35 C
Phnom Penh

នាយក​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​ចំអក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាក់ទង​នឹង​ការ​រិះគន់​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចំអក​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ថា នៅ​ពេលនេះ​ដល់​ពេល​ដែល​ក្រុម​ប្រឆាំង​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ហើយ បន្ទាប់ពី​ពួកគេ​នាំគ្នា​រង់ចាំ​ការ​អន្តរាគមន៍​ពី​អន្តរជាតិ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​កន្លងមក​នេះ។

នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ក្រោយ​ពី​ការ​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មិន​ឃើញ​អន្តរជាតិ​ណា​មួយ​ចេញ​មក​អន្តរាគមន៍ ជាពិសេស​ក្រុម​ភ្នែក​៥ ឬ 5 Eyes បាន​ធ្វើ​ឱ្យ​ក្តី​សង្ឃឹម​របស់​ក្រុម​ប្រឆាំង​រលាយ​ហើយ។

ប្រភព​ដដែល​អះអាង​ថា ការ​វាយប្រហារ​គ្នា​នេះ​ផ្ទុះឡើង​នៅ​ពេល​ដែល​សកម្មជន​អតីត​គណបក្ស សម រង្ស៊ី អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​របស់​ពួកគេ​នាំគ្នា​ទៅ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន វិញ ហើយ​សកម្មជន​របស់​អតីត​គណបក្ស សម រង្ស៊ី ខ្លះ​មិន​ចេញ​ទៅ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន តាម​ការ​អំពាវនាវ​នោះ​ទេ ព្រោះ​ពួកគេ​បាត់​ជំនឿ​ចិត្ត​លើ​លោក សម រង្ស៊ី ទៅ​ហើយ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​បាន​រិះគន់​ការ​ដឹកនាំ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី យ៉ាង​ចាស់ដៃ​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​រូប​នេះ​គ្មាន​គោលជំហរ​នយោបាយ​ច្បាស់លាស់​សម្រាប់​អនុវត្ត។

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ កញ្ញា សេង ធារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា នៅ​ពេល​ដែល​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី គ្មាន​គោលជំហរ​នយោបាយ​ច្បាស់លាស់ ម្តង​ឃោសនា​ឱ្យ​ពលរដ្ឋ​ទៅ​គាំទ្រ​ស្មារតី​សង្គ្រោះ​ជាតិ ម្តង​ឃោសនា​ឱ្យ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន បែប​នេះ គឺ​ពិតជា​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

កញ្ញា សេង ធារី អះអាង​ថា ការ​ដឹកនាំ​សកម្មភាព​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​សម្ងំ​នៅ​ពី​ក្រោយ​គណបក្ស​ភ្លើង​ទៀន នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក សម រង្ស៊ី កំពុង​ទទួលស្គាល់​ភាព​មិន​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន ដែល​គាត់​តែងតែ​ចោទប្រកាន់​ថា ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​កន្លងមក។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​រិះគន់​គ្នា​ទៅវិញ​ទៅមក​នេះ​មិនមែន​ជា​បញ្ហា​នោះ​ទេ​សម្រាប់​អ្នក​នយោបាយ និង​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រោះ​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​បញ្ចេញមតិ និង​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។

ប្រភព​ដដែល​បន្ត​ថា អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ខ្លាច​បំផុត​នោះ គឺ​ការ​រិះគន់​របស់​ពលរដ្ឋ។ ជាក់ស្តែង​នៅ​ពេល​មាន​ការ​រិះគន់​ម្តងៗ លោក ហ៊ុន សែន តែងតែ​បញ្ជា​ឱ្យ​អាជ្ញាធរ​របស់​ខ្លួន​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាំងនោះ​ជានិច្ច​ក្រោម​លេស​ថា ការពារ​សន្តិភាព។

កាលពី​ចុង​ឆ្នាំ​២០២០ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា ការ​ចាប់​ខ្លួន​អ្នក​រិះគន់​កន្លងមក គឺ​ធ្វើ​តាម​តែ​បញ្ជា​របស់​លោក​ប៉ុណ្ណោះ ហើយ​លោក​នឹង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​បន្ត​ទៀត ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​រិះគន់​ការ​ដឹកនាំ​របស់​លោក។

ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក សុខ សុក្រឹត្យា កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២១ បាន​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin ឱ្យ​ចាត់​វិធានការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​បាន​រិះគន់​មេដឹកនាំ​របស់​កម្ពុជា​ផង​ដែរ។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ និង​នយោបាយ​ចំពោះ​សេរីភាព​នៃ​គំនិត និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ បាន​ចែង​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​របស់​សង្គម​ប្រជាធិបតេយ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស