សហរដ្ឋអាមេរិកប្រកាសកំណត់ថ្ងៃបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានក្នុងការពង្រឹងទំនាក់ទំនងអាមេរិក ជាមួយនឹងអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងរាំងស្ទះ និងជាការរំឭកខួប ៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក-អាស៊ានផងដែរ។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា កិច្ចប្រជុំកំពូលនេះគឺដើម្បីពង្រឹងទំនាក់ទំនងអាមេរិកជាមួយនឹងអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងរាំងស្ទះនៅពេលនេះ។
អ្នកស្រីអះអាងថា សេតវិមានយល់ថាកិច្ចប្រជុំកំពូលនេះនឹងពង្រឹងការចូលរួមរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីខែតុលា ឆ្នាំ២០២១ របស់អាស៊ាន-អាមេរិក ដែលជាគុណតម្លៃ និងចក្ខុវិស័យរួមសម្រាប់តំបន់យ៉ាងធំធេង ក្នុងនោះក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តរួមក្នុងការជំរុញឥណ្ឌូ-ប៉ាស៊ីហ្វិកឱ្យមានលក្ខណៈសេរី និងបើកចំហ សុវត្ថិភាព និងស៊ូធន់ផងដែរ។
ការប្រកាសបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានផ្ញើលិខិតអញ្ជើញមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ មីនា នេះថា ក្រោយពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិកកាន់តែមានហេតុផលបង្កើនការយកចិត្តទុកដាក់លើភាពជាដៃគូជាមួយអាស៊ានកាន់តែខ្លាំង ពីព្រោះសហរដ្ឋអាមេរិកចង់ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានអាស៊ានជាស្នូល ឬជាបេះដូងនៃតំបន់ភូមិសាស្ត្រនេះ។
អ្នកវិភាគរូបនេះអះអាងថា កិច្ចប្រជុំសហរដ្ឋអាមេរិក-អាស៊ាន នឹងក្លាយទៅជាប្រធានបទមួយដែលរំលេចនូវវិញ្ញាសាពីរ គឺ៖
- ទី១ អាមេរិកចង់ប្រាប់ថា ខ្លួនមានសម្ពន្ធមិត្តយុទ្ធសាស្ត្រគ្រប់តំបន់ភូមិសាស្ត្រនៅគ្រប់កាលៈទេសៈ និងដាស់តឿនគូប្រជែងកុំឲ្យចេះតែប្រថុយប្រឆាំងនឹងប្រយោជន៍អាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន។
- ទី២ ក៏ជាការព្រមានចំៗទៅកុម្មុយនីស្តចិន ឲ្យពិចារណាដកថយពីសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ផងដែរ។
លោក គឹម សុខ បញ្ជាក់ថា ករណីដែលសហរដ្ឋអាមេរិកអាចដកខ្លួនមករៀបចំកិច្ចប្រជុំចំពេលប្រទេសរុស្ស៊ី ឈ្លានពានចូលអ៊ុយក្រែននេះ អាចដោយសារតែសង្គ្រាមនៅអ៊ុយក្រែនមានសម្ពន្ធមិត្តអឺរ៉ុបដ៏ខ្លាំងមួយជួយទប់ទល់ទៅហើយ។ ម្យ៉ាងទៀត ក៏ទំនងជាអាមេរិកសម្លឹងឃើញប្រទេសរុស្ស៊ី ហាក់ដូចជាជាប់ផុងពិបាកទទួលជោគជ័យលើអ៊ុយក្រែនទៅហើយនោះ។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បណ្ឌិត អៀ សុផល ធ្លាប់ប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា លោក ហ៊ុន សែន ពាក់មួកដែលមានស្លាកសញ្ញារបស់ប្រទេសចិននៅពីលើក្បាល ដូច្នេះអាមេរិកគួរណែនាំប្រទេសកម្ពុជាឱ្យឯករាជ្យពីប្រទេសចិន។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលខាងមុខនេះ លោក ហ៊ុន សែន នឹងត្រូវប្ដេជ្ញាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយចៀសមិនផុតនោះទេថា ខ្លួនត្រូវតែរក្សាអព្យាក្រឹត្យក្នុងការគោរពអធិបតេយ្យភាពជាតិខ្លួនឯង និងត្រូវគោរពលក្ខខណ្ឌរបស់អន្តរជាតិឱ្យបានត្រឹមត្រូវ ឬក៏បន្តផ្ញើវាសនាកម្ពុជាលើកុម្មុយនីស្តចិន ដូចដែលខ្លួនធ្លាប់អះអាងកន្លងមកបន្តទៀត៕