28 C
Phnom Penh

លោក ស ខេង៖ អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ចាស់ទុំ​ដោយ​មិន​បង្កើត​សត្រូវ​ស្លាប់​រស់​នឹង​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ជាង​មុន ដោយ​មិន​មាន​ការ​បង្ក​ហិង្សា ឬ​ការ​បង្កើត​សត្រូវ​ស្លាប់​រស់​នៅ​តាម​មូលដ្ឋាន​ដោយសារតែ​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ​ទេ។

លោក​បន្ត​ថា អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ គឺជា​មិត្ត​នឹង​គ្នា គ្រាន់តែ​មាន​ទស្សនៈ​គំនិត​ផ្ទុយ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​សុទ្ធសឹងតែ​មាន​គោលបំណង​ចង់​ឱ្យ​ប្រទេស​រីកចម្រើន​ដូច​គ្នា។ ដូច្នេះ​មិន​អាច​ចាត់ទុក​ជាតិ​សាសន៍​ខ្លួនឯង​ជា​សត្រូវ​ស្លាប់​រស់​នោះ​ទេ នេះ​ហើយ​គឺជា​វប្បធម៌​ប្រជាធិបតេយ្យ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ទោះបីជា​មាន​ការ​ឈ្លោះ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ទាំង​នៅ​ក្នុង​អង្គ​ជំនុំ​ណា​មួយ ឬ​នៅ​ក្នុង​សភា​ជាតិ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មិន​មាន​ការ​ចងគំនុំ​គុំកួន​នឹង​គ្នា​ដែរ។

លោក ស ខេង បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ នាំគ្នា​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​លើកឡើង​របស់​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ពី​ភាព​ចាស់ទុំ​នយោបាយ​របស់​គាត់ ដែល​ពលរដ្ឋ​ខ្មែរ​អាច​ទទួល​យក​បាន។ លោក​បន្ត​ថា បើ​ប្រៀបធៀប​នឹង​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​បក្ស បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​ចរិត​កោងកាច និង​គ្មាន​ភាព​ចាស់ទុំ​នយោបាយ​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា អត្តចរិត និង​លក្ខណៈ​សម្បត្តិ​ទាំង​ការ​ប្រើ​សារ​នយោបាយ​របស់​លោក ស ខេង មាន​សុជីវធម៌​ជាង​លោក ហ៊ុន សែន ឆ្ងាយ​ណាស់ ដូច្នេះ​លោក ហ៊ុន សែន គួរតែ​រៀន​យក​គំរូ​តាម​លោក ស ខេង ប្រសិនបើ​គាត់​ចង់​ឱ្យ​ពលរដ្ឋ​ស្រឡាញ់ និង​គាំទ្រ​គាត់​បន្ត​ទៀត។

កាលពី​ចុង​ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ពលរដ្ឋ​ខ្មែរ​ប្រសិទ្ធិនាម​ថា​ជា​មេដឹកនាំ​បែប​ជើងកាង គឺ​លោក ហ៊ុន សែន ប្រកាស​ថា​លោក​កំពុង​រៀបចំ​ផែនការ​តាម​កម្ទេច​ក្រុម​ប្រឆាំង​ដល់​ជីវិត​ចុងក្រោយ ទោះបី​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា ការ​អំពាវនាវ​របស់​លោក ស ខេង មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ប្រសិនបើ​រដ្ឋាភិបាល​ចង់​ឱ្យ​អាជ្ញាធរ​ចូលរួម​លើក​កម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ គប្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​អាជ្ញាធរ​ឱ្យ​មាន​ការ​យល់ដឹង និង​បញ្ឈប់​ការ​គំរាមកំហែង​គ្រប់​រូបភាព​ទៅលើ​ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង។

បើ​តាម​ប្រតិទិន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស