តំណាងពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តកណ្ដាល នាំគ្នាយកញត្តិទៅដាក់តាមបណ្ដាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេឱ្យបានសមរម្យ។
តំណាងពលរដ្ឋម្នាក់ អ្នកស្រី អៀង សារី ប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងពេលដាក់ញត្តិថា កន្លងមក ពួកគាត់បានដាក់ញត្តិរកអន្តរាគមន៍ពីអាជ្ញាធរជាច្រើនដងមកហើយ ប៉ុន្តែមកដល់ថ្ងៃនេះ នៅតែមិនទាន់មានដំណោះស្រាយលើករណីនេះនៅឡើយទេ ដែលធ្វើឱ្យពួកគាត់អស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ។
អ្នកស្រីបន្តថា មូលហេតុនេះហើយទើបពួកគាត់នាំគ្នាមករកកិច្ចអន្តរាគមន៍ពីស្ថានទូតនានានៅរាជធានីភ្នំពេញ ដើម្បីឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទដីធ្លីជូនពួកគាត់ ខណៈការចុះដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធកន្លងមក មិនបានពិភាក្សាជាមួយពលរដ្ឋឱ្យបានច្បាស់លាស់ ហើយថែមទាំងធ្វើការសម្រេចលើការកំណត់តម្លៃទាំងឯកតោភាគីទៀត។
អ្នកស្រី អៀង សារី ចាត់ទុកការដោះស្រាយរបស់អាជ្ញាធរថាជាការរំលោភច្បាប់ និងសិទ្ធិរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា តំណាងពលរដ្ឋរូបនេះបង្ហាញក្ដីសង្ឃឹមថា ស្ថានទូតប្រទេសលោកសេរី ក្នុងនោះមានស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី ស្ថានទូតបារាំង ស្ថានទូតជប៉ុន ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយវិវាទដីធ្លីឱ្យពួកគាត់បានសមរម្យ។
ចំណែកតំណាងពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការដាក់ញត្តិនៅស្ថានទូតអាមេរិក អូស្ត្រាលី បារាំង ជប៉ុន និងចិន ដើម្បីឱ្យស្ថានទូតទាំងនោះជួយតាមដាន និងជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាដីធ្លី ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី បន្ទាប់ពីអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។
ពលរដ្ឋរូបនេះបន្តថា គិតមកដល់ថ្ងៃនេះ ខាងអាជ្ញាធរនៅតែរក្សាជំហរផ្ដល់សំណងត្រឹមតែ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ពួកគាត់មិនអាចទទួលយកបានឡើយ ដោយថាសំណងនោះតិចតួច មិនអាចយកទៅទិញដីនៅក្បែរតំបន់ពួកគាត់រស់នៅបាន។

អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន ធ្លាប់ប្រាប់អ្នកសារព័ត៌មានកន្លងមកថា ការដោះស្រាយសំណង ឬការកំណត់តម្លៃសំណងត្រឹម ៨ដុល្លារជូនពលរដ្ឋនេះ គឺគ្មានការប្រែប្រួលឡើយ ព្រោះនេះជាគោលការណ៍កំណត់ដោយរដ្ឋាភិបាល។ ពលរដ្ឋក៏អាចដោះដូរដីសំណងនៅកន្លែងផ្សេងបាន។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយផ្ដល់ដីរដ្ឋទំហំប្រមាណ ២៦០០ហិកតារ ដែលលាតសន្ធឹងលើស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) វិនិយោគរួមគ្នាជាមួយសាជីវកម្មក្រៅប្រទេស និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយនេះ។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៣១ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយស្នើដល់ស្ថាប័នពាក់ព័ន្ធផ្ដល់សំណងឱ្យបានសមស្របតាមតម្លៃទីផ្សារជូនពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ និងចៀសវាងនូវកិច្ចព្រមព្រៀងដោយមានការបង្ខិតបង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា៤៤ ចែងថា ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។
ជាមួយគ្នានេះ ការដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌៕