34 C
Phnom Penh

អភិបាល​ស្រុក​បន្ទាយស្រី​ប្រកាស​ត្រៀម​ខ្លួន​ចេញពី​តួនាទី​ក្រោយ​ពី​មាន​បណ្ដឹង​ពាក់ព័ន្ធ​ការ​រំលោភ​យក​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ប្រកាស​ត្រៀម​ខ្លួន​ចាកចេញ​ពី​តួនាទី និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយស្រី ប្រមាណ​ជិត ១៥០​ហិកតារ។

អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​បដិសេធ​ចោល​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់​ថា​លោក​បាន​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន ឬ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ភូមិ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ជាដើម។ លោក​ថា ការ​ចោទប្រកាន់​ទាំងនោះ​សុទ្ធតែ​ជា​ការ​ប្រឌិត​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា តំបន់​ដែល​មាន​វិវាទ​ដែល​លោក​បាន​ដោះស្រាយ និង​រង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​នោះ គឺជា​តំបន់​ដែល​ស្ថិតនៅ​ក្រោម​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​តំបន់​នោះ​នៅតែ​ជា​ដី​សាធារណៈ​របស់​រដ្ឋ មិនមែន​ជា​កម្មសិទ្ធិ​ឯកជន​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​កាន់កាប់​អាស្រ័យផល​ជាក់ស្តែង​ក៏ដោយ។

លោក ឃឹម ហ្វីណង់ អះអាង​ថា ការ​ដោះស្រាយ​វិវាទ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​បែប​នេះ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ធ្វើឡើង​តាម​ប្រព័ន្ធ​តុលាការ​បាន​នោះ​ឡើយ គឺ​មាន​តែ​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​តែប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត តុលាការ​ក៏​មិន​អាច​សម្រេច​ប្រគល់​កម្មសិទ្ធិ​ដី​រដ្ឋ​ទៅ​ឱ្យ​បុគ្គល​ណា​ម្នាក់​នោះ​ដែរ គឺ​មាន​តែ​ការ​ធ្វើ​អនុបយោគ ឬ​ការ​ទទួល​បាន​ប្រទានកម្ម​ដោយ​អនុក្រឹត្យ​តែប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​កាន់កាប់​ដី​នោះ​ដោយ​ស្រប​ច្បាប់។

កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ អ្នកស្រី លី អ៊ុំអេង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​បាន​ចោទ​ប្តឹង​អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ ពី​បទ​ញុះញង់ ការ​មិន​គោរព​សេចក្តី​សម្រេច​របស់​តុលាការ និង​ការ​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ខ្លួន​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ទំហំ ២០០​ហិកតារ​ស្ថិត​ក្នុង​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែល​បាន​ទិញ​ពី​ពលរដ្ឋ​ជាច្រើន​នាក់​តាំងពី​ឆ្នាំ​២០០៣ មក ក្នុង​នោះ​ក៏​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​អតីត​អភិបាល​ស្រុក​បន្ទាយស្រី លោក អ៊ន់ វង្ស និង​បាន​ចេញ​បង្កាន់ដៃ​កាន់កាប់​ដោយ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ស្រុក​បន្ទាយស្រី ផង​ដែរ។

ពាក្យ​បណ្តឹង​ខាងលើ​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​ក្រុម​ការងារ​ចុះ​វាស់វែង​លើ​ដី​របស់​អ្នកស្រី និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដែល​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ​អស់​ជិត ១៥០​ហិកតារ ក្នុង​ភូមិ​រវៀងតាទុំ និង​ភូមិ​រំចេក ដោយ​មិន​មាន​ការ​យល់ព្រម​ពី​អ្នកស្រី​ដែល​ជា​ម្ចាស់ដី​ទាល់តែសោះ។

លិខិត​ដដែល​នោះ​បញ្ជាក់​ថា លោក ឃឹម ហ្វីណង់ បាន​ដាក់​ទីតាំង​ដី​របស់​អ្នកស្រី​ឱ្យ​ទៅ​នៅ​ក្នុង​ភូមិ​ស្រះខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី វិញ ប៉ុន្តែ​ការពិត ដី​របស់​អ្នកស្រី គឺ​ស្ថិត​ក្នុង​ភូមិ​រវៀងតាទុំ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ប៉ុណ្ណោះ។ បញ្ហា​នេះ អ្នកស្រី​សង្កត់​ធ្ងន់​ថា កាលពី​ឆ្នាំ​២០១៩ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អតីត​អភិបាល​ខេត្ត លោក ស៊ូ ភារិន្ទ កាលពី​ឆ្នាំ​២០១១ ក៏​បាន​ចុះហត្ថលេខា​លើ​លិខិត​បញ្ជាក់​ប្រវត្តិ​ដី​របស់​អ្នកស្រី​ផង​ដែរ ថា​ដី​របស់​អ្នកស្រី គឺ​ស្ថិត​ក្នុង​ភូមិ​រវៀងតាទុំ ឃុំ​រំចេក ស្រុក​បន្ទាយស្រី យ៉ាង​ពិតប្រាកដ។

យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ស្ថិត​ក្នុង​ភូមិ​ស្រះខ្វាវ ភូមិ​រវៀងតាទុំ និង​ភូមិ​រំចេក ជាដើម ដែល​សុទ្ធសឹងតែ​ជា​ដី​ស្ថិត​ក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ។

ដី​គម្រប​ព្រៃឈើ​នៅ​ឃុំ​ខ្នារសណ្ដាយ និង​ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប មាន​ទំហំ​ជាង ១​ពាន់​ហិកតារ និង​មាន​ចម្ងាយ​ជាង ៨​គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី ក្នុង​នោះ ៥០% នៃ​ផ្ទៃដី​សរុប គឺជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ ដែល​ពួកគេ​បាន​កាន់កាប់​អស់​រយៈពេល​ប្រមាណ​ជា ២០​ឆ្នាំ​មក​ហើយ។

ជុំវិញ​ការ​ចោទ​ប្តឹង​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ឃឹម ហ្វីណង់ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស