29 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ​ថា​គ្មាន​ការ​ជួញដូរ​សរីរាង្គ​ស្ត្រី​ជនជាតិ​ថៃ​នៅ​កម្ពុជា​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ ដែល​លើកឡើង​ថា មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ដោយ​ថា​ការ​លើកឡើង​នោះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បំភ្លឺ​ក្នុង​ក្រុម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា ពាក់ព័ន្ធ​ព័ត៌មាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​របស់ Thai Examiner កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ អំពី​ករណី​មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​អះអាង​ថា ខ្លួន​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​បដិសេធ​រួចហើយ​ថា​នោះ​គឺជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពិតប្រាកដ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ស្វែងរក​ការ​បញ្ជាក់​លើ​ព័ត៌មាន​នេះ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ពុំ​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ណា​មួយ​ថា​មាន​រឿង​បែប​នេះ​កើតឡើង​នៅ​កម្ពុជា​នៅឡើយ​ទេ។

អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា កម្ពុជា​នឹង​បន្ត​ធ្វើ​ការងារ​នេះ​បន្ថែម​ទៀត តាមរយៈ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា សារព័ត៌មាន The Thaiger បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​របស់​ជំនួយការ​ស្នងការ​នគរបាល​ជនជាតិ​ថៃ លោក ស៊ូរ៉ាឆាត ហាក់ផាន (Surachate Hakpharn) និយាយ​ថា ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​នោះ​ត្រូវ​គេ​ល្បួង​លួងលោម​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់ តាមរយៈ​ការ​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ជនជាតិ​ចិន​ម្នាក់។ លុះ​ពេល​នាង​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា នាង​បាន​រង​នូវ​ការ​វាយដំ ចាប់​ឃុំ​ខ្លួន និង​បង្អត់​អាហារ បន្ទាប់ពី​បដិសេធ​មិនព្រម​ធ្វើការ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ត្រូវ​គេ​បញ្ជូន​ពី​តំបន់​មួយ​នៅ​ជាប់​ព្រំដែន​វៀតណាម ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​ក្នុង​បន្ទប់​មាន​ឧបករណ៍​វះកាត់​ជាច្រើន។ បន្ទាប់មក ក្រុម​ក្មេង​ទំនើង​ជនជាតិ​ចិន បាន​បូម​ឈាម​នាង ៣ ទៅ ៤​កំប្លោក ហើយ​ហៀប​នឹង​យក​នាង​ទៅ​វះកាត់​ដើម្បី​យក​សរីរាង្គ ប៉ុន្តែ​នាង​រត់​គេច​ខ្លួន​រួច។ បន្ទាប់មក សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​នាង​ទៅដល់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ព្យាបាល​រហូត​ដល់​នាង​មាន​កម្លាំង​ឡើងវិញ។

កាលពី​ខែ​កុម្ភៈ មាន​ករណី​ដូចគ្នា​នេះ ដោយ​បុរស​ជនជាតិ​ចិន​មួយ​រូប​ស្នាក់នៅ​មន្ទីរពេទ្យ​មួយ​នៅ​ភ្នំពេញ បាន​លើកឡើង​អំពី​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​គេ​ល្បួង​នាំចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ ដោយ​គេ​បង្ខាំង និង​បូម​ឈាម​ជាច្រើន​ដង​តាំងពី​ខែ​សីហា ឆ្នាំ​មុន នៅ​តំបន់​ឆៃណាថោន ក្នុង​ខេត្ត​ព្រះសីហនុ។

ភ្លាមៗ​នោះ ទាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​លើកឡើង​ថា ការ​បង្ខាំង​មនុស្ស​ដើម្បី​ធ្វើជា​ទាសករ​លក់​ឈាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺជា​ការ​ប្រតិដ្ឋ​ព័ត៌មាន។ មនុស្ស​ចំនួន ៤​នាក់​ជា​ជនជាតិ​ចិន ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ដោយ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពី​បទ «ញុះញង់ និង​ផ្តល់​ព័ត៌មាន​មិន​ពិត»។

កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា លោក​ទទួល​បាន​របាយការណ៍​ពី​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​បទល្មើស​សាហាវៗ​កន្លងមក ដូចជា​ករណី​ចាប់​ជំរិត អំពើ​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ការ​ឆក់ប្លន់ ជាដើម។

លោក​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ នោះ​បទល្មើស​ទាំងនេះ​នឹង​រីក​រាលដាល​កាន់តែ​ច្រើន​ឡើងៗ ដូច្នេះ​រដ្ឋបាល​ខេត្ត​គួរតែ​ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋកម្ម​ទាំងនេះ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ថា ប្រសិន​ករណី​នេះ​កើតឡើង​មែន​នោះ វា​គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ លោក​ស្នើ​ទៅដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​យកចិត្ត​ទុកដាក់​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង និង​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​ការពិត​ចំពោះ​រឿង​ដែល​បាន​កើតឡើង​ចំនួន​ពីរ​ករណី​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស