38 C
Phnom Penh

កញ្ញា សេង ធារី ថា​គាំទ្រ​និង​ចូលរួម​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ តែ​មិន​ចូលរួម​ក្បត់​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​ខ្មែរ​អាមេរិក អះអាង​ថា កញ្ញា​គាំទ្រ និង​ចូលរួម​ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តែ​មិន​ចូលរួម​រៀបចំ​ផែនការ​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ បន្ទាប់ពី​តុលាការ​ប្រកាស​ថា​នឹង​បន្ត​បើក​សវនាការ​សួរ​ដេញដោល​នគរបាល​យុត្តិធម៌​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ខាងមុខ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​កញ្ញា សេង ធារី ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ឈរ​នៅ​រង្វង់​ក្រចក​សេះ​ក្នុង​សម្លៀកបំពាក់​បែប​អឺរ៉ុប ដៃ​កាន់​ផ្កា​ឈូករ័ត្ន កញ្ញា សេង ធារី បាន​រៀបរាប់​ក្នុង​អង្គ​សវនាការ​ថា កញ្ញា​បាន​បង្ហោះ​សារ​អំពាវនាវ​លើក​ម្រាមដៃ​ប្រាំបួន ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ពិត​មែន ប៉ុន្តែ​សារ​ខ្លះ​កញ្ញា​មិនមែន​ជា​អ្នក​សរសេរ​ដោយ​ខ្លួនឯង​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​កញ្ញា​បាន​ដកស្រង់​ចេញពី​ហ្វេសប៊ុក​លោក សម រង្ស៊ី ប៉ុណ្ណោះ។

កញ្ញា​បាន​ចាត់ទុក​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា​ជា​របប​ផ្ដាច់ការ ដោយសារ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ជាដើម។ កញ្ញា​បន្ត​ថា កញ្ញា​គាំទ្រ​ឱ្យ​មាន​ការ​បញ្ឈប់ និង​បញ្ចប់​របប​ផ្ដាច់ការ ដោយសារ​របប​ផ្ដាច់ការ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខ្ទេចខ្ទី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទឹកភ្នែក​ឥត​ល្ហែ ប្រព្រឹត្ត​អំពើពុករលួយ ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​ក្រីក្រ និង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ចុះ​ទន់ខ្សោយ រួម​ទាំង​ធ្វើ​ឱ្យ​បរទេស​ឈ្លានពាន ជាដើម។

ការ​លើកឡើង​របស់​កញ្ញា សេង ធារី ត្រូវ​បាន​តំណាង​អយ្យការ លោក សៀង ហេង ឡើង​ជំទាស់ ដោយ​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ដោយ​មាន​ការ​ទទួលស្គាល់​ទាំង​ជាតិ និង​អន្តរជាតិ។ លើស​ពី​នេះ លោក​បាន​ចាត់ទុក​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងើបឡើង​តវ៉ា និង​ឱ្យ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​នោះ ជា​ការ​បំផុស​បំផុល​ធ្វើ​ឱ្យ​មាន​ចលាចល ខណៈ​ការ​វិលត្រឡប់​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី នា​ពេល​នោះ ក្នុង​គោលបំណង​ចង់​ផ្ដួល​រំលំ​ដោយ​ហិង្សា មិនមែន​តាម​ការ​បោះឆ្នោត​ឡើយ។

កញ្ញា សេង ធារី បាន​ឆ្លើយតប​ពី​រង្វង់​ក្រចក​សេះ​វិញ​ថា ការ​អំពាវនាវ​ឲ្យ​កងកម្លាំង​កុំ​ស្ដាប់​ជន​ផ្ដាច់ការ គ្រាន់តែ​ជា​ភាសា​ទប់ស្កាត់​ជា​មុន ខណៈ​កន្លងមក កងកម្លាំង​យោធា​ធ្លាប់​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​រួច​ទៅ​ហើយ​នោះ។ កញ្ញា​បាន​ហៅ​ការ​ចោទប្រកាន់​មក​លើ​កញ្ញា និង​អ្នក​ផ្សេង​ទៀត​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» មិន​សម​ហេតុផល ដោយ​កញ្ញា​បញ្ជាក់​ថា ការ​រៀបចំ​ផែនការ​ក្បត់​ប្រទេស​ជាតិ​នោះ កញ្ញា​នឹង​មិន​ធ្វើ​ដាច់ខាត ហើយ​ក៏​មិន​គាំទ្រ​ដែរ ប៉ុន្តែ​បើសិនជា​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កញ្ញា​គាំទ្រ និង​ចូលរួម​ថែម​ទៀត។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា សេង ធារី បាន​សួរ​ដេញដោល​ជុំវិញ​ការ​បង្ហោះ​សារ ដោយ​ភ្ជាប់​ជាមួយ​រូប​លើ​បណ្ដាញ​សង្គម​ទាំង​លើ​ហ្វេសប៊ុក​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​គម្រោង​វិលត្រឡប់​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក ជូង ជូងី សួរ​ថា តើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​តាម​បែប​ផ្ដាច់ការ ឬ​យ៉ាង​ណា​ដែរ? ហេតុ​អ្វី? តើ​កញ្ញា​គាំទ្រ​ឱ្យ​មាន​ការ​បញ្ឈប់ និង​បញ្ចប់​របប​ផ្ដាច់ការ​ទេ? ហេតុ​អ្វី​ដែរ?

បន្ទាប់ពី​សវនាការ​សួរ​ដេញដោល​ពេញ​មួយ​ព្រឹក ចៅក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​ផ្អាក ហើយ​ប្រកាស​បន្ត​សវនាការ​ដោយ​នឹង​សួរ​ដេញដោល​នគរបាល​យុត្តិធម៌​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ខាងមុខ​ទៀត។

សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​នា​ថ្ងៃ​ទី​១ ខែ​មីនា នេះ មាន​ជន​ជាប់ចោទ​ជាង ៤០​នាក់ ហើយ​ក្នុង​ចំណោម​ជន​ជាប់ចោទ​ជាង ៤០​នាក់ គឺ​មាន ៣​នាក់​កំពុង​ជាប់​ពន្ធនាគារ។

កាលពី​ឆ្នាំ​២០១៩ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​បាន​រំលាយ បាន​ប្រកាស​ពី​ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​អ្វី​មួយ​ដែល​លោក​អះអាង​ថា​នឹង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ផែនការ​នេះ​បាន​បរាជ័យ​ក្រោយ​រដ្ឋាភិបាល​បាន​ទប់ស្កាត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស