កម្ពុជាក៏ជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនលើកច្រើនគ្រា។ ក្នុងដំណាក់កាលនៃសម័យកាលដ៏ជូរចត់ទាំងនោះ កម្ពុជាក៏ធ្លាប់មានវីរបុរស ឥស្សរជន ឬសកម្មជនខ្លះសុខចិត្តលះបង់សេចក្តីសុខ ឬអាយុជីវិតផ្ទាល់ខ្លួនដើម្បីជាតិរបស់ខ្លួនផងដែរ។
វីរជនទាំងនោះមានដូចជា ឧកញ៉ា ឃ្លាំង មឿង ឧកញ៉ា សឺន គុយ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី ជាដើម។ តាមពិត វីរជនទាំងនោះសុទ្ធតែមានឱកាសដើម្បីគេចខ្លួនស្វែងរកកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ប៉ុន្តែតើហេតុអ្វីបានជាពួកគាត់មិនធ្វើដូច្នោះ?
ជាធម្មតា គេតែងតែឮនូវទស្សនៈពីរផ្ទុយគ្នាអំពីសារសំខាន់នៃវត្តមានរបស់មេដឹកនាំ។ ទស្សនៈមួយថាការមិនរត់ចោលទីលានប្រយុទ្ធរបស់មេដឹកនាំ គឺជារឿងសំខាន់ ប៉ុន្តែទស្សនៈមួយទៀតមានហេតុផលផ្សេងពីនេះ ដោយអះអាងថា សុវត្ថិភាពរបស់មេដឹកនាំ គឺជារឿងសំខាន់។ ដូច្នេះការចាកចេញពីសមរភូមិរបស់មេដឹកនាំ គឺជារឿងចាំបាច់ ព្រោះដើម្បីសុវត្ថិភាពរបស់មេដឹកនាំរូបនោះ។
ប៉ុន្តែបើគេសិក្សាអំពីប្រព័ន្ធគ្រប់គ្រងចាត់ចែងការងារ (Management System) និងភាពជាអ្នកដឹកនាំ (Leadership) វិញ រាល់កិច្ចប្រតិបត្តិការការងារនីមួយៗ គឺត្រូវតែមានការគ្រប់គ្រងចាត់ចែងរបៀបដឹកនាំ និងការសម្រេចចិត្ត។
បើគ្មានការគ្រប់គ្រងច្បាស់លាស់ទេ ក្រុមការងារមួយអាចនឹងមានភាពអនាធិបតេយ្យ គ្មានវិន័យ និងគ្មានការទទួលខុសត្រូវ ដែលអាចនាំឱ្យការបំពេញការងារដោយគ្មានប្រសិទ្ធភាព។ ដូច្នេះ គេត្រូវតែមានអ្នកគ្រប់គ្រងដើម្បីរៀបរយក្រុមការងារមួយឱ្យមានវិន័យ សណ្ដាប់ធ្នាប់ និងការទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួនច្បាស់លាស់។ ស្រដៀងគ្នានេះដែរ ប្រសិនបើគ្មានអ្នកដឹកនាំទេ ក្រុមការងារមួយអាចនឹងមិនដឹងថាត្រូវធ្វើអ្វី ដើម្បីអ្វី ឬត្រូវធ្វើដំណើរពីណាទៅណានោះទេ។
ដូច្នេះ ការមានមេដឹកនាំច្បាស់លាស់ គឺសំខាន់ណាស់សម្រាប់ក្រុមការងារមួយ ព្រោះមេដឹកនាំ គឺជាអ្នកចង្អុលបង្ហាញទិសដៅ និងផ្តល់យុទ្ធសាស្ត្រច្បាស់លាស់ដល់ក្រុមការងារ។ ដោយសារតែមុខនាទីរបស់មេដឹកនាំមានសារសំខាន់បែបនេះហើយ ទើបវាជាការចាំបាច់ដែលក្រុម ឬយន្តការការងារនីមួយៗត្រូវការមានមេដឹកនាំ។ លើសពីនេះទៀត ដោយសារតែតួនាទីរបស់មេដឹកនាំមានសារសំខាន់ ទើបសមាជិកក្រុមការងារតែងតែត្រូវការមេដឹកនាំ។
សេចក្តីត្រូវការមេដឹកនាំនេះហើយដែលតម្រូវឲ្យសមាជិកក្រុមមានទំនុកចិត្តលើមេដឹកនាំរបស់ខ្លួន។ ដូច្នេះ វត្តមានរបស់មេដឹកនាំនៅជាប់ជាមួយសមាជិកក្រុម ជាពិសេសក្នុងគ្រាលំបាក គឺជាការផ្តល់ភាពកក់ក្តៅ និងជាការលើកទឹកចិត្តដល់សមាជិកក្រុមដ៏ខ្លាំងមហិមា។ ទោះជាដូចនេះក្តី សេចក្តីទុកចិត្តផ្ញើវាសនាលើមេដឹកនាំ ក៏ត្រូវការភាពសុចរិតទៀងត្រង់ ស្មោះស្ម័គ្រពីមេដឹកនាំវិញដែរ ទើបមានសាមគ្គីភាព និងឯកភាព។
ចំណុចនេះប្រហែលជាការយល់ស្របវិញពីវីរជនជាច្រើនក្នុងលោកនេះ។ ជាក់ស្តែងគេរមែងតែងតែឃើញមេដឹកនាំល្បីៗបានប្រកាន់យកជំហរមិនរត់ចោលសមរភូមិ ឬកូនចៅ បើទោះបីត្រូវរងទុក្ខវេទនាប្រឈមនឹងគ្រោះថ្នាក់ ឬការបាត់បង់ជីវិតក្តី។
ក្នុងឆ្នាំ១៩៩៧ រដ្ឋាភិបាលយោធាភូមា បានយល់ព្រមផ្តល់ឱកាសដល់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំនោះ ឱ្យមានសេរីភាពធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួបស្វាមីជាលើកចុងក្រោយដែលកំពុងកើតជំងឺមហារីកស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។ អ្នកស្រី អ៊ុងសាន ស៊ូជី បានបដិសេធមិនទទួលយកឱកាសនោះទេ ព្រោះខ្លាចរដ្ឋាភិបាលយោធាភូមាបិទច្រកមិនឱ្យគាត់វិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីការចាកចេញទៅក្រៅប្រទេសរបស់គាត់នោះ។

ទីបំផុត ប្តីរបស់គាត់បានស្លាប់ដោយសារជំងឺមហារីកក្នុងរយៈពេលពីរឆ្នាំក្រោយមក។ បើគេពិនិត្យមើលចំណុចនេះ វាមានន័យថា អ្នកស្រី ស៊ូជី យល់ថាវត្តមានរបស់លោកស្រីក្នុងនាមជាមេដឹកនាំបក្សប្រឆាំង ចាំបាច់ត្រូវតែស្ថិតលើទីលានប្រយុទ្ធជាមួយសហការី។ ដូច្នេះអ្នកស្រីជ្រើសយកការមិនចាកចេញពីប្រទេសជារឿងសំខាន់ជាងការជួបមុខប្តីនៅនាទីចុងក្រោយរបស់អ្នកស្រី។ នេះបញ្ជាក់អំពីភាពខុសគ្នារវាងខ្លឹមសារនៃប្រយោជន៍រួម និងប្រយោជន៍ផ្ទាល់ខ្លួនក្នុងនាមជាមេដឹកនាំ។
កាលពីចុងខែកុម្ភៈ កន្លងទៅ ប្រទេសមហាយក្សរុស្ស៊ី បានលើកទ័ពវាយលុកលុយចូលប្រទេសអ៊ុយក្រែន។ ព្រឹត្តិការណ៍នោះ គឺជារឿងភ្ញាក់ផ្អើល និងបង្កភាពក្តៅក្រហាយចំពោះមេដឹកនាំធំៗ និងប្រជាពលរដ្ឋជុំវិញពិភពលោកចំពោះអំពើឈ្លានពានរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ ភាពក្តៅក្រហាយនោះ គឺដោយសារតែគេគ្រប់គ្នាយល់ថា វាជារឿងអយុត្តិធម៌ហួសហេតុដែលរុស្ស៊ី ជាប្រទេសធំ និងជាមហាអំណាចយោធា បែរជាមកឈ្លានពានប្រទេសតូចដូចអ៊ុយក្រែននេះ ដោយគ្មានហេតុផលសោះតែម្តង។ ជាមួយនឹងភាពភ្ញាក់ផ្អើល និងការក្តៅក្រហាយទាំងនេះ គេក៏បារម្ភអំពីសុវត្ថិភាពនៃថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន ជាពិសេសប្រធានាធិបតី Volodymyr Zelenskiy និងសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ក្នុងការទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។
នៅពេលរុស្ស៊ីចាប់ផ្តើមសង្គ្រាមដោយបាញ់គ្រាប់មីស៊ីល និងការទម្លាក់គ្រាប់បែកសន្ធប់លើទីតាំងយោធា ព្រលានយន្តហោះ អគាររដ្ឋ ជាពិសេសវិមានប្រធានាធិបតី មេដឹកនាំនៃប្រទេសអ៊ុយក្រែន Volodymyr Zelenskiy បានចេញមុខក្នុងបណ្ដាញសារព័ត៌មាននានាថា “ខ្ញុំនៅទីនេះ! រូបខ្ញុំ ភរិយា និងកូនៗរបស់ខ្ញុំ មិនចាកចេញទៅណាទេ គឺក្រុមគ្រួសារខ្ញុំនៅទីនេះ!”។
លោក Volodymyr Zelenskiy បានបង្ហាញនូវជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ គឺការឈរនៅនឹងសមរភូមិប្រយុទ្ធជាមួយជនរួមជាតិរបស់លោក។ លោកបានបញ្ជាក់ថា រុស្ស៊ីបានដាក់ផែនការសម្លាប់រូបលោកជាអាទិភាពទី១ និងគ្រួសាររបស់លោកជាអាទិភាពទី២ តែលោកដាច់ខាតមិនរត់ទៅណាទេ ទោះបីជាសម្ពន្ធមិត្តរបស់លោកចង់ជម្លៀសគាត់ទៅរកកន្លែងសុវត្ថិភាពក្តី។

ការក្រាញននៀលរបស់គាត់មិនរត់ចោលសមរភូមិនេះ ប្រហែលជាឱសថទិព្វក្នុងការលើកទឹកចិត្តកងទ័ព និងប្រជាពលរដ្ឋអ៊ុយក្រែន ឱ្យចូលរួមប្រយុទ្ធយ៉ាងប្តូរផ្តាច់ជាមួយកងទ័ពរុស្ស៊ី និងអាចជាអាវុធដ៏មានប្រសិទ្ធភាពក្នុងសង្គ្រាមនេះផងដែរ។
បន្ទាប់ពីការថ្លែងសារជាបន្តបន្ទាប់របស់ប្រធានាធិបតីរូបនេះមក ប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រី បានស្ម័គ្រចិត្តកាន់អាវុធចូលរួមប្រយុទ្ធ។ អ្នកខ្លះបានបញ្ជូនកូនតូចៗ និងគ្រួសារមកដល់ព្រំដែនប្រទេសជិតខាង ហើយខ្លួនវិលត្រឡប់ទៅកាន់អាវុធវិញ។ រីឯអ្នកខ្លះទៀតដែលកំពុងរស់នៅយ៉ាងមានសុភមង្គលក្នុងប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក កាណាដា ជាដើម ក៏វិលត្រឡប់ចូលទៅមាតុភូមិរបស់ខ្លួនវិញដើម្បីកាន់អាវុធប្រយុទ្ធ។
បើតាមការផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិធំៗ លោក ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ី គិតថាគាត់អាចវាយគ្រប់គ្រងអ៊ុយក្រែនបានតែក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។ តាមរយៈសារព័ត៌មានទាំងនោះ ក្រុមអ្នកជំនាញផ្សេងៗក៏មានការភ្ញាក់ផ្អើលដែរចំពោះសមត្ថភាពកងទ័ពអ៊ុយក្រែន ដែលបានទប់ទល់កងទ័ពរុស្ស៊ីរហូតមកដល់ពេលនេះ។
ដូច្នេះ ការមិនរត់ចោលសមរភូមិរបស់មេដឹកនាំ គឺពិតជាមានសារសំខាន់ និងចាំបាច់បំផុត។ ភាពសំខាន់ និងចាំបាច់នោះ គឺការពង្រឹងទឹកចិត្តដល់អ្នកគាំទ្រតាមរយៈភាពជាគំរូនៃការលះបង់របស់មេដឹកនាំ ការពង្រឹងប្រសិទ្ធភាពការងារតាមរយៈការសម្រេចចិត្តទាន់ពេលវេលាលើស្ថានភាពជាក់ស្តែងក្នុងសមរភូមិ និងការរក្សានូវភាពស្របច្បាប់ អង់គ្លេសហៅថា legitimacy សម្រាប់ការជួយធ្វើអន្តរាគមន៍របស់សហគមន៍អន្តរជាតិ៕