ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកគម្រោងអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ ដោយសារអនុក្រឹត្យនេះមានការរឹតត្បិត និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន ព្រមទាំងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣១ មករា បានលើកឡើងថា អនុក្រឹត្យដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលឲ្យដឹងថា អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះ អាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់លើសិទ្ធិឯកជន និងបង្កើតបានជាហានិភ័យគ្រោះថ្នាក់មួយ ប្រសិនបើព័ត៌មានទាំងនោះត្រូវបានគេប្រើខុស។
អ្នកជំនាញអង្គការសហប្រជាជាតិបន្តថា អនុក្រឹត្យនេះបានផ្ដល់អំណាចលើសលប់ដល់ប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងការតាមដានគេហទំព័រដែលមនុស្សទូទៅចូលមើល ក៏ដូចជាបណ្ដុំទិន្នន័យលម្អិតទាក់ទងនឹងរាល់ការចូលមើលគេហទំព័រ។ អនុក្រឹត្យនេះក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរអាចបិទការចូលប្រើអ៊ីនធឺណិត ឬបិទគេហទំព័រ ឬដែនអ៊ីនធឺណិតជាក់លាក់ណាមួយតាមអំពើចិត្ត។
ក្រុមនេះនិយាយថា អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជា អាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ។
អ្នកជំនាញដដែលលើកឡើងថា អនុក្រឹត្យដែលស្ថិតក្នុងទម្រង់បច្ចុប្បន្ននេះ ហួសពីការរឹតត្បិតដែលត្រូវបានអនុញ្ញាតក្នុងការកម្រិតសេរីភាពបញ្ចេញមតិដែលមានចែងក្នុងមាត្រា១៧ និង ១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយដែលកម្ពុជាជាភាគី។ អ្នកជំនាញស្នើឱ្យអាជ្ញាធរកម្ពុជាផ្អាកការអនុវត្ត និងធ្វើការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំក្នុងប្រទេស ដើម្បីធ្វើឱ្យអនុក្រឹត្យនេះស្របទៅនឹងកិច្ចការពារសិទ្ធិមនុស្ស។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង មានប្រសាសន៍កន្លងមកថា គោលបំណងដែលរដ្ឋាភិបាលបានផ្ដល់ក្នុងអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ គឺមានភាពទូលំទូលាយ។ លោកថា អនុក្រឹត្យនេះបានផ្ដល់អំណាចដល់រដ្ឋាភិបាលហួសព្រំដែន ដោយអាចបកស្រាយ និងអាចបិទក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតស្រេចតែចិត្ត។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ បដិសេធធ្វើអធិប្បាយចំពោះករណីនេះ។
មាត្រា៦ នៃអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ បានកំណត់ឱ្យក្រុមហ៊ុន ឬប្រតិបត្តិករត្រូវផ្ដល់អំពីស្ថានភាព គុណភាព និងក្រាហ្វិកនៃការតភ្ជាប់បណ្ដាញជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយត្រូវសហការជាមួយក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់ផ្ដាច់ចោលរាល់ការតភ្ជាប់បណ្ដាញទាំងឡាយណាដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ ជាដើម។
រីឯមាត្រា១៤ នៃច្បាប់ដដែលនេះបានចែងថា ក្រសួងមានសិទ្ធិត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញ រួមទាំងគ្រឿងសម្ភារបរិក្ខារនៃច្រកទ្វារអ៊ីនធឺណិតក្នុងករណីចាំបាច់ និងត្រូវផ្ដល់ព័ត៌មានផ្សេងទៀត។ លើសពីនេះ ប្រតិបត្តិករត្រូវរក្សាទុកកំណត់ត្រាបច្ចេកទេស និងតារាងបែងចែកការផ្ដល់អាសយដ្ឋាន និងកំណត់ផ្លូវនៃក្រាហ្វិកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិរយៈពេល ១២ខែចុងក្រោយ៕