37 C
Phnom Penh

រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រង់ចាំ​ប្រាក់កម្ចី​សម្បទាន​ពី​ភាគី​ចិន ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្ត​កំពត ទៅ​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ២០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី ៦០ ទៅ ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា ក្នុង​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​មាន​ដី​ប្រវែង ៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ដី​ស្អុយ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​ប្រវែង ១៨​ម៉ែត្រ។ ដូច្នេះ ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​មាន​គុណភាព​ត្រឹមត្រូវ​តាម​បច្ចេកទេស គឺ​ត្រូវ​ប្រើ​សសរ​គ្រឹះ​ប្រវែង ១៨​ម៉ែត្រ​ដាក់​តម្រៀប​គ្នា​លើ​ផ្លូវ ៥​គីឡូម៉ែត្រ​នេះ។ ចំណែក​កំណាត់​ផ្លូវ ១៥​គីឡូម៉ែត្រ​ទៀត ត្រូវ​ពង្រឹង​គ្រឹះ រួច​ចាក់​បេតុង​ពី​លើ​បន្ថែម​ទៀត ទើប​អាច​ធានា​គុណភាព​មិន​បាក់​ស្រុត​ទៅ​ថ្ងៃ​ក្រោយ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូប​នេះ​អះអាង​ថា ធនាគារ​ពិភពលោក​កន្លងមក​ធ្លាប់​បាន​ផ្តល់​ប្រាក់កម្ចី​ដល់​កម្ពុជា​ដើម្បី​ស្ថាបនា និង​ថែទាំ​ផ្លូវ​ដែល​មាន​ប្រវែង ៥៤​គីឡូម៉ែត្រ​នេះ​ម្តង​រួច​មក​ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ១៤​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នេះ​មិន​អាច​កសាង និង​ថែទាំ​ផ្លូវថ្នល់​នេះ​ឱ្យ​បាន​ជាប់​រឹងមាំ​តាម​ស្តង់ដារ​បច្ចេកទេស​បាន​ទេ។

លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា នៅ​ពេល​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួល​បាន​ថវិកា​ពី​ធនាគារ​ពិភពលោក​សម្រាប់​ស្ថាបនា​ផ្លូវ​នេះ ខ្លួន​មិន​បាន​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​លើ​គុណភាព​ដី​នៅ​តំបន់​នេះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ផ្លូវ​នេះ​ក្រោយ​សាងសង់​រួច​ចេះ​តែ​រង​ការ​ខូចខាត​បន្ទាប់ពី​ប្រើប្រាស់​បាន​មួយ​រយៈ ប៉ុន្តែ​ម្តង​នេះ ក្រសួង​បាន​សិក្សា​រួចរាល់​អស់​ហើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ផ្លូវជាតិ​លេខ​៣ ពី​ឃុំ​វាលរេញ ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត​កំពត បាន​រង​ការ​ខូចខាត​ដដែលៗ​ដោយសារ​ក្រសួង​សាធារណការ​មិន​បាន​សិក្សា​ឱ្យ​បាន​ហ្មត់ចត់។

ផ្លូវជាតិ​លេខ​៣ ពី​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត​កំពត មាន​ប្រវែង​សរុប ៥៤,៣​គីឡូម៉ែត្រ ក្នុង​នោះ​ប្រវែង​ផ្លូវ ២០​គីឡូម៉ែត្រ​តែងតែ​រង​ការ​ខូចខាត​ជា​ប្រចាំ បើ​ទោះបីជា​ផ្លូវ​នេះ​ធ្លាប់​បាន​ទទួល​ការ​សាងសង់​ចំនួន ៤​លើក​រួច​មក​ហើយ​ក៏ដោយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែ​កញ្ញា ឆ្នាំ​២០២១ បញ្ជាក់​ថា ចិន​នឹង​បញ្ជូន​អ្នក​បច្ចេកទេស​ជំនាញ​មក​សិក្សា​ផ្លូវជាតិ​លេខ​៣ កំពត-វាលរេញ ដែល​មាន​ការ​ខូចខាត​ខ្លាំង​ប្រវែង ២០​គីឡូម៉ែត្រ​ដែល​ជា​តំបន់​ដី​ស្អុយ​ពិបាក​ក្នុង​ការ​សាងសង់។

ក្រុម​អ្នក​សង្កេតការណ៍​ត្អូញត្អែរ​ថា ការ​ប្រកាស​ចំណាយ​ថវិកា​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ស្ថាបនា​ផ្លូវ​ដែល​មាន​ប្រវែង​ត្រឹមតែ ២០​គីឡូម៉ែត្រ​បែប​នេះ ហាក់​មិន​សម​ទំនង​ទាល់តែសោះ ព្រោះ​ថា​បើ​ទោះបីជា​ត្រូវ​អភិវឌ្ឍ​ផ្លូវថ្នល់​ក្នុង​កម្រិត​ស្តង់ដារ​កម្រិត​ខ្ពស់​បំផុត​នោះ ក៏​មិន​ត្រូវ​ចំណាយ​ថវិកា​ដល់​ទៅ ៦០ ឬ ៧០​លាន​ដុល្លារ​អាមេរិក​ក្នុង​ប្រវែង​ផ្លូវ ២០​គីឡូម៉ែត្រ​ដូច្នេះ​ដែរ។ ដូច្នេះ ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អាច​មាន​ការ​សង្ស័យ​អំពី​ការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជា​ប្រព័ន្ធ។

យ៉ាងណាក៏ដោយ ជុំវិញ​ការ​ស្ថាបនា​ផ្លូវជាតិ​ដែល​រង​ការ​ខូចខាត​ប្រវែង ២០​គីឡូម៉ែត្រ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ហើយ​កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ដាក់​លិខិត​ស្នើសុំ​កម្ចី​ថវិកា​ពី​មិត្ត​ចិន​ជា​ផ្លូវការ​រួចហើយ ដើម្បី​យក​មក​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស