30 C
Phnom Penh

UN៖ របប​សឹក​ភូមា​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​របស់​ខ្លួន​បន្ទាប់ពី​ពិនិត្យ និង​អង្កេត​លើ​ភស្តុតាង​ដែល​ប្រមូល​បាន​ដោយ​អង្គការ​សង្គម​ស៊ីវិល​ភូមា និង​អង្គការ​អន្តរជាតិ រួម​ទាំង​ជនរងគ្រោះ​ផ្ទាល់ ដោយ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ មីនា ថា ប្រទេស​ភូមា​បច្ចុប្បន្ន​នេះ​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា។

អ្នកស្រី Michelle Bachelet ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា កងទ័ព​នៃ​របប​សឹក​ភូមា ដែល​បាន​បាញ់រះ​ពី​លើ​អាកាស និង​ការ​បាញ់​ផ្លោង​ទៅលើ​សហគមន៍​អ្នក​ស្រុក គឺជា​ចេតនា​របស់​ពួក​យោធា​ចាប់​យក​គោលដៅ​របស់​ជនស៊ីវិល ដើម្បី​កម្ទេច​ក្រុម​ប្រដាប់​អាវុធ​ក្រោម​លេស​ថា ជនស៊ីវិល​ក៏​ជា​កម្លាំង​បង្កប់​របស់​កងទ័ព​ប្រឆាំង​នឹង​របប​របស់​ខ្លួន​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អ្នកស្រី Michelle Bachelet អះអាង​ថា ជនរងគ្រោះ​រាប់​រយ​នាក់ ភាគច្រើន​ពួក​យោធា​ដែល​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជា​មេ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​បាញ់​សម្លាប់ គឺ​បាញ់​ចំ​ក្បាល​ជនរងគ្រោះ។ មាន​ន័យ​ថា ជនរងគ្រោះ​មុន​សម្លាប់ គឺ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ជនរងគ្រោះ​ខ្លះ​ទៀត​ស្លាប់​ដោយ​ដុត​ទាំង​រស់ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកស្រី​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​បញ្ឈប់​សកម្មភាព និង​ភាព​ឃោរឃៅ​របស់​ពួក​យោធា​ភូមា​ជាបន្ទាន់។ អ្នកស្រី​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ពន្យល់​ថា យោង​តាម​ភស្តុតាង និង​ស្ថានភាព​ដ៏​ឃោរឃៅ គឺ​របប​សឹក​ភូមា​កំពុងតែ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ដែល​ចាំបាច់​សហគមន៍​អន្តរជាតិ​ត្រូវ​ធ្វើ​ការ​ឆ្លើយតប​នឹង​ការប្រព្រឹត្ត​របស់​ពួក​យោធា។

យ៉ាងណា របប​សឹក​ភូមា​មិនទាន់​ឃើញ​ប្រតិកម្ម​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី Michelle Bachelet ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក ពួក​យោធា​តែងតែ​ច្រានចោល​ការ​ចោទ​បែប​នេះ ដោយ​អះអាង​ថា កាតព្វកិច្ច​របស់​កងទ័ព គឺ​ត្រូវ​ការពារ​សន្តិភាព និង​សន្តិសុខ​សង្គម ព្រោះ​ក្រុម​ប្រឆាំង​គឺជា​ក្រុម​ភេរវកម្ម។

ចាប់តាំង​ពី​ប្រជាជន​ភូមា​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​ពួក​យោធា មីន អ៊ុងឡាំង ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក ជាង​មួយ​ឆ្នាំ​មក​នេះ ប្រជាជន​ដែល​ស្លាប់​ក្រោម​គ្រាប់កាំភ្លើង និង​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​របប​សឹក មាន​ជាង ១៦០០​នាក់។ ចំណែក​មនុស្ស​ជាង ១២៥០០​នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង ៤៤​ម៉ឺន​នាក់​បាន​រត់ចោល​ភូមិ​របស់​ពួកគេ ហើយ ១៤​លាន​នាក់​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀងអាហារ។

ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងទ័ព​តាត់ម៉ាដាវ នៃ​ប្រទេស​ភូមា បាន​បណ្តាល​ឲ្យ​ក្រុម​ប្រឆាំង​បង្កើត​ចលនា​ប្រដាប់​អាវុធ​ដោយ​រួម​សហការ​ជាមួយ​កងទ័ព​ជនជាតិ​ភាគតិច ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​សឹក។ នេះ​បើ​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។

នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ក្រុម​ប្រឆាំង និង​កងទ័ព​ភូមា មនុស្ស​យ៉ាងតិច ៥៤៣​នាក់​ត្រូវ​បាន​សម្លាប់ ដោយសារតែ​ពួកគេ​ត្រូវ​បាន​ក្រុម​ប្រឆាំង​ចោទ​ថា​ជា​អ្នកគាំទ្រ​របប​សឹក។

ការពិត របប​សឹក​ភូមា​បាន​ធ្លាក់​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រួច​ទៅ​ហើយ ករណី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​មូស្លីម នៅ​រដ្ឋ​រ៉ាកខាយ ដែល​ពួក​យោធា​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​បើក​ប្រតិបត្តិ​យោធា​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើ​សហគមន៍​មួយ​នេះ ដោយ​ចោទ​ក្រុម​នេះ​មាន​ផែនការ​បង្កើត​តំបន់​អបគមន៍ ដោយ​មាន​កម្លាំង​ទ័ព​ត្រៀម​ប្រយុទ្ធ​ដណ្ដើម​ទឹកដី គឺ​កាលពី​ឆ្នាំ​២០១៧។

ក្នុង​ប្រតិបត្តិការ​សឹក​នេះ គ្រាប់កាំភ្លើង​ធំ និង​ទ័ព​អាកាស​របស់​ពួក​យោធា​ភូមា បាន​បាញ់​កម្ទេច​ភូមិករ​របស់​សហគមន៍​អន្តោប្រវេសន៍​មួយ​នេះ​យ៉ាង​ធ្ងន់ធ្ងរ។ មិន​តែប៉ុណ្ណោះ ពួក​យោធា​បាន​ដុត​ផ្ទះ​អ្នក​ស្រុក និង​ចាប់​បាញ់​សម្លាប់​ប្រជាជន​របស់​សហគមន៍​នេះ​យ៉ាង​សហាវ។ បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ គឺ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ប្រមាណ ៨​សែន ៥​ម៉ឺន​នាក់ បាន​រត់​ទៅ​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) បន្ទាប់ពី​ក្រុម​យោធា​ភូមា​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ស្លាប់​មនុស្ស​ជាង ១៥០០​នាក់​កាលពី​ឆ្នាំ​២០១៧។

ក្នុង​ស្ថានភាព​បែប​នេះ បាន​នាំ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ក្រុង​ឡាអេ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​របស់​អង្គការ​សហប្រជាជាតិ សម្រេច​បើក​សំណុំរឿង​ប្រល័យ​ពូជសាសន៍​នេះ​ប្រឆាំង​ពួក​យោធា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ។ នៅ​ថ្ងៃ​បើក​សវនាការ​ដំបូង​កាលពី​ឆ្នាំ​២០១៩ អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កាលនោះ​អ្នកស្រី​ជា​រដ្ឋមន្ត្រី​ការបរទេស​ភូមា បាន​ដឹកនាំ​ប្រតិភូ​ឡើង​ទៅ​ការពារ​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ។ ប៉ុន្តែ​ពេលនេះ អ្នកស្រី​បាន​ក្លាយ​ជា​ជនរងគ្រោះ ហើយ​កំពុង​ជាប់​ឃុំ​ដោយសារ​ពួក​យោធា​ចាប់​អ្នកស្រី​នៅ​ថ្ងៃ​រដ្ឋប្រហារ​ទី​១ កុម្ភៈ។ ចំពោះ​ការ​ជំនុំជម្រះ​ក្ដី​នៅ​លើក​នេះ គឺ​របប​សឹក​ត្រូវ​ការពារ​ខ្លួន ព្រោះ​ជា​ជនជាប់ចោទ​ផ្ទាល់។

របប​សឹក​បាន​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក Ko Ko Hlaing រដ្ឋមន្ត្រី​ក្រសួង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អ្នកស្រី​រដ្ឋអាជ្ញា Thida Oo ទៅ​ការពារ​ខ្លួន​ក្នុង​សំណុំរឿង​នេះ។ ក្នុង​សវនាការ​នេះ ភាគី​យោធា​ភូមា បាន​ឡើង​ថ្លែង​ប្រឆាំង​ការ​ចោទ​ថា​ពួក​យោធា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​សហគមន៍​រ៉ូហ៊ីងយ៉ា ដោយ​បាន​ច្រានចោល​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​លើក​យក​អង្គ​ច្បាប់​មក​សំអាង​ថា តុលាការ​នេះ​ពុំ​មាន​សមត្ថកិច្ច​ក្នុង​សំណុំរឿង​នេះ​ទេ។

ពួក​យោធា​ភូមា មិន​ទទួលស្គាល់​អង្គការ​សមាគម​មូស្លីម​នៅ​ប្រទេស Gambia ជា​ប្រទេស​មួយ​ឡើយ។ តំណាង​របប​សឹក​ព្យាយាម​លើក​យក​មាត្រា​មួយ​ចំនួន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) មក​ធ្វើការ​បកស្រាយ និង​សំអាង ហើយ​ក៏​ច្រានចោល​ភាគី​ដើមបណ្ដឹង​មកពី​អង្គការ​សន្និសីទ​មូស្លីម​នៃ​ប្រទេស Gambia ថា​ពុំ​មែន​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ឡើយ។

ក្នុង​នាម​ដើមបណ្ដឹង គឺ​អង្គការ​សន្និសីទ​មូស្លីម​មួយ​នេះ​បាន​បង្ហាញ​សក្ខីកម្ម​វាយបក​វិញ​នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២។ ដើមបណ្ដឹង​បាន​ចោទ​ក្រុម​យោធា​ភូមា ថា​បាន​រំលោភ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៤៨ ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍។ តែ​បែប​នេះ​ក្ដី តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ទទួលស្គាល់​អង្គការ​សន្និសីទ​មូស្លីម ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស Gambia គឺជា​ដើមបណ្ដឹង​ជា​ផ្លូវការ​ទៅ​ហើយ។

ក្នុង​ស្ថានភាព​បែប​នេះ របប​សឹក​ភូមា កំពុង​ក្លាយ​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ធំៗ​ចំនួន​២ ក្នុង​ពេល​តែ​មួយ គឺ​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កំពុង​ដំណើរការ​រឿងក្ដី​នេះ និង​មួយ​ទៀត​របប​សឹក​ភូមា កំពុង​ប្រឈមមុខ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​សំណុំរឿង​ឧក្រិដ្ឋ​នេះ​កំពុង​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស