អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា ដំណើរការនៃការរៀបចំការបោះឆ្នោតនៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺជាការរៀបចំឡើងដោយគណបក្សកាន់អំណាចដែលយកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាវាំងននខ្មៅ ដើម្បីបិទបាំងទង្វើបំពានច្បាប់របស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៩ ខែមេសា ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលត្រូវដឹកនាំការបោះឆ្នោតនៅពេលខាងមុខនេះ គឺជាគណៈកម្មាធិការមួយដែលធ្លាប់បានប្លន់យកកៅអីតំណាងរាស្ត្រ និងកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិកន្លងមក។
លោកបន្តថា ការចូលរួមបោះឆ្នោតក្រោមការដឹកនាំរបស់គណៈកម្មាធិការនេះ គ្រាន់តែជាការជួយលុបលាងទង្វើបំពានច្បាប់របស់ពួកគេ និងជាការលើកទឹកចិត្តឱ្យគណៈកម្មាធិការនេះអាចប្លន់កៅអីបក្សប្រឆាំងក្រោយៗទៀតប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងសង្គមរូបនេះត្អូញត្អែរថា កំហុសដ៏ធំដែលគណបក្សក្រៅរដ្ឋាភិបាល ជាពិសេសមន្ត្រីបក្សប្រឆាំងមិននាំគ្នាទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ចំពោះដំណើរការនៃការបោះឆ្នោត មុននឹងខ្លួនសម្រេចចិត្តចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ។
លោក គឹម សុខ បញ្ជាក់ថា គ្មានគណបក្សណាមួយ ឬមេដឹកនាំនយោបាយណាម្នាក់ដែលមានការគាំទ្រពីពលរដ្ឋជិតកន្លះនគរដូចគណបក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះការនាំគ្នាជួយទាមទារយុត្តិធម៌ឱ្យគណបក្សសង្គ្រោះជាតិ មិនត្រឹមតែជាការផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែរដែលបានបោះឆ្នោតជូនបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែជាការទាមទាររកយុត្តិធម៌ជូនសង្គមជាតិកម្ពុជាទាំងមូលថែមទៀត។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណបក្សនយោបាយនៅកម្ពុជា រួមទាំងមន្ត្រីបក្សប្រឆាំងមួយចំនួនផង បាននាំគ្នាចូលរួមការបោះឆ្នោតទាំងដែលគ្មានបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិនៅពេលដ៏ខ្លីខាងមុខនេះ។
ចំណែកប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ដើម្បីកែប្រែរបៀបដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ ជាពិសេសការដឹកនាំនៅមូលដ្ឋាន គណបក្សរបស់លោកត្រូវតែចូលរួមការបោះឆ្នោតនេះ ដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋក្នុងការសម្រេចផែនការដឹកនាំឃុំគំរូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចទៅថ្ងៃមុខ។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា ការបោះឆ្នោតនេះគឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីផ្តល់អ្នកតំណាងជូនពលរដ្ឋដើម្បីបម្រើពួកគាត់នៅមូលដ្ឋាន ស្របពេលដែលពលរដ្ឋតែងតែត្អូញត្អែរទូទាំងប្រទេសអំពីការដឹកនាំរបស់មេឃុំ និងចៅសង្កាត់របស់បក្សកាន់អំណាចកន្លងមក ដែលមិនអាចបំពេញការងារឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពលរដ្ឋនៅឯមូលដ្ឋានបាន។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតចូលមកដល់ហើយ បើគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ រហូតដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នៅសល់តែរយៈពេលត្រឹមតែ ៤៦ថ្ងៃទៀតប៉ុណ្ណោះ ខណៈគណបក្សនយោបាយដែលចូលរួមប្រកួតមានចំនួន ១៧គណបក្ស ដែលនឹងត្រូវដាក់បេក្ខជនរបស់ខ្លួនទៅតាមឃុំ-សង្កាត់ទូទាំងប្រទេសចំនួន ១៦៥២ឃុំក្នុងការប្រកួតនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការចូលរួមបោះឆ្នោតជាមួយបក្សកាន់អំណាចដោយមិនទាមទារឱ្យមានការកែប្រែនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ មុននឹងចូលរួមការប្រកួតនេះ គឺជាការជួយឱ្យបក្សកាន់អំណាចអាចបន្លំភ្នែកអន្តរជាតិ ដើម្បីបន្តកាន់អំណាចផ្ដាច់មុខដូចសព្វថ្ងៃបានយូរអង្វែងទៅថ្ងៃមុខបន្តទៀតប៉ុណ្ណោះ មិនមែនជាការជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ៕