28 C
Phnom Penh

ស្ថានទូត​ចិន​ច្រាន​ចោល​ករណី​ទាសករ​លក់​ឈាម​ថា​ជា​ការ​ប្រឌិត និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​គោរព​ច្បាប់​កម្ពុជា-ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ច្រានចោល​ពាក់ព័ន្ធ​នឹង​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន ឲ្យ​ធ្វើជា​ទាសករ​លក់​ឈាម​នៅ​តំបន់​ឆៃណាថោន (China Town) ខេត្ត​ព្រះសីហនុ ថា​ជា​ការ​ប្រឌិត ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ចិន​នៅ​កម្ពុជា​ឲ្យ​គោរព​តាម​ច្បាប់​របស់​កម្ពុជា និង​ចិន ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ បាន​លើកឡើង​ថា ស្ថានទូត​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី «ទាសករ​លក់​ឈាម» ដែល​បាន​ផ្សាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​អ៉ីនធឺណិត បន្ទាប់មក​បាន​ជំរុញ​ឱ្យ​ប៉ូលិស​កម្ពុជា​បើក​ស៊ើប​អង្កេត​លើ​សំណុំរឿង​នេះ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប៉ូលិស​កម្ពុជា​បាន​ចាប់ផ្តើម​ស៊ើប​អង្កេត​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ សមត្ថកិច្ច​កម្ពុជា​បាន​ជូនដំណឹង​ទៅ​ស្ថានទូត​ចិន​អំពី​លទ្ធផល​ស៊ើប​អង្កេត​បឋម និង​បាន​ចេញ​សេចក្តី​ប្រកាស​ថា សំណុំរឿង​ទាសករ​លក់​ឈាម​គឺជា​រឿង​ប្រឌិត​សុទ្ធសាធ។

អ្នក​នាំពាក្យ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​ផ្ទៃក្នុង និង​សេចក្តី​ប្រកាស​របស់​នគរបាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា លោក Li Yayuanlun ជនជាតិ​ចិន បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​ក្រោយមក​មាន​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ ក៏​បាន​ទាក់ទង​សមាគម​មួយ​ដើម្បី​សុំ​ជំនួយ។ យ៉ាងហោចណាស់ មាន​មនុស្ស ៣​នាក់​បាន​ជួយ​លោក Li Yayuanlun ប្រឌិត​រឿង​នេះ​ឡើង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុសច្បាប់ រំលោភ​បំពាន និង​ធ្វើបាប​ដូច​ទាសករ​លក់​ឈាម ទង្វើ​បំភ័ន្ត​មតិ​សាធារណៈ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​បញ្ជាក់​ថា ស្ថានទូត​ចិន សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ចិន​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គោរព​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា និង​ចិន ហើយ​ការពារ​សិទ្ធិ​របស់​ពួកគេ​ដោយ​សម​ហេតុផល និង​មិន​ត្រូវ​ប្រឌិត​ពាក្យ​ចចាមអារ៉ាម ឬ​បោកបញ្ឆោត​សាធារណជន​ឡើយ។ អ្នក​នាំពាក្យ​រូប​នេះ​បាន​គូស​បញ្ជាក់​ថា នៅ​ជំហាន​បន្ទាប់ ស្ថានទូត​ចិន​នឹង​បន្ត​តាមដាន​សវនាការ​លើ​ករណី​នេះ និង​នៅតែ​បន្ត​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ភាគី​ពាក់ព័ន្ធ ក្រោម​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស​កម្ពុជា និង​ចិន។

អ្នក​នាំពាក្យ​រូប​នេះ​មាន​ប្រសាសន៍​ថា ស្ថានទូត​ចិន​នឹង​បន្ត​គាំទ្រ និង​សហការ​ជាមួយ​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​ពង្រឹង​ការ​បង្ក្រាប​បទល្មើស​បោកប្រាស់ និង​បទល្មើស​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៉ីនធឺណិត និង​បទល្មើស​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ចិន ហើយ​ធានា​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ចិន​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ក្រោយ​ពី​ឃើញ​សារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម​នៅ​តំបន់​ឆៃណាថោន អង្គភាព​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ថា​ព័ត៌មាន​នោះ​ជា​រឿង​ប្រឌិត។

នគរបាល​ជាតិ​ខ្មែរ​ឲ្យ​ដឹង​ថា ព័ត៌មាន​ទាំងនោះ​ប្រឌិត​ឡើង​ដោយ​ឈ្មោះ LI YA YUAN LUN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣១​ឆ្នាំ ស្នាក់នៅ​មន្ទីរពេទ្យ​ប៊ីធន​កម្ពុជា-ចិន រាជធានី​ភ្នំពេញ និង​អ្នក​ពាក់ព័ន្ធ​ចំនួន ៣​នាក់​ទៀត។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា បុរស​អាយុ ៣១​ឆ្នាំ​រូប​នោះ​បាន​ប្រឌិត​រឿង​ថា​ខ្លួន​ជា​ជនរងគ្រោះ តែ​ធាតុ​ពិត រូប​គេ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ប៉ុន្តែ​ដោយ​មាន​ជំងឺ​ប្រចាំ​កាយ ក៏​បាន​ទាក់ទង​មនុស្ស​មួយ​ក្រុម​ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​គម្រោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា។ បច្ចុប្បន្ន អ្នក​ទាំង ៤​នាក់​មាន​ទាំង​ស្ត្រី​ម្នាក់​ផង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ កន្លងទៅ ក្រុម​អ្នក​ជំនួញ​ចិន​នៅ​កម្ពុជា​តាមរយៈ​សភា​ពាណិជ្ជកម្ម​ចិន-កម្ពុជា បាន​សរសេរ​លិខិត​ចំហ​រួម​មួយ​ផ្ញើ​ជូន​អាជ្ញាធរ​ចិន និង​កម្ពុជា ឱ្យ​បង្ក្រាប​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋកម្ម «ខុសច្បាប់​ដ៏​កាច​សាហាវ» ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា។

ក្នុង​លិខិត​ខាងលើ​បាន​រៀបរាប់​អំពី​កំណើន​នៃ​ករណី​បាញ់​ប្រហារ ចាប់​ជំរិត ការ​គំរាមកំហែង​យក​ប្រាក់ និង​ការកំណត់ «តំបន់​ទឹកដី» វ៉ាងទីកាង គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ក្រុម​អ្នកជំនួញ​ចិន បាន​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ទាំងនេះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​តាម​អ៉ីនធឺណិត និង​ក្រុម​បោកប្រាស់​ទូរគមនាគមន៍​នៅ​កម្ពុជា ដែល​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​របស់​កម្ពុជា និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនុក​ចិត្ត​របស់​ជនជាតិ​ចិន ដែល​មាន​គំនិត​មក​ធ្វើការ​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា អាជ្ញាធរ​ចិន និង​កម្ពុជា បាន​សហការ​គ្នា​ដើម្បី​បង្ក្រាប​ករណី​បទល្មើស​ឆ្លងដែន​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា តាមរយៈ​ការ​ផ្ដល់ និង​ចែករំលែក​ព័ត៌មាន និង​តម្រុយ។ លោក​ស្នើ​ឱ្យ​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​កម្ពុជា។

យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩៤ មក​ទល់​នឹង​ឆ្នាំ​២០១៩ មុន​វិបត្តិ​កូវីដ ប្រទេស​ចិន​ជា​ប្រភព​បណ្ដាក់ទុន​វិនិយោគ​ពី​បរទេស​ធំ​ជាងគេ​នៅ​កម្ពុជា ជាមួយ​នឹង​អត្រា​ប្រមាណ ២១% នៃ​ទុន​វិនិយោគ​សរុប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស