29 C
Phnom Penh

ក្រោម​សម្ពាធ​ពី​អូស្ត្រាលី របប​សឹក​ភូមា​ពិចារណា​ដោះលែង​ពលរដ្ឋ​អូស្ត្រាលី​ម្នាក់​ជា​ទីប្រឹក្សា​អ្នកស្រី ស៊ូជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​លើ​គេហទំព័រ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី គឺ​មាន​សេចក្ដី​ថ្លែងការណ៍​មួយ​និយាយ​អំពី​ការ​ឃុំ​ខ្លួន និង​ការ​កាត់ទោស​ដោយ​អយុត្តិធម៌​ពី​សំណាក់​របប​សឹក​ភូមា ទៅលើ​លោក​សាស្ត្រាចារ្យ Sean Turnell ជា​ជនជាតិ​អូស្ត្រាលី និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ហើយ​ដែល​អ្នកស្រី Marise Payne បាន​ប្រាប់​ទៅ​របប​សឹក​ភូមា​ថា​ត្រូវតែ​ដោះលែង លោក Sean Turnell ជាបន្ទាន់ ព្រោះ​រដ្ឋាភិបាល​កាំបេរ៉ា ចាត់ទុក​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​ពួក​យោធា​ធ្វើ​ទៅលើ​ពលរដ្ឋ​អូស្ត្រាលី ហើយ​ធ្វើ​ឱ្យ​ឈឺចាប់​ដល់​រដ្ឋាភិបាល​ទៀត​ផង។

ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ បាន​បញ្ជាក់​ថា លោក​សាស្ត្រាចារ្យ Sean Turnell ត្រូវ​បាន​ឃុំ​ខ្លួន​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ការ​កាត់ទោស​ទៅលើ​បុរស​រូប​នេះ គឺ​សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី សូម​ទាត់ចោល​ទាំងស្រុង ហើយ​ផ្ទុយទៅវិញ​ត្រូវតែ​ដោះលែង​គាត់​ជាបន្ទាន់ គឺ​ឲ្យ​គាត់​មក​ប្រទេស​អូស្ត្រាលី វិញ ដើម្បី​ជួបជុំ​គ្រួសារ​របស់​គាត់។

លិខិត​របស់​អ្នកស្រី Marise Payne បាន​សរសេរ​ថា ស្ថានទូត​អូស្ត្រាលី នៅ​ទីក្រុង​ណៃភិដោ បាន​ប្រាប់​ឱ្យ​ពួក​យោធា​ដោះលែង​លោក​សាស្ត្រាចារ្យ Sean Turnell ជាច្រើន​ខែ​មក​ហើយ​ដែល​អ្នកស្រី​ថា អូស្ត្រាលី​មិន​ចង់​មាន​វិធានការ​ក្ដៅ​អ្វី​លើ​ពួក​យោធា​ទេ។

តែ​ប្រយោគ​មួយ​ដែល​ទំនង​ធ្វើ​ឱ្យ​ពួក​យោធា​ពិចារណា​សម្រេច​ដោះលែង​សាស្ត្រាចារ្យ Sean Turnell គឺ​អ្នកស្រី​បង្ហើប​ថា អូស្ត្រាលី​មាន​សម្ពន្ធភាព​ខ្លាំងៗ​ជាច្រើន​ដែល​គាំទ្រ​អូស្ត្រាលី និង​គាំទ្រ​លោក Sean Turnell ឲ្យ​មាន​សេរីភាព​ឡើងវិញ ហើយ​ថា​អូស្ត្រាលី​នឹង​បន្ត​ជំរុញ​សម្ពន្ធភាព​ឲ្យ​រួម​សហការ​គ្នា​ដាក់​ទម្ងន់​ទៅលើ​ពួក​យោធា។

ក្រៅពី​នេះ​ទៀត លិខិត​របស់​អ្នកស្រី​ដែល​បាន​បង្ហាញ​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ​ទៅ​ពួក​យោធា​ផង​ដែរ ក៏​បាន​ប្រាប់​ថា ជនជាតិ​អូស្ត្រាលី​ម្នាក់​នេះ​ត្រូវតែ​មាន​សុខភាព​ល្អ ហើយ​ត្រូវតែ​បើក​ផ្លូវ​ឲ្យ​មេធាវី និង​គ្រួសារ​ទៅ​ជួប​លោក Sean Turnell។

រដ្ឋាភិបាល​អូស្ត្រាលី បាន​ទាមទារ​ឱ្យ​ពួក​យោធា​ដោះលែង​លោក Sean Turnell ជាបន្ទាន់​បន្ទាប់ពី​ទទួល​ដំណឹង​ថា តុលាការ​របប​សឹក​បាន​កាត់ទោស​បុរស​ជនជាតិ​អូស្ត្រាលី​រូប​នេះ​ឱ្យ​មាន​ទោស ១៤​ឆ្នាំ ដែល​កំហុស​ទម្លាក់​ទៅលើ​លោក Sean Turnell គឺ​ចោទ​ថា​បុរស​នេះ​ជា​មេ​គំនិត​រុញ​ឱ្យ​អ្នកស្រី ស៊ូជី រំលោភ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន នៅ​ពេល​ប្រទេស​ធ្លាក់​ក្នុង​ជំងឺ​កូវីដ និង​មួយ​ករណី​ទៀត គឺ​រំលោភ​ច្បាប់​សម្ងាត់​របស់​ប្រទេស។

លោក Sean Turnell ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អំឡុង​ខែ​កុម្ភៈ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​របប​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី។ សម្រាប់​អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​ប្រាប់​ទៅ​ពួក​យោធា​ភូមា ទោះ​បទ​ចោទ​អ្វី​ក៏ដោយ គឺ​រដ្ឋាភិបាល​អូស្ត្រាលី​មិន​អាច​ទទួល​យក​បាន​ឡើយ។ អ្នកស្រី​ថា​ត្រូវតែ​ដោះលែង​លោក Sean Turnell ជាបន្ទាន់ គឺ​គាត់​ជាប់​ឃុំ​ខ្លួន​អយុត្តិធម៌​បំផុត គឺ​ជាង​មួយ​ឆ្នាំ​ហើយ។

យ៉ាងណា ភាព​មិន​ច្បាស់លាស់​កំពុង​កើតមាន​អំពី​ថា​តើ​លោក​សាស្ត្រាចារ្យ Sean Turnell ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ហើយ​ឬ​នៅ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ នេះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា ហៅ​កាត់​ថា AKP អះអាង​ថា លោក Sean Turnell ត្រូវ​បាន​ដោះលែង​ហើយ។ ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​បាន​បញ្ជាក់​ថា ការ​ដោះលែង​លោក Sean Turnell គឺ​តាម​សំណើ​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​នេះ។

បើ​តាម​ប្រភព​ដដែល​នេះ លោក ហ៊ុន សែន និយាយ​ថា លោក​សាទរ​ដែល​បុរស​ជនជាតិ​អូស្ត្រាលី​រូប​នេះ​ត្រូវ​បាន​ដោះលែង​តាម​សំណើ​របស់​លោក ដែល​បាន​ស្នើ​ទៅ​ពួក​យោធា​ភូមា​ជំនួស​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី។

តែ​រឿង​នេះ​នៅ​មិនទាន់​ច្បាស់​ការ​នៅឡើយ​ទេ ព្រោះ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​ប្រទេស​បារាំង AFP ដែល​ជា​សារព័ត៌មាន​ត្រូវ​បាន​ទទួលស្គាល់​ពេញ​ពិភពលោក​ថា​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ បាន​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៧ កុម្ភៈ នេះ​ថា បុរស​ជនជាតិ​អូស្ត្រាលី​រូប​នេះ​នៅ​មិនទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​នៅឡើយ​ទេ។ ប្រភព​ដដែល​នេះ​ថា​ក្រុមប្រឹក្សា​យោធា​ភូមា​សូម​ទាត់ចោល​ការ​ចុះផ្សាយ​ដូចនេះ។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​យោធា គឺ​លោក Zaw Min Tun អំពី​បុរស​ម្នាក់​ឈ្មោះ​លោក Sean Turnell។ លោក Zaw Min Tun បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា​មាន​ការ​ដោះលែង​បុរស​ជនជាតិ​អូស្ត្រាលី​រូប​នេះ។

យ៉ាងណា លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ប្រាប់ AFP ថា ការ​ដោះលែង​លោក Sean Turnell គឺ​លោក​កំពុង​ពិចារណា​រឿង​នេះ តែ​លោក​ថា​ត្រូវ​រង់ចាំ​ការ​ជំនុំជម្រះ​ក្ដី​បុរស​នេះ​រួចរាល់​សិន។

កន្លងមក របប​សឹក​ភូមា​បាន​ដោះលែង​ជនបរទេស​ជាច្រើន​នាក់​រួចមក​ហើយ មាន​ដូចជា​អ្នកកាសែត​ជនជាតិ​អាមេរិកាំង លោក Danny Fenster ឲ្យ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង ដោយសារ​តែ​មាន​ជំនួប​ផ្ទាល់​រវាង​លោក មីន អ៊ុងឡាំង និង​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Bill Richardson។

លោក Richardson បាន​ទៅ​ដល់​ប្រទេស​ភូមា កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​សប្តាហ៍​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​បេសកកម្ម​មនុស្សធម៌។ តែ​លោក​បាន​ស្វែងរក​ការ​ដោះលែង​ឱ្យ​អ្នកកាសែត Danny Fenster ផង​ដែរ។ លោក Danny Fenster ជា​អ្នកកាសែត​បរទេស​ដែល​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ភូមា ក្រោយពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ លោក Danny Fenster បាន​ចាកចេញ​ភ្លាម​ពី​ភូមា ជាមួយ​លោក Richardson ហើយ​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

អ្នកកាសែត​ម្នាក់​ជនជាតិ​ជប៉ុន គឺ​លោក Yuki Kitazumi ត្រូវ​បាន​របប​សឹក​ភូមា​ដោះលែង​កាលពី​ថ្ងៃ​ទី​២១ ឧសភា ក្រោយ​ពួក​យោធា​កាត់ទោស​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ លោក Yuki Kitazumi គឺជា​អ្នកកាសែត Freelance សម្រាប់​ស្ថាប័ន​ព័ត៌មាន Japan Nikkei business។ ការ​ដោះលែង​អ្នកកាសែត​ជប៉ុន​រូប​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ ថ្កោលទោស​របប​សឹក​យ៉ាង​ខ្លាំង ហើយ​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​របប​សឹក​នេះ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស