គណបក្សនយោបាយចំនួន៦ ដែលទើបបង្កើតកន្លងមកនេះ បានចាប់ផ្ដើមចងសម្ពន្ធភាពនឹងគ្នា ដើម្បីត្រៀមបង្កើតគណបក្សប្រឆាំងដ៏ធំមួយចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។
គណបក្សទាំង៦ ដែលបានចងសម្ពន្ធភាពនឹងគ្នារួចរាល់នោះរួមមាន៖
- គណបក្សកែទម្រង់កម្ពុជា
- គណបក្សភ្លើងទៀន
- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
- គណបក្សកម្ពុជានិយម
- គណបក្សកម្លាំងប្រជាធិបតេយ្យ
- និងគណបក្សបំណងពលរដ្ឋ។
គណបក្សទាំងនោះ ភាគច្រើនគឺជាគណបក្សដែលកើតចេញពីអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានសរសេរនៅលើ Facebook របស់លោកថា ការចាប់ដៃគ្នានេះ ដោយសារតែគណបក្សទាំង៦ មានគោលនយោបាយស្ទើរតែដូចគ្នា និងមានទិសដៅដើម្បីជាតិមាតុភូមិតែមួយ។
លោកថា ការបង្កើតគណបក្សធំមួយនាពេលអនាគត គឺត្រូវរង់ចាំមើលអំពើរបៀបធ្វើការជាមួយគ្នាសិន ដោយសារបច្ចុប្បន្ន គណបក្សទាំង៦ នៅមានចំណុចខ្វះចន្លោះដែលមិនទាន់យល់ចិត្តគ្នាមួយចំនួន ដូចជាការលុបបំបាត់ជម្លោះផ្ទៃក្នុងរបស់បក្ស និងការបែងចែកតួនាទី អំណាច ដែលបណ្តាគណបក្សមួយចំនួនធ្លាប់កើតមានឡើង។
លោកបន្ថែមថា ការចាប់ដៃគ្នានាពេលនេះ នៅមិនទាន់អាចបង្ហាញបានថា គណបក្សទាំង៦ អាចជ្រកក្រោមស្លាកបក្សតែមួយ និងដើរលើស្ពានតែមួយបាននៅឡើយទេ ពោលគឺត្រូវរង់ចាំមើលរបៀបធ្វើការសិន។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ប្រាប់សារព័ត៌មានក្នុងស្រុកថា បក្សនយោបាយទាំង៦ បានជួបពិភាក្សាគ្នារួចរាល់ហើយ ដើម្បីចងសម្ពន្ធភាពជាមួយគ្នា ក៏ប៉ុន្តែការបង្រួបបង្រួមទៅជាគណបក្សធំមួយនាពេលខាងមុខ កំពុងស្ថិតក្រោមការពិភាក្សាបន្ថែមទៀត។
លោកថា គណបក្សទាំង៦ មានឆន្ទៈរួមក្នុងការចងសម្ពន្ធភាពនឹងគ្នា ដោយបានឯកភាពគ្នាថា នឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាទៅលើបញ្ហាដែលបក្សគិតថាជាបញ្ហារួម។ លោកថា គម្រោងបង្កើតគណបក្សធំមួយ ដើម្បីប្រមូលកម្លាំងគ្នាប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច គឺមិនអាចកើតទាន់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នេះបានទេ។ បក្សនឹងមានជំនួបជាបន្តបន្ទាប់ទៀត ដើម្បីជជែកអំពីការរៀបចំគោលជំហរ និងការជ្រកក្រោមស្លាកបក្សតែមួយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
បណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ទទួលស្គាល់ថា ការបង្កើតគណបក្សនយោបាយ គឺជាសិទ្ធិរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែការបង្កើតគណបក្សដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនមានឧត្តមគតិជួយអភិវឌ្ឍជាតិ វាជារឿងមួយគួរឲ្យសោកស្តាយ។
ចំណែកមន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ថ្លែងថា ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀតចូលរួមការបោះឆ្នោតនាពេលខាងមុខក្ដី ប៉ុន្តែអាចនឹងមិនទៅរួចដែរ ខណៈស្ថានភាពនយោបាយបច្ចុប្បន្នមិនមានលក្ខណៈល្អប្រសើរឡើយ ដោយសារថ្មីៗនេះមេដឹកនាំគណបក្សកាន់អំណាចបានប្រកាសទប់ស្កាត់ទុកជាមុនរួចហើយ។ លោកថា គណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀតអាចមានវាសនាមិនខុសពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ឡើយ។
គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ នេះ កម្ពុជាមានគណបក្សនយោបាយចំនួន ៤៥ ហើយដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីផ្លូវការទៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ និងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅឆ្នាំ២០២៣ ផងដែរ៕