ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណអាជីវកម្មឱ្យអង្គភាពសារព័ត៌មានចំនួន៣ ដោយថាអង្គភាពនៃសារព័ត៌មាននោះបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួង បន្ទាប់ពីស្ថាប័នទាំងនោះបានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពពុករលួយរបស់ក្រុមហ៊ុនពីរនៅក្រសួងការងារ។
អង្គភាពសារព័ត៌មានដែលត្រូវបានក្រសួងលុបចោលនោះ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news)។
ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៥ ខែមីនា ឱ្យដឹងថា មូលហេតុដែលក្រសួងមិនបន្តអាជ្ញាប័ណ្ណឱ្យក្រោយពីគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន បានរកឃើញថា អង្គភាពសារព័ត៌មានទាំង៣ នោះ បានធ្វើការផ្សព្វផ្សាយព័ត៌មានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួង។ ជាមួយគ្នានេះ ក្រសួងព័ត៌មានប្រាប់ទៅប្រធានមន្ទីរព័ត៌មានទាំង ២៥រាជធានី-ខេត្ត កុំឱ្យបន្តអាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានទាំង៣ នោះទៀត។
ចាងហ្វាងសារព័ត៌មានកម្ពុជារាល់ថ្ងៃ លោក ទូច យុទ្ធា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មីនា ថា មូលហេតុដែលក្រសួងមិនបន្តអាជ្ញាប័ណ្ណឱ្យអង្គភាពសារព័ត៌មានរបស់លោក ដោយសារតែកាលពីដើមខែកុម្ភៈ លោកបានផ្សព្វផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងមន្ត្រីរាជការសំណូមពរទៅលោក ហ៊ុន សែន និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតក្រុមហ៊ុនពីរនៅក្រសួងការងារ ដែលបានកិបកេងលុយរដ្ឋរាប់លានដុល្លារក្នុងមួយឆ្នាំៗពីគម្រោងដេញថ្លៃសម្ភារសម្រាប់យកទៅផ្គត់ផ្គង់នៅក្រសួងការងារ នាពេលកន្លងមក។
លោកបន្ថែមទៀតថា ក្រុមហ៊ុននោះបានទាក់ទងមកស្ថាប័នរបស់លោកឲ្យដករឿងនោះចេញ ប៉ុន្តែពួកលោកពុំព្រមដកចេញ ដោយសារប្រកាន់នូវវិជ្ជាជីវៈ។ លោកថា ក្រុមហ៊ុនអាចទាមទារឲ្យស្ថាប័នលោកកែតម្រូវ ប្រសិនបើរកឃើញថាពួកលោកបានធ្វើខុស។ លោកយល់ថា ការសម្រេចរបស់ក្រសួងជាការបិទសិទ្ធិសេរីភាព និងជាការបំភិតបំភ័យទៅលើអ្នកសារព័ត៌មាន ខណៈការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពលោកនាពេលកន្លងមក ធ្វើទៅតាមវិជ្ជាជីវៈ និងមានក្រមសីលធម៌។
លោកបន្តថា តាមពិត ក្រសួងគួរតែធ្វើការស៊ើបអង្កេតទៅលើអត្ថបទដែលបានចុះផ្សាយនោះ មុននឹងធ្វើការសម្រេចចិត្តបិទអង្គភាពរបស់លោក។ ទោះជាយ៉ាងណា លោកនៅតែបន្តធ្វើការងារ និងស្វែងរកការសម្របសម្រួលណាមួយពីក្រសួងព័ត៌មាន។
យោងទៅតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា ក្នុងចំណោម ១៨០ប្រទេសនៅទូទាំងពិភពលោក កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ២០ប្រទេសដែលប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេបំផុត។ នៅក្នុងតំបន់អាស៊ាន កម្ពុជាគឺជាប្រទេសដែលប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ ពោលគឺអន់ជាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា វៀតណាម (Vietnam) និងឡាវ (Laos)។
អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុងចំណោម ១៨០ប្រទេសនៅលើពិភពលោក។ សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញថា កម្ពុជាបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧ មក៕