34.8 C
Phnom Penh

សង្គម​ស៊ីវិល​ចង់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​និង​បំណុល​ជា​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ និង​បំណុល​របស់​មន្ត្រី​តាម​ក្រសួង-ស្ថាប័ន​ជា​សាធារណៈ ដោយ​ពុំ​ចាំបាច់​ប្រកាស​នៅតែ​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែ​មួយ​នោះ​ទេ បន្ទាប់ពី​ក្រសួង​មួយ​ចំនួន​បាន​រក​ឃើញ​ថា មាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​ប្រកាស​ទ្រព្យ និង​បំណុល​របស់​ក្រសួង-ស្ថាប័ន​ជាតិ​ជា​សាធារណៈ គឺជា​រឿង​មួយ​ល្អ ដើម្បី​កាត់បន្ថយ​អំពើពុករលួយ ដោយសារ​ផ្ទៀងផ្ទាត់​ស្ថានភាព​នៃ​ការងារ​ទៅ​នឹង​ប្រាក់ចំណូល​របស់​បុគ្គល​ក្នុង​ស្ថាប័ន។

លោក​ថា លោក​ចង់​ឱ្យ​ព័ត៌មាន​នៃ​ការ​មាន​ទ្រព្យ​របស់​មន្ត្រី​ដែល​ត្រូវ​ប្រកាស គឺ​ត្រូវ​បាន​ដឹង​ឮ​ជា​សាធារណៈ ហើយ​ពលរដ្ឋ​គេ​អាច​ប៉ាន់ប្រមាណ​មើល​ថា ឋានៈ​របស់​មន្ត្រី​ទាំងនោះ​ស័ក្តិសម​នឹង​មាន​ទ្រព្យ​ប៉ុណ្ណឹង​ដែរ​ទេ។ បើ​មាន​ទ្រព្យ​ច្រើន ហើយ​មិន​អាច​ពន្យល់​បាន គឺជា​ទ្រព្យ​មួយ​ដែល​កើត​ពី​អំពើពុករលួយ។ លោក​ថា ការ​ប្រកាស​បែប​នេះ គឺ​ប្រសើរ​ជាង​ការ​ប្រកាស​ដាក់​ក្នុង​ស្រោមសំបុត្រ ហើយ​ពេល​មាន​បញ្ហា​ទើប​ស៊ើប​អង្កេត​ជា​ក្រោយ​នោះ គឺ​មិន​បាន​ធ្វើ​ឱ្យ​មហាជន​ពេញចិត្ត​ឡើយ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (អ.ប.ព.) បាន​ចេញ​សេចក្ដី​ជូនដំណឹង​អះអាង​ថា អង្គភាព​នេះ​បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន​ជាង ១​ម៉ឺន ៤​ពាន់​ច្បាប់ (១៤៤៣៥​ច្បាប់)។ ក្រសួង-ស្ថាប័ន និង​រាជធានី-ខេត្ត​ដែល​បាន​បញ្ចប់​ការ​ប្រកាស​របស់​ខ្លួន ១០០% មាន ៣១​ស្ថាប័ន ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ជាដើម។

អង្គភាព​ដដែល​បន្ត​ថា ចំពោះ​រាជធានី-ខេត្ត​ដែល​បាន​បញ្ចប់​ការ​ប្រកាស​របស់​ខ្លួន​ទាំងស្រុង​ដែរ​នោះ​មាន​ចំនួន ២៥ ដូចជា​ខេត្ត​មណ្ឌលគិរី ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បាត់ដំបង ជាដើម។

នៅ​ថ្ងៃ​ទី​២ កុម្ភៈ នេះ​ផង​ដែរ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា ក្រុម​ស៊ើប​អង្កេត​ផ្ទៃក្នុង​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រក​ឃើញ​ថា​មន្ត្រី​របស់​ខ្លួន​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​បញ្ញត្តិ​ក្នុង​មាត្រា​៥៩២ ឬ​បទ​វីតិក្រម​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ។ បច្ចុប្បន្ន អង្គភាព​នេះ​បាន​បញ្ជូន​មន្ត្រី​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​វិធានការ​ច្បាប់​បន្ត។

ករណី​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​លើក​ទឹកចិត្ត​ដល់​សាធារណជន​ចូលរួម​ផ្ដល់​ព័ត៌មាន​មក​អង្គភាព​នេះ​ជាបន្ទាន់ ក្នុង​ករណី​ដែល​មាន​ជន​ខិលខូច​ណា​ម្នាក់​អះអាង​ថា ខ្លួន​អាច​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ល្មើស​ច្បាប់​ណា​មួយ។

ទាក់ទិន​បញ្ហា​ពុករលួយ​នេះ​ដែរ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ បាន​ចេញ​លិខិត​អញ្ជើញ ឬ​កោះហៅ​លោក ឯក ច័ន្ទពន្លឹក សកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ការពារ​ជាតិ ដើម្បី​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​សកម្មភាព​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន តាម​ពាក្យ​បណ្ដឹង​ដែល​អង្គភាព​មួយ​នេះ​ទទួល​បាន​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២។

យោង​តាម​លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ចេញ​ផ្សាយ​នូវ​លទ្ធផល​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២១ នា​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ លើកឡើង​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម ១៨០​ប្រទេស និង​ដែនដី​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា។

កម្ពុជា​ទទួល​បាន​ពិន្ទុ ២៣​លើ​ពិន្ទុ​អតិបរមា ១០០ គឺ​ឡើង​ពី​ពិន្ទុ ២១ ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០២០។ កម្ពុជា​នៅ​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន ព្រោះ​មាន​អំពើពុករលួយ​ចាក់ឫស​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស