28 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ស្នើ​ឱ្យ​សមាជិក​អាស៊ាន​ដាក់​បញ្ចូល​របៀបវារៈ​ស្ដីពី​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ស្នើ​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដាក់​បញ្ចូល​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​របស់​ខ្លួន ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះ ស្តី​អំពី​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​សព្វថ្ងៃ​នេះ។

ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​សប្ដាហ៍​នេះ រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន គួរតែ​ដាក់​បញ្ចូល​នូវ​របៀបវារៈ​មួយ​ចំនួន​ដូចជា ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​ហ្វីលីពីន ជាដើម។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​ពី​របៀបវារៈ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ក៏​គួរតែ​ពិភាក្សា​លើ​ការ​តម្រូវ​ឲ្យ​ប្រើ​ច្បាប់​សមុទ្រ UNCLOS-1982 ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចគ្នា​ដែរ ក្នុង​នោះ​ក៏​គួរតែ​ជជែក​ពិភាក្សា​លើ​ការ​គោរព​នូវ​ក្រម​ប្រតិបត្តិ COC ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ការ​រក​ដំណោះស្រាយ​សមស្រប​នូវ​វិបត្តិ​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ផង​ដែរ។

នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ កម្ពុជា​បើក​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មិន​មាន​លទ្ធផល​ជា​វិជ្ជមាន​ធំដុំ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​ណា​មួយ​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​ឈ្វេងយល់ និង​រឹតចំណង​ទំនាក់ទំនង​ឡើងវិញ​ប៉ុណ្ណោះ។

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា​ពេលនេះ មាន​ប្រទេស​ចំនួន​៦ ដូចជា ប្រទេស​ឡាវ សិង្ហបុរី ជាដើម បាន​ទៅ​ចូលរួម​ប្រជុំ​ដោយ​ផ្ទាល់​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ខណៈ​រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​រដ្ឋមន្ត្រី​ការបរទេស​ប្រ៊ុយណេ ចូលរួម​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធ​វីដេអូ​ប៉ុណ្ណោះ ដោយឡែក​តំណាង​របប​សឹក​ភូមា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​ទេ។

កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​បើក​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវ​ការ​សម្រេច​នានា​របស់​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ការ​រក្សា​អព្យាក្រឹតភាព និង​ការ​លើក​កម្ពស់​សាមគ្គីភាព​របស់​អាស៊ាន​ផង​ដែរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ថា នៅ​ពេលនេះ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុងតែ​រៀបចំ​ឥរិយាបថ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ទាក់ទង​នឹង​កិច្ចប្រជុំ​នេះ ព្រោះ​ថា​ប្រសិនបើ​កិច្ចប្រជុំ​នេះ​បរាជ័យ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ធ្លាប់​បាន​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ថា ក្រោយ​ឆ្នាំ​២០២២ នេះ អាស៊ាន​អាច​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​សមាជិក​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេច​ឡើង​នេះ​ឱ្យ​បាន​ល្អ​ទេ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស