ក្រុមអ្នកឃ្លាំមើលនិយាយថា ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង អាចត្រួតត្រាសេដ្ឋកិច្ចខ្មែរពេញទំហឹង ហេតុដូច្នេះហើយបានជារដ្ឋាភិបាលចិន អាចបង្កើតរដ្ឋមួយនៅកម្ពុជានៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពួកគេនាំគ្នាហៅថាតៃកាំង និងអាចឱ្យជនជាតិចិនដែលកំពុងរស់នៅលើទឹកដីខ្មែរសព្វថ្ងៃនេះកាន់តែមានសិទ្ធិអំណាចរឹតតែខ្លាំងឡើងៗ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា អស់រយៈពេលប្រមាណជា ១០ឆ្នាំកន្លងទៅនេះ ពាណិជ្ជករចិនបានធ្វើឲ្យជីវភាពពលរដ្ឋខ្មែរមួយចំនួនធូរធារ ប៉ុន្តែអ្នកវិភាគរូបនេះបានលើកឡើងនូវទស្សនៈមេដឹកនាំជនជាតិឥណ្ឌា លោក មហាត្មៈគន្ធី ថា «ភាពមានបានដោយមិនធ្វើការងារប្រកបដោយវិជ្ជាជីវៈ គឺជាបាបកម្មរបស់សង្គមជាតិដ៏ធ្ងន់ធ្ងរមួយក្នុងចំណោមបាបកម្មធំៗទាំង៧ របស់ប្រទេសជាតិនោះ»។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា នៅពេលនេះ ចិនបានប្រកាសជួយការពារអធិបតេយ្យភាព និងឯករាជ្យជាតិរបស់កម្ពុជា ប៉ុន្តែការចេញមុខជួយរបស់មហាអំណាចចិនបែបនេះ ធ្វើឱ្យលោកព្រួយបារម្ភចំពោះអំណាចចិនមកលើកម្ពុជាទៅវិញ ព្រោះថាសិទ្ធិអំណាចជនជាតិចិនដែលទៅរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃនេះ គឺដូចគ្នានឹងសិទ្ធិអំណាចរបស់បារាំង ដែលបានត្រួតត្រាខ្មែរកាលពីសម័យដើមដូច្នោះដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការឱនក្បាលពឹងជំនួយចិន នឹងនាំឲ្យកម្ពុជាខាតបង់ប្រយោជន៍ដ៏ធំធេង ដូចជាហិនហោចព្រៃឈើ ធនធានរ៉ែ ជាដើម។ ជាងនេះទៀត កម្ពុជានឹងក្លាយជាទីផ្សារលាងលុយកង្វក់របស់អ្នកជំនួញទុច្ចរិតចិនថែមទៀត។ ករណីនេះ មិនត្រឹមតែខាតផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាដ៏ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតវិបត្តិសង្គមដល់កម្ពុជាថែមទៀត។
ប្រភពដដែលអះអាងថា កម្ពុជានៅពេលនេះកំពុងតែមានសម្ព័ន្ធស្មុគស្មាញជាមួយមហាអំណាចកុម្មុយនីស្តចិនយ៉ាងធ្ងន់ធ្ងរទាំងបំណុល សេដ្ឋកិច្ច និងឥទ្ធិពលនយោបាយ ដែលអាចនឹងធ្លាក់ខ្លួនជាប្រទេសដែលអាចឱ្យចិនយកជាឈ្នាន់បម្រើប្រយោជន៍របស់គេគ្រប់បែបយ៉ាង ជាពិសេសដើម្បីអុកឡុកសន្តិសុខក្នុងតំបន់ក្នុងការពង្រីកឥទ្ធិពលនយោបាយក្នុងតំបន់អាស៊ានថែមទៀត។
យ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០២១ លោក ហ៊ុន សែន អះអាងថា មហាអំណាចចិនបានជួយឱ្យកម្ពុជាមានឯករាជ ទាំងកិច្ចការនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន បើមិនបានចិន កម្ពុជាក៏មិនរីកចម្រើនដូចសព្វថ្ងៃនេះដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីអំឡុងឆ្នាំ២០២១ ថា កម្ពុជាបានជំពាក់បំណុលចិនកើនឡើងដល់ ៤៣,៧៨% ខណៈអ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានអះអាងមុនរបាយការណ៍នេះថា កម្ពុជាបានជំពាក់លុយចិនប្រមាណ ៥ពាន់លានផោន ឬស្មើនឹងជាង ៦ពាន់លានដុល្លារអាមេរិក ដែលជាបំណុលខ្ពស់ជាងគេក្នុងចំណោមប្រទេសចំនួន៣០ ដែលជំពាក់លុយចិន។
ជាងនេះទៀត ត្រូវគេមើលឃើញថា កម្ពុជាគ្រាន់តែជាទីផ្សារទំនិញរបស់ចិនប៉ុណ្ណោះ ត្បិតកម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១៩ គិតជាទឹកប្រាក់មានចំនួនត្រឹមតែ ១ពាន់លានដុល្លារប៉ុណ្ណោះ ចំណែកចិននាំចូលទៅកម្ពុជាវិញមានទំហំទឹកប្រាក់ដល់ទៅជិត ៧ពាន់លានដុល្លារអាមេរិកឯណោះ។
ទាក់ទិននឹងបញ្ហានេះ វិទ្យាស្ថាន Kiel Institute ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ កាលពីចុងឆ្នាំ២០១៩ បានរកឃើញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិនច្រើនលំដាប់លេងរៀងទី៦ ក្នុងចំណោមប្រទេស៥០ លើពិភពលោក ដែលជំពាក់បំណុលមានហានិភ័យខ្ពស់ជាងគេបំផុត៕