ក្រុមអង្គការសង្គមស៊ីវិលស្នើទៅតុលាការ និងរដ្ឋាភិបាល ដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងបន្ថយភាពតានតឹងនយោបាយ។
ការស្នើនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមគ្នាមួយដែលមានអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័នចូលរួម ក្នុងនោះរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) សហជីពទ្រទ្រង់ការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ជាដើម។
អង្គការសង្គមស៊ីវិលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា អ្នកទោសមនសិការត្រូវបានចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្តិវិធី ទាក់ទងនឹងបញ្ហានយោបាយ សង្គម ជំនឿសាសនា ឬជំនឿផ្សេងៗទៀត។ មួយវិញទៀត អ្នកទោសមនសិការស្ទើរតែទាំងអស់បានជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ប្រឈមមុខនឹងបទចោទប្រកាន់ និងដាក់ទោសពីបទ «ញុះញង់» ដូចៗគ្នា។
ប្រភពដដែលអះអាងថា នៅសង្គមសម័យទំនើប ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលមានមេដឹកនាំបែបនីតិរដ្ឋ ត្រូវទទួលស្គាល់ថា ឧក្រិដ្ឋកម្មទាំងឡាយដែលអ្នកទោសមនសិការត្រូវបានចោទប្រកាន់ ឬត្រូវបានផ្ដន្ទាទោសពីបទណាមួយនោះ មិនគួរត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មឡើយ។ ផ្ទុយទៅវិញ បុគ្គលអហិង្សាទាំងនេះគួរត្រូវបានចាត់ទុកជាពលរដ្ឋសកម្មដែលរួមចំណែកដល់ការធ្វើឱ្យសង្គមរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។
សេចក្ដីថ្លែងការណ៍ដដែលអះអាងថា អ្នកទោសមនសិការទាំងអស់បានឆ្លងកូវីដ-១៩ នៅក្នុងពន្ធនាគារ ដែលករណីនេះបានជះឥទ្ធិពលជាអវិជ្ជមានទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ខណៈដែលពួកគាត់បានបាត់បង់សិទ្ធិសេរីភាពជាមូលដ្ឋាន ហើយប្រឈមនឹងវិធានការតឹងរ៉ឹងនៃជំងឺកូវីដ-១៩ ធ្វើឱ្យពួកគេលំបាកក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចជាថែរក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាព ដោយសារនៅក្នុងពន្ធនាគារមានអ្នកទោសចង្អៀតណែន។
ករណីនេះ អង្គការសង្គមស៊ីវិលទាំង ២០ស្ថាប័ន ស្នើទៅតុលាការ និងរដ្ឋាភិបាលឱ្យពិចារណាដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពវិញ ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវឱ្យរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទោសនយោបាយកម្ពុជាដោយឥតលក្ខខណ្ឌ។ ក្រុមនេះនិយាយថា ការធ្លាក់ចុះយ៉ាងគំហុកនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែបន្តកើតមានជាមួយនឹងរលកនៃការចាប់ខ្លួន និងការឃុំខ្លួននៅក្រោមហេតុផលនយោបាយ៕