ពីប្រទេសកម្ពុជា ទៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី នូវែលហ្សេឡង់ ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតាំងខ្មែរអ្នកគាំទ្រនៅឯបរទេសឲ្យធ្វើការបម្រើបក្ស។ តើពលរដ្ឋខ្មែរតាមសហគមន៍យល់យ៉ាងណាដែរ?
ក្នុងភាគទី១៦ លោក ហាស់ សាន សូមពិនិត្យមើលកិច្ចប្រឹងប្រែងរបស់គេ ថាតើដើម្បីអ្វី?
យើងបានផ្សាយជូនជ្រាបរាប់ខែមកហើយអំពីកិច្ចប្រឹងប្រែងនៃក្រុមយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលមានតំណែងមុខនាទីដឹកនាំកិច្ចការកងកម្លាំងប្រដាប់អាវុធជាច្រើនផ្នែក៖
- ជានាយការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិ
- ជាមេបញ្ជាការរងកងអង្គរក្ស
- ជានាយអគ្គសេនាធិការរងកងយោធពលខេមរភូមិន្ទ
- ជាមេបញ្ជាការរងកងទ័ពជើងគោក
- ជាសមាជិកគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្ស។
គេប្រសិទ្ធិនាមបណ្ដាញសាខាបក្សឯនាយសមុទ្រថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស សហការជាមួយគណៈកម្មាធិការបក្សដែលមានប្រធានជាឯកអគ្គរាជទូតប្រចាំប្រទេសនីមួយៗ ឬមាននាយកងគ្រប់គ្រងទទួលខុសត្រូវជានាហ្មឺនមន្ត្រីរាជការខាងរដ្ឋបាលស៊ីវិល និងខាងកងយោធពលខេមរភូមិន្ទ។ បន្ទាប់មក គេរើសសមាជិកឲ្យទទួលបន្ទុកតាមតំបន់ តាមរដ្ឋ តាមខេត្តនៃប្រទេសនីមួយៗ រួចតែងតាំងមុខតំណែងជាប្រធាន អនុប្រធាន សាខា គណៈកម្មាធិការ ក្រុមអង្គការរៀបចំចាត់តាំងយុវជនបក្ស និងក្រុមការងារយុវជនបក្ស។
យើងមិនទាន់រកឃើញថា តើបណ្ដាញសាខាបក្សប្រជាជនកម្ពុជាក្រៅប្រទេស និងក្រុមមន្ត្រីនាយទាហាន នាយប៉ូលិសតាមក្រសួងមន្ទីរនានាក្នុងរាជរដ្ឋាភិបាលខ្មែរ ធ្វើការងារចាយថវិកាពីប្រភពណាមួយច្បាស់លាស់នៅឡើយទេ។ យើងគ្រាន់តែដឹងថា ទាំងសងខាងសុទ្ធតែមានប្រយោជន៍នឹងគ្នាទៅវិញទៅមកតាមវិធី ឬមធ្យោបាយណាមួយ។

យើងបានសន្យាកាលពីសប្តាហ៍មុនថា នឹងផ្សាយជូនជ្រាបបន្តអំពីការរៀបចំចាត់តាំងគ្រប់គ្រងបណ្ដាញសាខាក្នុងប្រទេសថៃឡង់ដ៍ ចាប់ពីតំបន់រ៉ាក់យ៉ង ទៅ។ យើងសូមស្លេះសេចក្តីរាយការណ៍ហ្នឹងមួយអន្លើសិន ដោយងាកទៅពិនិត្យឈ្វេងយល់នូវមូលហេតុដែលរដ្ឋអំណាចបក្សប្រជាជនកម្ពុជា ប្រឹងរើសប្រឹងតែងតាំងខ្មែរឯបរទេសឲ្យធ្វើការជាមួយអ្នកក្នុងស្រុក ក្រោមការណែនាំពីមន្ត្រីរាជរដ្ឋាភិបាលកាន់ការងារបច្ចុប្បន្ន។ គេរៀនយកតាមទ្រឹស្ដីមតិភាគច្រើនឈ្នះរៀងរាល់ពេលណាត្រូវធ្វើសេចក្តីសម្រេចចិត្តលើបញ្ហាអ្វីមួយ។ ការព្យាយាមបង្កើតក្រុមការងារយុវជនបក្សក្រៅប្រទេស ផ្តើមឡើងនៅចន្លោះឆ្នាំ២០១៤-២០១៦៖
- ម៉ឹង ពន្លក ប្រធានក្រុមការងារយុវជន ១៥៧ នៅក្នុងស្រុក ទទួលបន្ទុកជាប្រធានក្រុមរៀបចំអង្គការចាត់តាំងសម្រាប់សហរដ្ឋអាមេរិក;
- សុខ សុគន្ធា ប្រធាន ទទួលបន្ទុករដ្ឋ Colorado;
- នន់ សុខហេងលី ប្រធាន ទទួលបន្ទុករដ្ឋ New Jersey;
- កែវ វ៉ាន្នី ប្រធាន ទទួលបន្ទុករដ្ឋ California ឆ្នេរខាងលិច ដែលជាប្រធានសាខាគយនៅខេត្តតាកែវ មានរឿងទាក់ទងបញ្ហាពុករលួយ ប៉ុន្តែមានខ្នងក្រាស់ឃ្មឹកនៅនាយកដ្ឋានគយ និងរដ្ឋាករ ហើយនិងក្រសួងហិរញ្ញវត្ថុ;
- សាន គិមហុង អនុប្រធាន ទទួលបន្ទុកស្រុក Orange County រដ្ឋ California;
- នូវ ផល្លី ប្រធាន អនុសាខាបក្សប្រចាំក្រុង Long Beach;
- ឧត្តមសេនីយ៍ត្រីនគរបាលជាតិ ស សេរីវិចិត្រ ប្រធាន ទទួលបន្ទុកផ្នែកខាងលិចសហរដ្ឋអាមេរិក ដែលធ្លាប់រៃអង្គាសលុយជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង ១៣ម៉ឺន ៤ពាន់ដុល្លារ;
- ពិចិត្រ សិរិរិទ្ធ ប្រធាន ទទួលបន្ទុកផ្នែកខាងលិចសហរដ្ឋអាមេរិក;
- គិន សុជាតិ ប្រធានក្រុមការងារយុវជនប្រចាំក្រុង Hillsboro;
- ណុប ដារ៉ា អនុប្រធាន ទទួលបន្ទុករដ្ឋ Washington;
- ឧកញ៉ា ស្រី ចាន់ថន អនុប្រធាន ទទួលបន្ទុករដ្ឋ Oregon;
- ហ៊ួត ប៊ុនណារី ប្រធាន ទទួលបន្ទុកខេត្តអ៊ីលដឺហ្រ្វង់ ប្រទេសបារាំង;
- គង់ សុភី ប្រធាន ទទួលបន្ទុកខេត្ត Bordeaux និង Strasbourg ប្រទេសបារាំង;
- មាស គឹមសេង ប្រធាន ទទួលបន្ទុកសាខាបក្សប្រចាំសាធារណរដ្ឋតួកគី;
- កាន់ ផារិទ្ធ ប្រធាន ទទួលបន្ទុកចក្រភពអង់គ្លេស;
- ហួត ហាក់ ប្រធាន ទទួលបន្ទុកទូទាំងទ្វីបអឺរ៉ុប;
- ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមរដ្ឋបាល និងហិរញ្ញវត្ថុផ្នែកក្រៅប្រទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស ជាកូនលោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា;
- ស៊ុយ ជីហ៊ាង ប្រធានក្រុមសម្របសម្រួល និងពិធីការនៃគណៈកម្មាធិការមជ្ឈិមបក្ស;
- គឹម សន្តិភាព ប្រធាន ទទួលបន្ទុកនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ជាកូនប្រសាលោក ជាម យៀប;
- ឧត្ដមនាវីត្រី ហ៊ូ ហាប់ ប្រធាន ទទួលបន្ទុកតំបន់៣ ក្រុងស៊ីដនី;
- ស៊ូនី វង្សវិសិដ្ឋ ប្រធាន ទទួលបន្ទុកតំបន់៤ ក្រុងប្រ៊ីស្បេន;
- សុខ វាសនា និង ថាន់ ពៅ (មិនបង្ហាញតំណែង) ទទួលបន្ទុកតំបន់៧ ក្រុងដ៏វិន;
- អ៊ិន មាត្រា ទទួលបន្ទុកតំបន់៦ ក្រុងអាដដឺឡែត;
- ឧត្តមសេនីយ៍ត្រី ឡាវ វ៉ាន់ មេបញ្ជាការរងកងអង្គរក្ស ជាប្រធាន ទទួលបន្ទុកតំបន់២ ក្រុងម៉ែលប៊ន;
- ខាន់ វណ្ណៈ ប្រធាន ទទួលបន្ទុកតំបន់៨ ក្រុងភើត្ស;
- ចាន់ រតនា ប្រធាន ទទួលបន្ទុកតំបន់២ និងនូវែលហ្សេឡង់ បច្ចុប្បន្នជាឯកអគ្គរាជទូត;
- វង្ស ប៊ុនឥន្រ្ទាវុធ ប្រធាន ទទួលបន្ទុកតំបន់៩ ក្រុង Wellington, Christchurch និង Palmerston ប្រទេសនូវែលហ្សេឡង់;
- អ៊ូ សាន់វិរៈ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋវិកទ័រីយ៉ា និង ម៉ៅ សុណារិទ្ធ ប្រធានក្រុមប្រឹក្សានៃសមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋវិកទ័រីយ៉ា;
- គង់ សុជាតិ តំណាងសមាគមទ្រទ្រង់វប្បធម៌ខ្មែររដ្ឋធានីវ៉ែល្លិងតុន។
ឈ្មោះមន្ត្រីរាយហូរហែកន្លងមកនេះ បានចេញញត្តិគាំទ្រព្រោងព្រាតមិនឲ្យកន្លងហួសមួយសប្តាហ៍ផង សម្ដែងការគាំទ្របេក្ខភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីលើកក្រោយបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសរបស់លោកតែមួយថ្ងៃពីរថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ សមាសភាពប្រធាន អនុប្រធាន តំណាង ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា បានធ្វើញត្តិគាំទ្របេក្ខភាព ហ៊ុន ម៉ាណែត ក្នុងនាមសមាជិករបស់ខ្លួននៅក្រៅប្រទេស ដោយសម្អាងលើលិខិតពីអ្នកគាំទ្រទាំងអស់នៅក្រៅស្រុក ពីអាមេរិកខាងជើង អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី។ គេយកឈ្មោះពលរដ្ឋខ្មែរក្រៅស្រុកទៅប្រើយកប័ណ្ណសរសើរអំពីគុណសម្បត្តិក្នុងការងាររបស់គេ ដើម្បីឡើងបុណ្យស័ក្តិ។

រឿងនេះចោទជាបញ្ហាថា ពលរដ្ឋខ្មែរ-អាមេរិកាំង ខ្មែរ-កាណាដា ខ្មែរ-បារាំង ស្វីស បែលហ្សិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី នូវែលហ្សេឡង់។ល។ ដឹងឬទេថាគេកំពុងធ្វើសមាជិក ធ្វើកិច្ចការបម្រើក្នុងក្រុមចាត់តាំង និងក្រុមការងារយុវជនបក្សដែលដឹកនាំ បញ្ជា កំណត់ទិសដៅដោយនាយទាហាន នាយប៉ូលិស នាហ្មឺន មន្ត្រីរាជការបរទេសនៃបក្សនយោបាយផ្ដាច់ការផ្ដាច់មុខ អតីតបក្សកុម្មុយនីស្តនៅប្រទេសកម្ពុជា? តើគេគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនចំពោះមុខ ឥតគិតអំពីច្បាប់ទម្លាប់ប្រទេសដែលខ្លួនចូលសញ្ជាតិនោះឬដូចម្តេច? តើគេមានផលប្រយោជន៍អ្វីនឹងគ្នាខ្លះ? តើមានការបញ្ជូនបញ្ចេញបញ្ចូលធនធានពីប្រទេសកម្ពុជា តាមច្រកណាជារបៀបរកស៊ីចូលហ៊ុនគ្នា ដាក់ទុនខាងអចលនទ្រព្យ ទិញមុខរបរ ហាងទំនិញដោយបុគ្គលណាឈរឈ្មោះគេចវាងច្បាប់ឬទេ?
មកទល់ពេលនេះ យើងមិនទាន់បានឃើញសហគមន៍ខ្មែរនៅអាមេរិកខាងជើង នៅអឺរ៉ុប នៅអូស្ត្រាលី នូវែលហ្សេឡង់ សិក្សាស្រាវជ្រាវរកឲ្យឃើញច្បាស់ថា តើសកម្មភាពទន្រ្ទានរាតត្បាតចូលសហគមន៍របស់ខ្លួនបែបនោះ ជាអំពើ ជាទង្វើត្រូវច្បាប់ ឬខុសច្បាប់នោះទេ។
វីរជនល្បីល្បាញក្នុងប្រវត្តិសាស្ត្របារាំងម្នាក់ជាមេទ័ពសង្គ្រាមបដិវត្តន៍ ជារដ្ឋបុរស គឺអធិរាជ ណាប៉ូឡេអុង បូណាប៉ាត្ត (Napoleon Bonaparte) (គ.ស. ១៧៦៩-១៨២១) រំឭកថា៖ “ពិភពលោកនេះរងគ្រោះសម្បើមណាស់រៀងរាល់ថ្ងៃ។ នេះមិនមែនព្រោះតែអំពើហិង្សាប្រព្រឹត្តដោយមនុស្សអន្យតិរ្ថិយនោះទេ ប៉ុន្តែមកពីការសម្ងំស្ងៀមនៃមនុស្សល្អៗឯណោះទៅវិញទេ។”
តក្កវិទូ ទស្សនវិទូ សកម្មជននយោបាយស្នេហាសិទ្ធិសេរីភាពសមភាពរវាងបុរស និងស្ត្រី អ្នកស្រី Simone Lucie Ernestine Marie Bertrand de Beauvoir ឬហៅខ្លីថា Simone de Beauvoir (គ.ស. ១៩០៨-១៩៨៦) រំឭកថា៖ “ជនអន្យតិរ្ថិយគាបសង្កត់គេមិនខ្លាំងក្លាប៉ុន្មានទេ ប្រសិនបើជននោះគ្មានអ្នកចូលដៃច្រើនគ្នាជួយប្រព្រឹត្តឧក្រិដ្ឋកម្មពីបណ្តាជនានុជនត្រូវគេគាបសង្កត់ទេនោះ។”
អ្នកខ្លះនិយាយថា មិនដឹង ដល់ផ្សាយឲ្យដឹងហើយ និយាយថាមិនដឹងធ្វើយ៉ាងម៉េច។ ត្រង់ចំណុចនេះ ភាសិតអាមេរិកាំងមួយនិយាយអំពីគំនិតមនុស្ស ហៅ អច្ឆរិយនៃគំនិត ពោលថា៖ “ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយ អ្នកពិតជារកឃើញមធ្យោបាយណាមួយហើយ។ ប្រសិនបើអ្នកមិនចង់ធ្វើអ្វីវិញនោះ អ្នកពិតជានឹងរកលេសអ្វីមួយមិនខានឡើយ។”
មនុស្សម្នាផងទាំងឡាយចេះតែចោទសួរគ្នាថា តើអាចជួយប្រជាជាតិខ្មែរដូចម្តេចបាន បើក្នុងនាមជាជាតិមួយ លើកលែងតែមនុស្សមួយក្រុមតូចមានបញ្ហាក្នុងសង្គមជាតិរាប់មិនអស់ដូច្នេះ?
មកទល់ពេលនេះ ដូចជាមិនទាន់មានចម្លើយត្រឹមត្រូវអាចយកជាការបានទេ ព្រោះថាជាតិខ្មែរយើងនិយាយភាសាតែមួយមិនទាន់ត្រូវគ្នា មិនទាន់ស្តាប់គ្នាបានផង ហើយអ្នកចេះដឹងហៅថាបញ្ញវន្តនោះ សម្បូរហូរហៀរមិនខ្វះ ធ្វើអ្វីក៏បានបច្ចុប្បន្ននេះ។ អ្នកខ្លះនិយាយបែបអស់សង្ឃឹមថា មានតែប្រគល់ឲ្យគេឲ្យអស់ទៅ វាចប់រឿង វាអស់បញ្ហាដូចទៅកាន់ឋាននិព្វានហើយ។ បើពុទ្ធបរិស័ទខ្មែរដើរតាមព្រះពុទ្ធឱវាទមិនត្រង់ផ្លូវទេ គិតតែពីនាំគ្នាឧបកិច្ចហេតុផលនោះ ស្វែងរកសម្មាមគ្គមិនឃើញទេ ទាំងសម្មាទស្សនៈ ទាំងសម្មាសង្កប្បៈ ទាំងសម្មាសតិ ទាំងសម្មាបដិបត្តិ។
ឧត្តមសេនីយ៍ជនជាតិក្រិកឈ្មោះ ធូស៊ីឌីឌីស (Thucydides កើតជាង ៤០០ឆ្នាំមុនគ.ស.) ក្រោយព្រះសិទ្ធត្ថ ព្រះពុទ្ធ សក្យមុនីគោតម ប្រមាណជាង ១០០ឆ្នាំ រំឭកជាតិសាសន៍ក្រិក ស្រដៀងព្រះពុទ្ធោវាទដែរថា៖ “ការស្រឡាញ់អំណាច ប្រតិបត្តិតាមគន្លងលោភៈ និងតាមគន្លងមហិច្ឆតាផ្ទាល់ខ្លួន (អត្តទត្ថភាព) គឺជាមូលហេតុនៃអមនុស្សធម៌ អសីលធម៌ទាំងអស់យើងឃើញរាល់ថ្ងៃនោះឯង។”
ភាគបន្តសូមជូនសប្តាហ៍ក្រោយ៕