36.8 C
Phnom Penh

តុលាការ​ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​អ្នកកាសែត​រាយការណ៍​អំពី​កងទ័ព​ខ្វះ​ទឹក​ប្រើ​ពី​បទ​ញុះញង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ចំណាត់ការ​រាជរដ្ឋាភិបាល និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​បញ្ហា​កងទ័ព​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់ ថា​ជា​ទង្វើ​នាំ​ឲ្យ​ថៃ ប្រមាថ​មាក់ងាយ​ថា​ជា​ជនជាតិ​ដែល​មិន​ចេះ​សាមគ្គី​គ្នា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា ការ​ចោទប្រកាន់​លោក លួត សុផល ពី​បទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ជា​ការ​ចោទប្រកាន់​ជ្រុល​ហួសហេតុ ដែល​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​ច្បាប់​អន្តរជាតិ ជុំវិញ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។

លោក ម៉ែន ណាត លើកឡើង​ថា ការ​បង្ក្រាប​ពលរដ្ឋ​ខ្លួនឯង​បែប​នេះ គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិសាសន៍​ខ្មែរ​បំផុត ដែល​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់ និង​ត្រូវតែ​ជៀសវាង​ឲ្យ​បាន​ចាប់ពី​ពេលនេះ​តទៅ ព្រោះ​ថា​បើ​ពិនិត្យ​លើ​សេចក្តី​រាយការណ៍​របស់​លោក លួត សុផល មិន​គួរ​ដល់​ថ្នាក់​មាន​ទោសទណ្ឌ​បែប​នេះ​ឡើយ។

លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​ខ្មែរ​មាន​ការ​ផ្សះផ្សា​ស្មារតី​ជាតិ និង​ការ​ឯកភាព​ជាតិ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ពេញលេញ​ស្រប​តាម​ច្បាប់​ឡើងវិញ ដើម្បី​ប្រមូល​ជា​កម្លាំង​ជាតិ​សម្រាប់​តតាំង​ប្រឆាំង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​មក​លើ​ប្រទេស​កម្ពុជា នា​ពេលនេះ។

កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ លោក លួត សុផល បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ Sophal Osmach ចេញពី​ចំណុច​ភូមិ​អូរខ្លាឃ្មុំ សង្កាត់​អូស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ដាក់​ចំណងជើង​ថា «អត់​សូម្បី​ទឹក» ដោយ​បាន​រៀបរាប់​អំពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ចំពោះ​កម្លាំង​ជួរមុខ​នៅ​តំបន់​ព្រំដែន។

យ៉ាងណាក៏ដោយ ក្រោយ​ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ គឺ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរមានជ័យ បាន​ទៅ​ចាប់​លោក លួត សុផល នៅ​គេហដ្ឋាន​របស់​លោក​តែម្តង​នៅ​ឯ​ភូមិ​ចម្ការចេក សង្កាត់​អូស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។

បន្ទាប់ពី​ការ​ចាប់​ខ្លួន នៅ​ថ្ងៃទី​១៤ កុម្ភៈ សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា តំណាង​អយ្យការ​បាន​ពិនិត្យ​ឃើញ​ថា ចំណារ​នៅ​ក្នុង​ហ្វេសប៊ុក រួម​ជាមួយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​នៅ​ក្នុង​វីដេអូ ជនសង្ស័យ​មាន​ចេតនា​ចូលរួម​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​មាន​ចរិត​ញុះញង់​បង្ក​ឱ្យ​មាន​បទល្មើស។

សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ អះអាង​ថា ក្រោយពី​ពិនិត្យ​ភស្តុតាង តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ លួត សុផល ពី​បទ «ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តាម​បញ្ញត្តិ​នៃ​មាត្រា ៤៧៦ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ កន្លង​ទៅ​នោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក បាន​អះអាង​កាលពី​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា សមាគម​អាដហុក កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ករណី​របស់​លោក លួត សុផល នា​ពេលនេះ។

សមាគម​អាដហុក បញ្ជាក់​ថា ក្នុង​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង នៅ​ដើម​ឆ្នាំ​២០២៦ នេះ មាន​អ្នក​សារព័ត៌មាន​ចំនួន ៤​នាក់​ហើយ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​នោះ​មាន​ចាងហ្វាង​កាសែត​អនឡាញ HVNN លោក ហែម វណ្ណា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព ប្រចាំ​ខេត្ត​តាកែវ លោក ព្រំ សុផៃ និង​ចាងហ្វាង​សារព័ត៌មាន Sunday News លោក ស៊ាង ប៊ុនសុង ផង​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស