31 C
Phnom Penh

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ មេសា ថា ការ​រៀបចំ និង​ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ និង​កសិកម្ម ព្រមទាំង​ទេសចរណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ភូមិភាគ​ឦសាន​ជា​ស្នូល នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ក្នុង​ការ​ស្រូប​យក​រំហូរ​វិនិយោគ និង​ការ​អភិវឌ្ឍ។

លោក​បន្ត​ថា ការ​កំណត់​តំបន់​អាទិភាព​សំខាន់ៗ​ដែល​ត្រូវ​រក្សាទុក​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ផែនការ​មេ​នេះ នឹង​ជំរុញ​ឱ្យ​ខេត្ត​មណ្ឌលគិរី ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​សក្ដានុពល​ដ៏​សម្បូរ​បែប​របស់​ខ្លួន តាមរយៈ​ការ​អភិរក្ស​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ និង​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច និង​ការ​ផ្សារភ្ជាប់​ជាមួយ​ពហុ​វិស័យ​ដទៃ​ទៀត។

ចំណែក​ទីតាំង​ចំនួន​៤ ទៀត ក្នុង​នោះ​ក្រុង​សែនមនោរម្យ តំបន់​ស្រុក​អូររាំង ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​ខេត្ត​មណ្ឌលគិរី តំបន់​ប្រជុំជន​នៃ​ស្រុក​កោះញែក និង​តំបន់​ទេសចរណ៍​សមាហរ័ណ​តាម​ច្រក​ព្រំដែន។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ថា ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី មាន​រយៈពេល ១៤​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០៣៥ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ផ្កា បន្លែ ផ្លែឈើ និង​សាច់ សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ប្រទេស និង​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​អនុវត្ត​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក ថោង ខុន ថ្លែង​ថា បើ​តាម​ការ​វិភាគ​របស់​ក្រុម​ការងារ​បច្ចេកទេស វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កំណើន​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ លោក ជុក ជំនោរ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កន្លងមក​ចាប់ពី​ឆ្នាំ​២០៣៥ ភ្ញៀវ​អន្តរជាតិ​មកកាន់​ខេត្ត​មណ្ឌលគិរី នឹង​កើន​ដល់ ៩០​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​ក្នុង​ស្រុក​កើនឡើង​ដល់​ទៅ​ជាង ២​លាន​នាក់។ ការ​កំណត់​យក​ទិសដៅ​អាទិភាព​ចំនួន​៦ ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី នឹង​ធ្វើ​ឱ្យ​ខេត្ត​នេះ​ទទួល​បាន​ចំណូល ៥០០​លាន​ដុល្លារ​ពី​ភ្ញៀវ​ទេសចរ​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ ហើយ​ព្រមទាំង​អាច​បង្កើត​ការងារ​ឱ្យ​ប្រជាជន​បាន​រហូត​ដល់ ៨​ម៉ឺន​កន្លែង​ថែម​ទៀត។

ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ស្រប​ពេល​ដែល​អ្នក​មាន​ប្រាក់ ឧកញ៉ា និង​អ្នក​មាន​អំណាច​បាន​នាំគ្នា​សម្រុក​ចាប់​យក​ដី​ខេត្ត​មណ្ឌលគិរី រួម​ទាំង​ឈាន​ទន្ទ្រាន​ដី​ព្រៃ​តំបន់​ដែន​ជម្រក និង​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដោយ​មាន​ការ​គប់គិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ជាដើម។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បង្ហើប​ថា​មាន​អ្នក​យក​ឈ្មោះ​លោក​ទៅ​ប្រើប្រាស់​ដើម្បី​ចាប់​យក​ដី​រដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ធ្វើជា​កម្មសិទ្ធិ ខណៈ​លោក​មិន​មាន​ដី​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​សូម្បី​តែ​មួយ​តឹក​ផង​នោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស