29 C
Phnom Penh

បទវិភាគ៖ តើ​មេដឹកនាំ​រូប​ណា​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​សំពង​ក្បាល​នាគ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​ទះ​ក្បាល​នាគ ជា​មហា​បុរស​ម្នាក់​ដែល​ពើងទ្រូង​ប្រកាស​ប្រាប់​ពិភពលោក​ថា លោក​មិន​ត្រូវការ​រថយន្ត​ដើម្បី​ដឹក​លោក​គេច​ខ្លួន​ពី​គ្រាប់កាំភ្លើង​របស់​បច្ចាមិត្ត ហើយ​ក៏​មិន​សុខចិត្ត​ឱន​ក្បាល​សុំ​សេចក្តី​សុខ ឬ​សុំ​ជីវិត​រស់​ពី​សត្រូវ​នោះ​ដែរ ប៉ុន្តែ​លោក​ត្រូវការ​គ្រឿង​សត្រាវុធ​ដើម្បី​កម្ចាត់​សត្រូវ​ឈ្លានពាន​តែប៉ុណ្ណោះ។

តើ​បុរស​រូប​នោះ​ជា​នរណា ហើយ​អាង​អ្វី​ដែរ?

លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ជា​មេដឹកនាំ​អ៊ុយក្រែន​ដែល​បាន​សន្យា​ចំពោះ​មុខ​ប្រជាជាតិ​អ៊ុយក្រែន ថា​នឹង​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​តំបន់​ដុនបាស់ តាមរយៈ​នៃ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​យោធា North Atlantic Treaty Organization (NATO) និង​សហភាព​អឺរ៉ុប កាលពី​ពេល​ដែល​លោក​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ត្រូវ​ផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី​ដោយសារតែ​សំណើ​នេះ។

ការ​ប៉ុនប៉ង​ចូល​ជា​សមាជិក​ទី​៣១ របស់​អង្គការ​យោធា​ណាតូ និង​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​លោក វូឡូឌីមៀរ ហ្សេឡែនស្គី ក្រោយ​ពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ធ្វើ​ឲ្យ​មហាអំណាច​កុម្មុយនីស្ត​ក្បែរ​ខាង គឺ​ប្រទេស​រុស្ស៊ី​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​នោះ​ប្រទេស​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជូន​កងទ័ព និង​សព្វាវុធ​គ្រប់​ធុន​របស់​ខ្លួន​ទៅ​តំបន់​ដុនបាស់​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​ការពារ​សន្តិសុខ​ព្រំដែន។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ៊ុយក្រែន​នៃ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក វូឡូឌីមៀរ ហ្សេឡែនស្គី ដែល​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី​ប្រកាស​ប្រតិបត្តិការ​សឹក​លើ​ទឹកដី​របស់​ខ្លួន ក្នុង​នោះ​រុស្ស៊ី​បាន​ពង្រាយ​ទ័ព​ប្រមាណ​ជា ១០​ម៉ឺន​នាក់ និង​គ្រឿង​សព្វាវុធ​ទំនើបៗ​ជាច្រើន​មាន​ទាំង​កាំជ្រួច S-400 ដែល​ពិភពលោក​ខ្លាចរអា​គ្រប់​គ្នា ដើម្បី​វាយលុក​កាន់កាប់​អ៊ុយក្រែន​ឱ្យ​បាន​ក្នុង​រយៈពេល ៤៨​ម៉ោង ប៉ុន្តែ​ការ​រំពឹង​ទុក​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​មាន​រយៈពេល​ជាង ២០​ថ្ងៃ​ហើយ ប៉ុន្តែ​រុស្ស៊ី​នៅ​មិនទាន់​អាច​វាយលុក​កាន់កាប់​ទីក្រុង​ធំៗ និង​រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន​បាន​នៅឡើយ​ទេ ដូចជា​រដ្ឋធានី​គៀវ ជាដើម ខណៈ​កងទ័ព​រុស្ស៊ី​បាន​ស្លាប់​ជាង ៧​ពាន់​នាក់ និង​របួស​ជាង ២​ម៉ឺន​នាក់។

ភាព​អង់អាច និង​ការ​ប្តូរផ្តាច់​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡែនស្គី ដែល​មិន​រត់​ចេញ​ពី​ប្រទេស​យក​រួច​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម ហើយ​សុខចិត្ត​ចូល​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់​ដើម្បី​ការពារ​ទឹកដី​ជាមួយ​កងទ័ព​អ៊ុយក្រែន គឺជា​វីរភាព​ដ៏​ក្លាហាន​ដែល​បាន​ដាស់​ស្មារតី​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​ទូទាំង​ប្រទេស​ងើប​ឡើង​តស៊ូ ក្លាយ​ជា​កម្លាំង​ប្រយុទ្ធ​ស្ម័គ្រ​ស្លាប់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ដែល​មហាអំណាច​រុស្ស៊ី​មិន​នឹកស្មាន​ដល់។

ដោយសារតែ​វីរភាព​របស់​លោក វូឡូឌីមៀរ ហ្សេឡែនស្គី នេះ​ហើយ បាន​នាំ​ឲ្យ​ប្រទេស​ប្រមាណ​ជិត ២០ បាន​ប្រកាស​ជួយ​អ៊ុយក្រែន​ពេញ​ទំហឹង​តាមរយៈ​នៃ​ការ​ផ្តល់​អាវុធ​យុទ្ធភណ្ឌ បញ្ជូន​កងទ័ព​របស់​ខ្លួន និង​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ លើស​ពី​នេះ ពួកគេ​បាន​ឯកភាព​គ្នា​ដាក់​ទណ្ឌកម្ម​លើ​មហាអំណាច​រុស្ស៊ី​ជាបន្តបន្ទាប់​ទៀត​ផង។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​វាយលុក​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ប៉ុន្តែ​លោក វូឡូឌីមៀរ ហ្សេឡែនស្គី ឆ្លើយតប​ថា អ្វី​ដែល​លោក​ត្រូវការ​នៅ​ពេលនេះ គឺ​អាវុធ​សម្រាប់​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី មិនមែន​រថយន្ត​សម្រាប់​ដឹក​លោក​គេច​ខ្លួន​នោះ​ទេ។

ត្រង់​ចំណុច​នេះ គេ​ដាក់​សំណួរ​ថា តើ​លោក វូឡូឌីមៀរ ហ្សេឡែនស្គី គឺជា​មេដឹកនាំ​ខ្លាំង​ប៉ុនណា ហ៊ាន​ប្រឈម​មុខ​ជាមួយ​មហាអំណាច​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​ពិភពលោក​កោត​ស្ញប់ស្ញែង​ចំពោះ​វីរភាព​របស់​លោក ដែល​ហ៊ាន​ប្រកាស​វាយបក​លើ​មហាអំណាច​កុម្មុយនីស្ត​មួយ​នេះ ដែល​សូម្បីតែ​ប្រទេស​ធំៗ​មួយ​ចំនួន​ក៏​មាន​ការ​ខ្លាចរអា​ដែរ​នោះ។

លោក វូឡូឌីមៀរ ហ្សេឡែនស្គី កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​១៩៧៨ ក្នុង​ទីក្រុង​ហ្រ្គីវ ហ្គីរី ប្រទេស​អ៊ុយក្រែន ដែល​ជា​អតីត​ដែនដី​របស់​សហភាព​សូវៀត។ លោក​មាន​ឪពុក​ឈ្មោះ អូឡិច សាន់ដ្រឺ ហ្សេឡែនស្គី និង​ម្តាយ​ឈ្មោះ រីម៉ា ហ្សេឡែនស្គា។ ពួកគេ​សុទ្ធតែ​មាន​ដើមកំណើត​ជា​ជនជាតិ​ជ្វីហ្វ។

លោក វូឡូឌីមៀរ ហ្សេឡែនស្គី ជា​និស្សិត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ ក្នុង​ទីក្រុង​គៀវ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ឆ្នាំ​២០០០ លោក​បាន​ជ្រើសរើស​អាជីព​ក្នុង​វិស័យ​សិល្បៈ​ទៅវិញ ដោយសារតែ​សមត្ថភាព​កំប្លែង​របស់​លោក។

បន្ទាប់ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ លោក វូឡូឌីមៀរ ហ្សេឡែនស្គី បាន​បង្កើត​ក្រុម​កំប្លែង​ផ្ទាល់ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា ខ្វា ថាល់ ណាញធីហ្វាយ (Kvartal 95) ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ក្រុម​នេះ​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ល្បីៗ​ជាច្រើន​ផង​ដែរ។

ក្រោយ​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ក្នុង​ឆ្នាំ​២០០៣ ដែល​ទទួល​បាន​ការ​ផលិត​កម្មវិធី​ឱ្យ​ទូរទស្សន៍​ជាច្រើន​នៅ​ក្នុង​ស្រុក លោក វូឡូឌីមៀរ ហ្សេឡែនស្គី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ឈ្មោះ អូឡេណា ហ្គីយ៉ាស្គូ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៣ ហើយ​ចំណង​អាពាហ៍ពិពាហ៍​នេះ​ទទួល​បាន​កូនប្រុស​ស្រី​ពីរ​នាក់​ក្នុង​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០១៣។

ក្រោយ​អាពាហ៍ពិពាហ៍​បាន ៥​ឆ្នាំ លោក វូឡូឌីមៀរ ហ្សេឡែនស្គី បាន​ដឹកនាំ​ក្រុម ខ្វា ថាល់ ណាញធីហ្វាយ (Kvartal 95) ផលិត​ខ្សែភាពយន្ត​ជាច្រើន ដូចជា​រឿង Love In The Big City រឿង​កំប្លែង​មនោសញ្ចេតនា 8 First Dates រឿង 8 New Dates និង​រឿង​កំប្លែង​រុស្ស៊ី​ដែល​លោក​សម្ដែង​ជា​តួអង្គ ណាប៉ូឡេអ៉ុង ជាដើម។

ក្រៅពី​វិស័យ​សិល្បៈ លោក វូឡូឌីមៀរ ហ្សេឡែនស្គី បាន​ផ្តល់​ថវិកា​ប្រមាណ​ជា ៥​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ទាហាន​អ៊ុយក្រែន​អំឡុង​សង្គ្រាម​នៅ​តំបន់​ដុនបាស់ ដែល​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​បញ្ហា​នេះ ក្រុម​អ្នក​នយោបាយ​រុស្ស៊ី​ជាច្រើន​រូប​បាន​ដាក់​ញត្តិ​ទាមទារ​ហាមឃាត់​កិច្ចការ​របស់​លោក​ផង​ដែរ។

ក្រោយ​ជាប់​ឈ្មោះ​ពាក់ព័ន្ធ​រឿង​នយោបាយ លោក វូឡូឌីមៀរ ហ្សេឡែនស្គី បាន​ផលិត​ខ្សែភាពយន្ត​ភាគ​មួយ​មាន​ចំណងជើង​ថា Servant of the People ឬ​អ្នក​បម្រើ​ប្រជាជន ដែល​លោក​បាន​ដើរ​តួ​ជា​តួអង្គ​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចាក់​បញ្ចាំង​ជា​លើកដំបូង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៥។

ក្រោយ​ការ​ចាក់​ផ្សាយ​រឿង Servant of the People ឬ​អ្នក​បម្រើ​ប្រជាជន តាម​បណ្ដាញ​ទូរទស្សន៍ ប្រជាប្រិយភាព​របស់​លោក​បាន​ហក់​ឡើង​កាន់តែ​ខ្លាំង។ ដោយសារតែ​បែប​នេះ នៅ​ខែ​មីនា ឆ្នាំ​២០១៨ ក្រុម ខ្វា ថាល់ ណាញធីហ្វាយ (Kvartal 95) របស់​លោក បាន​សម្រេច​បង្កើត​គណបក្ស​នយោបាយ​មួយ​ដែល​មាន​ឈ្មោះ​ដូច​ទៅ​នឹង​រឿង​ដែល​លោក​បាន​សម្ដែង​ដែរ គឺ​គណបក្ស Servant of the People ឬ​គណបក្ស​អ្នក​បម្រើ​ប្រជាជន។

នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨ តារា​កំប្លែង​អ៊ុយក្រែន​រូប​នេះ​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៩ ហើយ​លោក​សន្យា​ថា លោក​នឹង​ព្យាយាម​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ដុនបាស់​ឱ្យ​បាន ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ក្នុង​នោះ​លោក​ក៏​បាន​សន្យា​លុបបំបាត់​អំពើពុករលួយ និង​ដំឡើង​ប្រាក់បៀវត្សរ៍​កងទ័ព​ផង​ដែរ។

អំឡុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៩ លោក​បាន​អះអាង​ថា លោក​មាន​បំណង​ចង់​ឱ្យ​ប្រទេស​អ៊ុយក្រែន​ចូលរួម​ជា​សមាជិក​ក្នុង​អង្គការ​យោធា North Atlantic Treaty Organization ឬ​អង្គការ​ណាតូ (NATO) ដើម្បី​កសាង​អ៊ុយក្រែន​ក្លាយ​ទៅជា​ប្រទេស​ដែល​មាន​អំណាច និង​សេរីភាព​ពេញលេញ។

នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ លោក វូឡូឌីមៀរ ហ្សេឡែនស្គី បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​យក​ឈ្នះ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ឈ្មោះ​លោក ផេត្រូ ផូរ៉ូសិនកូ (Patro Poroshenko) ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៧០% ទូទាំង​ប្រទេស ហើយ​ជ័យជម្នះ​របស់​លោក​ទទួល​បាន​ការ​អបអរ​សាទរ​ពី​មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន ដូចជា បារាំង ប៉ូឡូញ និង​សហរដ្ឋ​អាមេរិក ជាដើម។

ក្រោយ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី និង​ការ​ប្ដេជ្ញា​ចូល​ជា​សមាជិក​អង្គការ​យោធា​ណាតូ និង​សហភាព​អឺរ៉ុប​អស់​រយៈពេល​ជិត ៣​ឆ្នាំ មហាអំណាច​រុស្ស៊ី មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​អង្គការ​យោធា​ណាតូ​ទទួល​អ៊ុយក្រែន​ជា​សមាជិក​របស់​ខ្លួន ក៏​សម្រេច​ប្រកាស​ប្រតិបត្តិការ​យោធា​ពិសេស​ចូល​ទឹកដី​អ៊ុយក្រែន​តែម្តង បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រកាស​ទទួលស្គាល់​តំបន់ Donetsk និង Luhansk កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ។

ការ​ប៉ុនប៉ង​ច្រៀក​យក​ទឹកដី​អ៊ុយក្រែន​នេះ រុស្ស៊ី​បាន​ចិញ្ចឹម​ចិត្ត​ឈ្លានពាន​ជាមួយ​នឹង​ការ​នៅ​ពី​ក្រោយ​នៃ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ុយក្រែន​ជា​យូរ​មក​ហើយ។

យ៉ាងណា​ក៏ដោយ កងទ័ព​អ៊ុយក្រែន​បាន​តស៊ូ​ប្រយុទ្ធ​នឹង​កងទ័ព​រុស្ស៊ី​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​ថ្ងៃ​ទី​៨ នៃ​ការ​ឈ្លានពាន​នេះ នៅតែ​មិន​អាច​ឱ្យ​រុស្ស៊ី​ចូល​កាន់កាប់​ទីក្រុង​ធំៗ​របស់​ខ្លួន​បាន ខណៈ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡែនស្គី សច្ចា​ថា នឹង​ការពារ​រដ្ឋធានី​គៀវ មិន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដណ្តើម​របស់​រុស្ស៊ី​ជាដាច់ខាត។

នៅ​ពេលនេះ លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់​ថា ស្ថានការណ៍​កងទ័ព​កាន់តែ​ផុយ​ស្រួយ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ព្រោះតែ​អ៊ុយក្រែន​ម្តង​នេះ​មិន​ខ្លាច​រុស្ស៊ី​ឡើយ ព្រោះ​តែ​មាន​អង្គការ​យោធា​ណាតូ​នៅ​ពី​ក្រោយ ហើយ​ការ​វាយប្រហារ​នេះ​បង្ក​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​មេដឹកនាំ​ជុំវិញ​ពិភពលោក​លើ​ប្រទេស​រុស្ស៊ី ខណៈ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡែនស្គី កំពុង​ព្យាយាម​ប្រមូលផ្ដុំ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ច្រើន​ឡើងៗ។

ជាក់ស្តែង ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​២០២២ នៅ​ក្នុង​រដ្ឋសភា​អាមេរិក កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ បាន​ហៅ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា​ជា​ជន​ផ្ដាច់ការ ហើយ​បាន​ប្រកាស​ហាមឃាត់​យន្តហោះ​រុស្ស៊ី​មិន​ឱ្យ​ប្រើប្រាស់​ដែនអាកាស​អាមេរិក​ថែមទៀត។

អ៊ុយក្រែន គឺជា​រដ្ឋ​ប្រជាធិបតេយ្យ​មួយ​ដែល​បាន​ទទួល​ឯករាជ្យ​ពី​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី​កាលពី​ឆ្នាំ​១៩៩១ ក្រោយ​ការ​ដួល​រលំ​សហភាព​សូវៀត ប៉ុន្តែ​គេ​មើល​ឃើញ​ថា រុស្ស៊ី​នៅតែ​ព្យាយាម​ចិញ្ចឹម​មហិច្ឆតា​ទាញ​យក​រដ្ឋ​ឯករាជ្យ​មួយ​នេះ​យក​ទៅ​គ្រប់គ្រង​វិញ​រហូត​បង្ក​ទៅជា​ការ​ឈ្លានពាន​ដូច​ពេលនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស