29 C
Phnom Penh

តុលាការ​បញ្ចប់​សួរ​ដេញដោល​សកម្មជន​ជាង​៤០​នាក់​ពាក់ព័ន្ធ​ការ​ត្រឡប់​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​អស់​រយៈពេល ២​ឆ្នាំ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​អង្គារ ទី​១២ មេសា នេះ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​អ្នកស្រី យក់ នាង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។

នៅ​ក្នុង​បន្ទប់​សវនាការ​នេះ ចៅក្រម និង​តំណាង​អយ្យការ​បាន​សួរ​ដេញដោល​អ្នកស្រី យក់ នាង ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ​២០១៩។

ក្រោយពី​សួរ​ដេញដោល​សកម្មជន​បក្ស​ប្រឆាំង និង​អ្នកគាំទ្រ រួម​ទាំង​នគរបាល​យុត្តិធម៌​រួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​បញ្ចប់​សវនាការ​ដេញដោល​ដោយ​ឱ្យ​មេធាវី និង​តំណាង​អយ្យការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​ចូលរួម​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

បើ​តាម​តំណាង​អយ្យការ លោក សេង ហៀង អះអាង​ថា លោក សម រង្ស៊ី ចង់​ចូល​មក​កម្ពុជា​វិញ​ក្នុង​ចេតនា​ទុច្ចរិត​តាមរយៈ​ការ​បំផុសបំផុល​កៀរគរ​ឱ្យ​ពលរដ្ឋ​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​បាន​អំពាវនាវ​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​បែរ​ចុង​កាណុង​ទៅ​រក​រដ្ឋាភិបាល​ថែម​ទៀត។

លោក សេង ហៀង អះអាង​ថា ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី មិនមែន​មក​ដើម្បី​ចូលរួម​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​ការ​ត្រឡប់​នេះ​ក្នុង​គោលបំណង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា នេះ មាន​ជន​ជាប់ចោទ​ជាង ៤០​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស