35 C
Phnom Penh

ស្ត្រី​ថៃ​ដែល​ថា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​សារភាព​ថា​ខ្លួន​ប្រឌិត​រឿង​ដើម្បី​ឆាប់​បាន​ទៅ​ស្រុក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា បាន​សារភាព​ដល់​សមត្ថកិច្ច​ថា ករណី​នេះ​គឺ​នាង​ប្រឌិត​ឡើង​ដោយសារតែ​នាង​បាន​ចូល​មក​កម្ពុជា​ខុសច្បាប់ ហើយ​បារម្ភ​ខ្លាច​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន។

សារព័ត៌មាន​ពីរ​របស់​ថៃ គឺ Thai Examiner និង Thai PBS World បាន​ស្រង់​សម្ដី​របស់​នគរបាល​កម្ពុជា និង​នគរបាល​ថៃ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​ប្រទេស​ថៃ ថា​ស្ត្រី​ថៃ​រូប​នោះ​បាន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ដូច្នេះ​នាង​បារម្ភ​ខ្លាច​សមត្ថកិច្ច​កម្ពុជា​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​នាង ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​ឆាប់។

បើ​តាម​សារព័ត៌មាន​ថៃ​ទាំង​ពីរ​នេះ មូលហេតុ​ដែល​នាង​ប្រឌិត​រឿង​ឡើង ដើម្បី​នាង​អាច​រួចផុត​ពី​ចំណាត់ការ​ផ្លូវច្បាប់​ពី​សមត្ថកិច្ច​កម្ពុជា ហើយ​អាច​ទៅកាន់​ប្រទេស​ថៃ​វិញ​បាន​លឿន។ នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ។

ករណី​ស្ត្រី​ថៃ​ខាងលើ​បាន​ផ្ទុះឡើង​តាមរយៈ​ការ​ផ្សាយ​របស់​សារព័ត៌មាន Thai Examiner នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២។ ពេល​ទៅដល់​ប្រទេស​ថៃ​វិញ នាង​បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ត្រូវ​បាន​គេ​លួងលោម​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ចិន ក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា។ នាង​បន្ថែម​ទៀត​ថា ក្រោយ​មក នាង​ក៏​ត្រូវ​ក្រុម​ជន​សង្គម​ងងឹត​ជនជាតិ​ចិន ប្រើ​ឧបករណ៍​ឆក់​ឲ្យ​សន្លប់ និង​បាន​បូម​ឈាម​នាង​ដើម្បី​ត្រៀម​វះកាត់​យក​សរីរាង្គ​របស់​នាង។ តែ​ប្រតិបត្តិការ​វះកាត់​យក​សរីរាង្គ​របស់​នាង ត្រូវ​បាន​បរាជ័យ​ដោយសារ​សមត្ថកិច្ច​កម្ពុជា​ចុះ​ទៅ​ដល់​កន្លែង​នោះ។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មាន​ការ​សោកស្តាយ និង​ពិបាក​នឹង​ទទួលយក​ចំពោះ​ការ​ប្រឌិត​រឿង​អកុសល​បែប​នេះ បើ​ទោះ​ជា​ស្ត្រី​ថៃ​រូប​នោះ​បាន​សារភាព​ពី​ការពិត​ហើយ​ក៏ដោយ។ លោក​ថា រឿង​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សីលធម៌​សង្គម​កម្ពុជា។

ករណី​របស់​ស្ត្រី​ជនជាតិ​ថៃ វ័យ ២៥​ឆ្នាំ​ខាងលើ គឺ​ស្រដៀង​នឹង​ករណី​បុរស​ចិន វ័យ ៣១​ឆ្នាំ​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​អះអាង​ថា គាត់​ត្រូវ​គេ​ចាប់​បូម​ឈាម​ស្ទើរ​អស់​ពី​ខ្លួន​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រោយ​មក គាត់​សារភាព​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា គាត់​បាន​ប្រឌិត​រឿង​នេះ​ឡើង។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យ​លោកសង្ឃ) នា​ព្រឹក​ថ្ងៃ​ទី​២១ មីនា លោក ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ក្រសួង​សុខាភិបាល ពិនិត្យ​លទ្ធភាព​វះកាត់​ប្តូរ​ក្រលៀន​ឱ្យ​អ្នកជំងឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ទៅជា​ភាព​ស្រប​ច្បាប់។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​នៅ​កម្ពុជា​ក៏​មាន​សមត្ថភាព​វះកាត់​ប្ដូរ​ក្រលៀន និង​សរីរាង្គ​ខាង​ក្នុង​អ្នកជំងឺ​បាន​យ៉ាង​ល្អ ដោយ​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ គឺ​ផ្លាស់ប្ដូរ​ក្រលៀន និង​សរីរាង្គ​នេះ​វា​អាច​ក្លាយ​ជា​ជំនួញ​របស់​ជន​ខិលខូច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស