អ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុកថា ការលាតត្រដាងពីភាពអយុត្តិធម៌របស់លោក ឌួង ងៀប ដែលជាឧត្ដមសេនីយ៍ឯកផ្កាយ៣ បានឆ្លុះបញ្ចាំងឱ្យឃើញពីអំពើពុករលួយចាក់ឫសជ្រៅក្នុងប្រព័ន្ធតុលាការ ដែលពលរដ្ឋខ្មែរច្រើនណាស់បានរងគ្រោះធ្លាក់ខ្លួនអស់ទ្រព្យដោយសារល្បែងពុករលួយរបស់ចៅក្រមនៅកម្ពុជា។
លោក ឌួង ងៀប ដែលមានតួនាទីជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣ និងជាឧកញ៉ាផង បានចេញឡាយវីដេអូចំនួនពីរ កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ ដោយភ្ជាប់ជាមួយឯកសារមួយចំនួនផងនោះ បានបង្ហោះលើទំព័រ Facebook ដោយនិយាយថា រូបលោកត្រូវបានតុលាការកាត់ទោសពីបទ «ផិតក្បត់» ហើយបច្ចុប្បន្នកំពុងត្រូវបានកាត់ទោសពីបទ «ឆបោកជនជាតិតៃវ៉ាន់» មួយទៀត។
ការចេញឡាយវីដេអូនិយាយពីបញ្ហាជម្លោះជាមួយជនជាតិតៃវ៉ាន់ និងការបែកបាក់ប្រពន្ធកូនដោយលោក ឌួង ងៀប អះអាងថា មកពីរូបលោកអត់ទ្រាំជាមួយចៅក្រមលែងបាន ហើយលោកអស់លុយឱ្យចៅក្រមតទៅទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា កន្លងមក អង្គការអន្តរជាតិបានរកឃើញពីអំពើពុករលួយ និងភាពអយុត្តិធម៌បានកើតនៅក្នុងសង្គមកម្ពុជា ដោយសារតែប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ហើយរបាយការណ៍នេះតែងតែត្រូវបានរដ្ឋាភិបាលច្រានចោល ចំណែកឯការអះអាងរបស់លោក ឌួង ងៀប នាពេលនេះ បានបង្ហាញកាន់តែច្បាស់បន្ថែមទៀត។
លោកចាត់ទុកករណីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ភាពអយុត្តិធម៌ និងការរងភាពឈឺចាប់ដោយសារប្រព័ន្ធតុលាការ មិនមែនកើតឡើងតែប្រជាពលរដ្ឋក្រីក្រនោះទេ ប៉ុន្តែវាបានកើតឡើងគ្រប់ស្រទាប់វណ្ណៈទាំងអស់ មិនថាមានទ្រព្យ ឧកញ៉ា និងអ្នកក្រឡើយ។
ទោះយ៉ាងណា លោក ស៊ឹង សែនករុណា ជំរុញឱ្យមានការស៊ើបអង្កេតមួយ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងកុំឱ្យអំពើនេះកើតឡើងនៅក្នុងសង្គមខ្មែរ ឬប្រព័ន្ធតុលាការកម្ពុជាបន្តទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ឡើងវិញ និងបញ្ចៀសការរិះគន់បន្តទៀតផងដែរ។

អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ យល់ថា ករណីលោក ឌួង ងៀប នេះ មិនមែនជាល្ខោននយោបាយបំពុលព័ត៌មានសង្គមទេ តែជាការឆ្លុះបញ្ចាំងអំពីចរិតពុករលួយស៊ីជម្រៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ នេះជាអ្វីដែលលោកធ្លាប់បំភ្លឺថា នៅពេលមានជម្លោះប្ដឹងគ្នាក្ដីក្ដាំឡើងតុលាការ ភារកិច្ចចម្បងរបស់ពួកចៅក្រម មិនមែនពិនិត្យស្រាវជ្រាវរកខុសត្រូវនោះទេ ប៉ុន្តែវិធីដំបូងរបស់ពួកគេនោះ គឺរកស៊ីលុយទាំងសងខាង ទាំងចុងចោទ និងដើមចោទ។
លើសពីនេះ បន្ទាប់ពីស៊ីមួយវគ្គហើយ ពួកចៅក្រមប្រឹងរកឱ្យឃើញថា ភាគីណានៃគូជម្លោះមានលទ្ធភាពជាង ហើយបង្កើតល្បែងស៊ីភាគីដែលមានទ្រព្យច្រើនជាងនោះរហូតដល់អស់ពីខ្លួន ខណៈពេលខ្លះ គូជម្លោះចេះតែតាមអ៊ុតតាមល្បែងស៊ីលុយរបស់ចៅក្រមរហូតដល់អស់ផ្ទះ អស់ដីថែមទៀត ក៏នៅតែគ្មានលទ្ធផលសម្រេច។
លោក គឹម សុខ បន្តថា ប្រជាពលរដ្ឋខ្មែរច្រើនណាស់ដែលរងគ្រោះធ្លាក់ខ្លួនអស់ទ្រព្យដោយសារល្បែងពុករលួយរបស់ពួកចៅក្រមនៅកម្ពុជា ហើយភាគច្រើនលើសលប់សម្ងំឈឺចាប់ មិនហ៊ាននិយាយក្រោយពីចាញ់បោកចៅក្រម រីឯខ្លះទៀតដល់ទៅទ្រាំលែងបាន ក៏ចេញបកស្បែកមុខចៅក្រមដូចករណីលោក ឌួង ងៀប នេះជាដើម។
យ៉ាងណា លោកថាបើតាមការអះអាងរបស់លោក ឌួង ងៀប នេះ លោកក៏មានខ្សែបណ្ដាញធំដែរ ទើបហ៊ានចេញមុខបន្លឺសំឡេងឮៗតវ៉ាជាសាធារណៈតទល់នឹងចៅក្រម ពីព្រោះពួកចៅក្រមនៃតុលាការកម្ពុជា ហាក់មានអភ័យឯកសិទ្ធិពីលោក ហ៊ុន សែន ឱ្យប្រព្រឹត្តអំពើពុករលួយយកលុយមួយចំណែកជួយគណបក្សប្រជាជនកម្ពុជា ហើយបើប៉ះអ្នកមានខ្សែធំកាង ទើបសម្រួលគ្នាជាក្រោយ។
លោក គឹម សុខ ចាត់ទុកការប្រព្រឹត្តរបស់ចៅក្រមនេះ ថាជាប្រពៃណីការងារក្នុងប្រព័ន្ធតុលាការកម្ពុជា។
លោក ឌួង ងៀប បានរៀបរាប់ក្នុងវីដេអូថា បន្ទាប់ពីមានជម្លោះជាមួយគ្រួសារនោះ រូបលោកក៏ត្រូវបានគ្រួសារបណ្ដេញចេញពីផ្ទះ ហើយប្រពន្ធរបស់គាត់បានយកឯកសារអាជីវកម្មរបស់គាត់ទាំងអស់។ ដៃគូសហការី និងប្រពន្ធ បានជំរុញឱ្យគាត់ខ្ចីលុយចំនួន ១លានដុល្លារពីធនាគារមួយ ហើយលោកចោទថា ប្រពន្ធយកពាក់កណ្ដាលទៅលេងល្បែងភ្នាល់ទឹកភ្លៀងថែមទៀត ខណៈបច្ចុប្បន្ន លោក ឌួង ងៀប និយាយថា មកដល់ពេលនេះ លោកបានប្រឈមនឹងបណ្ដឹងពីបទឆបោក ហើយសំណុំរឿងនេះបានឈានទៅដល់សំណុំរឿងព្រហ្មទណ្ឌដែរ។

លោក ឌួង ងៀប មានតួនាទីជាឧត្ដមសេនីយ៍ឯកផ្កាយ៣ និងជាឧកញ៉ាផងនោះ បាននិយាយថា បន្ទាប់ពីរងការចោទប្រកាន់ហើយ រូបលោកបានអង្វរតុលាការឱ្យជួយ ខណៈលោកអះអាងថា មិនដែលបោកអ្នកណាមួយរៀលទេ ប៉ុន្តែបែរជាចាញ់បោកទៅតុលាការដែលត្រូវបង់លុយម្ដងហើយម្ដងទៀត ទោះបីជាខ្លួនមិនមានកំហុសក៏ដោយ។
បើតាមការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) ចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានវាយតម្លៃថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ថិតក្នុងចំណាត់ថ្នាក់ទី១៣៨ ក្នុងចំណោមប្រទេស១៣៩ នៃគម្រោងដែលបានសិក្សា៕