31.8 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ UN បន្ត​ទាមទារ​ឱ្យ​របប​សឹក​ភូមា​ដោះលែង​អ្នកស្រី ស៊ូជី និង​អ្នក​ទោស​មនសិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) បាន​ទាមទារ​ឱ្យ​របប​សឹក​ភូមា ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី មីន វីនមីយ៉ីន រួម​ទាំង​អ្នកទោស​មនសិការ​ទាំងអស់។

កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ជា​ព្រឹត្តិការណ៍​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​ដែល​ពួក​យោធា​ភូមា ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក ១៥​ប្រទេស បាន​អនុម័ត​នូវ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ប្រាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​បញ្ចប់​អំពើ​ហិង្សា និង​បើក​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ប្រឆាំង​ពួក​យោធា​ភូមា ដែល​នៅតែ​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី វីនមីយ៉ីន។

ក្រុមប្រឹក្សា​សន្តិសុខ​បាន​ប្រាប់​ទៅ​របប​សឹក​ភូមា ឱ្យ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី វីនមីយ៉ីន រួម​ទាំង​អ្នកទោស​ប្រឆាំង​នឹង​របប​សឹក​ទាំងអស់។ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ដាស់តឿន​ឲ្យ​របប​សឹក​ភូមា អនុវត្ត​ឲ្យ​បាន​នូវ​គោលការណ៍​ឯកច្ឆន្ទ ៥​ចំណុច​របស់​សមាគម​អាស៊ាន ដែល​ក្នុង​នោះ​ត្រូវ​បញ្ចប់​អំពើ​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ជាមួយ​គ្នា​នេះ​ទៀត ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ស្វាគមន៍​ផង​ដែរ​ប្រេសិត​ថ្មី​របស់​អាស៊ាន គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ប្រាក់ សុខុន ដែល​បាន​សម្ដែង​ឆន្ទៈ​ចង់​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ជា​ស្ថាប័ន​ពិភពលោក​ដ៏​មាន​ឥទ្ធិពល ក៏​បាន​លើកឡើង​ផង​ដែរ​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ខាយ ប្រទេស​ភូមា ដោយ​បាន​ទាមទារ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​ជនជាតិ​ភាគតិច​មួយ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ទី​បញ្ចប់ បាន​សម្ដែង​ការ​កោតសរសើរ និង​គាំទ្រ​ចំពោះ​ប្រជាជន​ភូមា ដែល​នៅតែ​ប្ដេជ្ញា​ដើម្បី​ទាមទារ​របប​ប្រជាធិបតេយ្យ​ពី​របប​សឹក​មកវិញ។

ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Linda Thomas-Greenfield ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពិសេស​របស់​ខ្លួន​អំពី​ប្រទេស​ភូមា។ សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ពេលនេះ​មាន​ការ​រួម​កម្លាំង​គ្នា​តែ​មួយ​ចំពោះ​បញ្ហា​ប្រទេស​ភូមា។

ប៉ុន្តែ​អ្នកស្រី​ទទូច​ថា ក្រុមប្រឹក្សា​សន្តិសុខ​នៅ​មាន​ការងារ​ច្រើន​ទៀត ភារកិច្ច​ច្រើន​ទៀត និង​បេសកកម្ម​ច្រើន​ថែមទៀត ដើម្បី​ជួយ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា និង​ស្ដារ​របប​ប្រជាធិបតេយ្យ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស