AmCam 2022 នេះ ស្ថានទូត​អាមេរិក​បាន​ផ្ដោត​លើ​ប្រធានបទ​ចំនួន​៤ គឺ៖

  • AmCam CARES គឺ​ការ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​លើ​សុខមាលភាព និង​វិបុលភាព​សេដ្ឋកិច្ច​នៃ​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅ​ទូទាំង​តំបន់​អាស៊ាន។
  • AmCam ASPIRES សហរដ្ឋ​អាមេរិក​គាំទ្រ​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ចង់​មាន​អនាគត​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ និង​វិបុលភាព​ច្រើន។
  • AmCam LEADS កិច្ចសហការ​ជា​ដៃគូ និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ងើប​ឡើង​វិញ​ពី​ជំងឺ​មហា​រាតត្បាត​ជា​សាកល និង​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ។
  • ចំណែក AmCam CHAMPIONS គឺ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​មេដឹកនាំ​ជំនាន់​ក្រោយ​នៅ​អាស៊ី​អាគ្នេយ៍។

លោក​ឯកអគ្គរដ្ឋទូត Murphy បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា សហរដ្ឋ​អាមេរិក​មាន​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​នៅ​ក្នុង​តំបន់​នេះ ហើយ​អាមេរិក​នឹង​បង្កើន​ទំនាក់ទំនង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២២ នេះ។

ទំនាក់ទំនង​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន កើតមាន ៤៥​ឆ្នាំ​មក​ហើយ នឹង​នៅតែ​មាន​ភាព​រឹងមាំ។ អាមេរិក​នៅតែ​បន្ត​ភាព​ជា​ដៃគូ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រភព​ដដែល​បញ្ជាក់​ថា អាមេរិក​កំពុង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ លើ​អាទិភាព​រួមគ្នា ដែល​រួម​មាន​ការ​ពន្លឿន​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចេញពី​ជំងឺ​រាតត្បាត​ជា​សាកល ដោះស្រាយ​ពី​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​នៅ​តំបន់​ទន្លេមេគង្គ វិបត្តិ​អាកាសធាតុ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស