28 C
Phnom Penh

សមត្ថកិច្ច​ចម្រុះ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដោយ​មិន​ជូនដំណឹង​និង​មិន​ទាន់​ដោះស្រាយ​សំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​បន្ទាប់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដោយ​មិន​ជូនដំណឹង និង​មិន​ដោះស្រាយ​សំណង​ជូន​ពួកគេ។

សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ កុម្ភៈ បាន​ចុះទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣១ សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីនោះ​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ទាំង​បង្ខំ ខណៈ​ផ្ទះ​ពលរដ្ឋ ១១​ខ្នង ក្នុង​នោះ​មាន​មួយ​ខ្នង​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះ​រុះរើ ដោយ​មិន​បាន​ជូនដំណឹង និង​មិន​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ឡើយ។

បើ​តាម​ពលរដ្ឋ អះអាង​ថា នៅ​ទីតាំង​ខាងលើ​ដំបូង​ឡើយ​មាន​ផ្ទះ​ពលរដ្ឋ​សរុប ២៣​ខ្នង តែ​ក្រោយមក​មាន​ប្រជាពលរដ្ឋ​ចំនួន ១២​ខ្នង​ផ្ទះ​បាន​ព្រម​ទទួលយក​សំណង​ជា​ដី​ឡូត៍​ទំហំ​ទទឹង ៥​ម៉ែត្រ បណ្ដោយ ១៨​ម៉ែត្រ​នៅ​សង្កាត់​ពន្សាំង ខាងលិច​បឹងតាមោក និង​ប្រាក់​ចំនួន ៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដោយសារ​ពួកគាត់​ខ្លាច​ការ​គំរាមកំហែង​ពី​អាជ្ញាធរ។

ចំណែក​ពលរដ្ឋ​ចំនួន ១១​ខ្នង​ផ្ទះ ពួកគាត់​មិនទាន់​ព្រម​ទទួល​សំណង​ពី​អាជ្ញាធរ ដោយសារ​ពួកគាត់​គិត​ថា​សំណង​នេះ​មិន​សមរម្យ ដោយ​ហេតុ​ថា​ពួកគាត់​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៨០ រៀង​មក។

ម្យ៉ាង​វិញ​ទៀត ពួកគាត់​នឹង​ត្រូវ​បាត់បង់​មុខរបរ និង​ប៉ះពាល់​ដល់​ជីវភាព​គាត់​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​ឱ្យ​គាត់​ទៅ​នៅ​កន្លែង​ផ្សេង ខណៈ​នៅ​ទីនេះ​ពួកគាត់​អាច​ប្រកប​របរ​ដូចជា នេសាទ​ត្រី ចិញ្ចឹម​ត្រី ដាំ​ឈូក ត្រកួន ជាដើម។

ការ​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​កាត់​ផ្ទៃ​បឹងតាមោក​ប្រគល់​ឱ្យ​ឧកញ៉ា អ្នក​ជំនួញ និង​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត​អស់​ជាង ២​ពាន់​ហិកតារ ខណៈ​ផ្ទៃ​បឹង​ជាង ១​ពាន់​ហិកតារ​ទៀត​អាច​នឹង​កាត់​ជាបន្តបន្ទាប់ ទោះបីជា​បឹង​ធម្មជាតិ​មួយ​នេះ​ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​ក៏ដោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស