29 C
Phnom Penh

ពលរដ្ឋ​ស្នើ​កាត់​ឆ្វៀល​ដី​ពួកគាត់​ចេញពី​គម្រោង​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​បឹង​វាលសំណាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​អាស្រ័យ​ផល​បឹង​វាលសំណាប ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ចេញពី​ដី​សាធារណៈ​របស់​រដ្ឋ បន្ទាប់ពី​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​សម្រេច​ជួល​ផ្ទៃដី​បឹង​នោះ​ឱ្យ​ឧកញ៉ា ឃុន សៀ ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ការ​អំពាវនាវ​នេះ បន្ទាប់ពី​ពលរដ្ឋ​រាប់​រយ​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​បាន និង​កំពុង​ធ្វើ​សកម្មភាព​កាយ​ក្រវាត់​ព្រំ​ដី​បឹង​វាលសំណាប កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២។ ក្រុម​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​កំពុង​ធ្វើ បាន​ប៉ះពាល់​ដល់​ដី​របស់​ពួកគេ​ដែល​កំពុង​អាស្រ័យ​ផល​ស្រែ​ប្រាំង។

ផ្ទៃ​បឹង​វាលសំណាប​ទំហំ​ជិត​ប្រាំ​ពាន់​ហិកតារ (៤៨១៤​ហិកតារ) ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​កាលពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​សម្រេច​ជួល​ផ្ទៃ​បឹង​វាលសំណាប​សរុប ៣៥០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ សម្រាប់​អភិវឌ្ឍ​រយៈពេល ៥០​ឆ្នាំ ដែល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ដឹក​ដី​ចាក់​លុប​ផ្ទៃ​បឹង​មួយ​នេះ​ជា​បណ្តើរៗ​ហើយ។

កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន 3LMT Investment ធ្វើ​ការ​ជីក​ស្ដារ​បឹង​វាលសំណាប ឱ្យ​បាន​ជ្រៅ​ក្នុង​ផ្ទៃដី​ទំហំ​ជិត ១​ពាន់​ហិកតារ (៨៣៤​ហិកតារ និង ៦៧៧៥​ម៉ែត្រ​ការ៉េ) លើ​ផ្ទៃដី​បឹង​សរុប ១១៤៤​ហិកតារ ដោយ​ទុក​ចំណី​ដី​របស់​រដ្ឋ​ប្រហែល ១០០​ម៉ែត្រ​ព័ទ្ធ​ជុំវិញ​ជា​ដី​បម្រុង​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល។

ឧកញ៉ា ឃុន សៀ មិនមែន​ទទួល​បាន​តែ​ផ្ទៃដី​បឹងតាមោក​ទេ លោក​ទទួល​បាន​ដី​ទំហំ ៧០​ហិកតារ​សម្រាប់​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេ​ត្រើយ​ខាងកើត ក្បែរ​គ្នា​តំបន់​អភិវឌ្ឍន៍​កោះពេជ្រ។ ក្រោយពី​ទទួល​បាន​ដី​សម្បទាន​ទាំងនេះ ក្រុមហ៊ុន ឃុន សៀ ក៏​កំពុង​ធ្វើ​សកម្មភាព​ចាក់​ខ្សាច់ និង​ថ្ម​ចូល​ទន្លេ​ស្ថិតនៅ​ត្រើយ​អរិយក្សត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

អភិបាល​ស្រុក​ខ្សាច់កណ្ដាល លោក ប៊ុន ផេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ស្រុក​នេះ​មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដែល​រង​ផល​ប៉ះពាល់​ដោយ​អនុក្រឹត្យ​ដែល​កំណត់​ផ្ទៃ​បឹង​វាលសំណាប​នេះ។ លោក​ថា បញ្ហា​នេះ​រដ្ឋបាល​ស្រុក​កំពុង​ដោះស្រាយ។

ប្រធាន​កម្មវិធី​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ឯម ខេមរា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មួយ​រយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​លុប​បឹង​ជាច្រើន​កន្លែង និង​បាន​កាត់​ផ្ទៃ​បឹង​ទាំងនោះ​ជូន​បុគ្គល​ឯកជន អ្នក​មាន​លុយ​មាន​អំណាច ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ ដើម្បី​យក​ធ្វើជា​បុរី ទីតាំង​ឯកជន និង​អគារ​សាធារណៈ ជាដើម។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ទេ​នៅ​ថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស