34 C
Phnom Penh

តុលាការ​កាត់ទោស​លោក សម រង្ស៊ី ថ្នាក់​ដឹកនាំ​និង​សកម្មជន​២១​នាក់​ចន្លោះ​ពី​៥-១០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី មេដឹកនាំ​របស់​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ៦​នាក់​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ៗ ១០​ឆ្នាំ ចំណែក​ឯ​សកម្មជន ១៣​នាក់​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ ៥​ឆ្នាំ ដោយ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ខណៈ​ម្នាក់​ទៀត​ដាក់​ពន្ធនាគារ ៥​ឆ្នាំ ប៉ុន្តែ​ទោស​នោះ​ត្រូវ​ព្យួរ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១៧ មីនា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចំនួន ២១​នាក់ ក្នុង​សំណុំរឿង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង «ញុះញង់​ឱ្យ​យោធិន​មិន​ស្ដាប់​បញ្ជា និង​រួម​គំនិត​ក្បត់»

ក្នុង​ចំណោម​អ្នក​ទាំង ២១​នាក់ គឺ​មាន​ថ្នាក់​ដឹកនាំ​ចំនួន ៧​នាក់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១០​ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង «ញុះញង់​ឱ្យ​យោធិន​មិន​ស្ដាប់​បញ្ជា និង​រួម​គំនិត​ក្បត់»។ ថ្នាក់​ដឹកនាំ​ទាំង ៧​នាក់​នោះ​មាន​ដូចជា៖

  • លោក សម រង្ស៊ី
  • អ្នកស្រី ជូឡុង សូមូរ៉ា
  • អ្នកស្រី មូរ សុខហួរ
  • លោក តុប វណ្ណចាន់
  • លោក នុត រំដួល
  • លោក ហូរ វ៉ាន់
  • និង​លោក អេង ឆៃអ៊ាង។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង ១៤​នាក់​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​រួម​គំនិត​ក្បត់»។ ក្នុង​ចំណោម ១៤​នាក់ គឺ​មាន ១៣​នាក់​ត្រូវ​បាន​តុលាការ​ឱ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ៨​ខែ ខណៈ​ម្នាក់​ទៀត​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ដដែល ប៉ុន្តែ​ទោស​នោះ​ត្រូវ​ព្យួរ​ទាំង ៥​ឆ្នាំ។

សកម្មជន​ទាំង ១៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ៥​ឆ្នាំ ហើយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៣​ឆ្នាំ ៨​ខែ​នោះ មាន​ដូចជា៖

  • លោក ថៃ សុគន្ធា ហៅ​តឹង
  • ឡុង សុភារី
  • ឃឹម ភាណា
  • សុខ ចន្ថា
  • កែវ ថៃ
  • ជុំ ចាន់
  • ស៊ុន ធន់
  • ហ៊ិន ឆាន
  • យឹម សារ៉េត
  • ពាប ម៉ាប់
  • ឃុត ច្រឹក
  • និង ឈុន ប៊ុនឆាត។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហិន ឆាង ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ដែរ ប៉ុន្តែ​ទោស​ទាំងអស់​នេះ​ត្រូវ​ព្យួរ។

ក្រោយ​ពី​ស្ដាប់​ចៅក្រម​ប្រកាស​សាលក្រម​រួច​នោះ លោក កែវ ថៃ លោក ស៊ុន ធន់ លោក យឹម សារ៉េត និង​សកម្មជន​ផ្សេង​ទៀត​បាន​នាំគ្នា​លើក​ដៃ​ឡើង​ដោយ​ស្រែក​ក្នុង​តុលាការ​ថា អយុត្តិធម៌​សម្រាប់​ពួកគេ។

មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ ថ្លែង​ថា លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ប្រឆាំង​ជាន់ខ្ពស់​ទាំង ៦​នាក់​នោះ​យក​ទៅ​ឃុំ​តាម​អំណាច​សាលក្រម។ បច្ចុប្បន្ន ពួកគាត់​ទាំង ៧​នាក់​សុទ្ធតែ​រស់នៅ​ឯ​ក្រៅ​ប្រទេស។

លោក​មេធាវី សំ សុគង់ ចាត់ទុក​ការ​សម្រេច​សេចក្តី​នេះ​ថា​មិន​បាន​ផ្តល់​យុត្តិធម៌​ជូន​កូនក្ដី​របស់​លោក​ឡើយ។ លោក​ថា តាម​ការ​ពិនិត្យ​មើល​អង្គ​ហេតុ និង​ភស្តុតាង កូនក្ដី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។ លោក​ថា រឿងក្ដី​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដូច្នេះ​គួរតែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ជាជាង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

សកម្មជន​ទាំង ១៣​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ព្រៃស បាន​ហៅ​តុលាការ​ថា​ជា​តុលាការ​តេឡេ ដោយ​កាត់ទោស​អ្នក​គ្មាន​កំហុស​តាម​បញ្ជា​អ្នក​នយោបាយ​ដោយ​ការ​សងសឹក។

នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ផង​ដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា តុលាការ​កម្ពុជា​បាន​កាត់ទោស​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ២១​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​អយុត្តិធម៌ ព្រោះ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ប្រឆាំង​នឹង​ជនជាប់ចោទ​ទាំងនោះ​ទេ។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​កាត់ទោស​អ្នក​នយោបាយ​បក្ស​ប្រឆាំង គឺ​គ្មាន​មូលដ្ឋាន​ក្នុង​ការ​ចោទប្រកាន់ ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​រដ្ឋាភិបាល​កម្ពុជា និង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផង​ដែរ។

យ៉ាងណា ការ​ប្រកាស​សាលក្រម​សំណុំរឿង​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​នេះ តុលាការ​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​ខាងក្រៅ​បន្ទប់ និង​ក្នុង​បន្ទប់​សវនាការ​ប្រមាណ ១០​នាក់ ដើម្បី​រារាំង​មិន​ឱ្យ​អ្នក​ទាំង ១៣​នាក់​ជួប​និយាយ​ជាមួយ​គ្រួសារ​ដែល​បាន​ចូល​ស្ដាប់។

ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១៣​នាក់ បាន​ថ្លែង​ក្រោយពី​តុលាការ​កាត់ទោស​ឱ្យ​ស្វាមី​ពួកគេ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ៨​ខែ ទាំង​ដែល​ស្វាមី​គាត់​មិន​ដែល​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ថា ពួកគេ​គ្រាន់តែ​និយាយ​ទូរស័ព្ទ​ឯកជន​ជាមួយ​គ្រួសារ ក៏​តុលាការ​បាន​យក​មក​ភ្ជាប់​នឹង​សំណុំរឿង​នេះ​ដែរ។

សកម្មជន​បក្ស​ប្រឆាំង​ទាំង ១៣​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស