ក្នុងការគ្រប់គ្រងចាត់ចែងសេដ្ឋកិច្ចជាតិ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងចាត់ចែងរបៀបដូចម្តេច?
ក្នុងភាគទី១ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ពិនិត្យមើលរបៀបចាត់ចែងធនធានភោគទ្រព្យជាតិ ថាតើការពិតនៅឯណា។
ប្រទេសមួយរស់រាន រីកចម្រើន រុងរឿង ពលរដ្ឋសប្បាយរីករាយ មានសុខភាពល្អគ្រប់ៗគ្នាអាស្រ័យលើសេដ្ឋកិច្ចជាតិលូតលាស់។ សេដ្ឋកិច្ចជាតិលូតលាស់អាស្រ័យលើការគ្រប់គ្រងចាត់ចែងសម្បត្តិទ្រព្យជាតិ មានធនធានធម្មជាតិជាដើម បានល្អប្រសើរ មិនខ្ជះខ្ជាយ បង្ហិនបង្ហោច បំផ្លិចបំផ្លាញឲ្យខាតប្រយោជន៍ជាតិ។ ការគ្រប់គ្រងចាត់ចែងធនធានធម្មជាតិបានត្រឹមត្រូវ នាំមកនូវចំណូល ហៅថាថវិកាដល់ឃ្លាំងរដ្ឋ ឬរតនាគារសម្រាប់ស្ថាបនា អភិវឌ្ឍជាតិ ជួយឧបត្ថម្ភពលរដ្ឋឲ្យមានជីវភាពសមរម្យ រក្សាសុខុមាលភាព និងឈានទៅដល់សុភមង្គលដូចគ្នា ឬប្រហាក់ប្រហែលគ្នា។
សេដ្ឋកិច្ចជាពាក្យដែលមនុស្សម្នានិយាយសព្វថ្ងៃសំដៅទៅលើស្ថានភាពនៃជីវភាពដែលខ្លួនមាន ឬគ្មាន ឬខ្វះខាត មិនគ្រប់គ្រាន់ ស្ថានភាពនៃជីវភាពដែលខ្លួនរកចំណូលបាន ឬមិនបាន។ ឧទាហរណ៍ដូចជា សេដ្ឋកិច្ចគ្រួសារមាន ឬក្រខ្សត់ សេដ្ឋកិច្ចជាតិរីកចម្រើន កើនឡើង ឬឱនថយ ធ្លាក់ចុះ។ ខ្មែរប្រែពាក្យសេដ្ឋកិច្ចទៅជាភាសាអង់គ្លេសថា economy ជាភាសាបារាំងថា économie។
ចំពោះពាក្យអង់គ្លេស economy ឬពាក្យបារាំង économie វិញ តាមវចនានុក្រមភាសាអង់គ្លេស Collins, Mariam Webster, Cambridge និង Wikipedia មានឫសគល់ពីពាក្យក្រិក ដែលមានន័យថា ការចាត់ចែងគ្រប់គ្រងក្នុងផ្ទះសម្បែង ពោលគឺមានន័យថា ចាត់ចែងគ្រប់គ្រងធនធានដែលមាន ទោះតិចក្តី ច្រើនក្តី ឲ្យហ្មត់ចត់ប្រយ័ត្នប្រយែងកុំឲ្យខ្ជះខ្ជាយខាតបង់។
បើនិយាយពីប្រទេសជាតិ គឺ economy ការចាត់ចែង គ្រប់គ្រង ប្រើប្រាស់ទ្រព្យសម្បត្តិក្នុងប្រទេសមួយ ដូចជាលុយកាក់ប្រាក់កាស ធនធានធម្មជាតិជាដើម ឲ្យត្រឹមត្រូវតាមបែបបទ ក្បួនខ្នាតលើធនធានដែលខ្សត់នៅក្នុងផលិតកម្ម ការចែកចាយ ជួញដូរ លក់ផលិតផល និងក្នុងឧស្សាហកម្ម។ បើពុំមានការចាត់ចែង គ្រប់គ្រងធនធានធម្មជាតិក្នុងប្រទេសមួយនោះត្រឹមត្រូវដោយប្រការណាមួយ ប្រទេសនោះហិនហោចធនធានធម្មជាតិ សេដ្ឋកិច្ចឱនថយ ដើរសុំជំនួយគេ ដើរបុលគេ សុខុមាលភាពប្រជាពលរដ្ឋដុនដាប ក្ររហាម គ្មានសុភមង្គល។
ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក សម្បូរពេជ្រជាងគេលើពិភពលោក ប៉ុន្តែប្រជាពលរដ្ឋមិនត្រឹមតែគ្មានពេជ្រល្អពាក់ទេ ថែមទាំងក្រីក្រតោកយ៉ាកទៀតផង។
សេដ្ឋកិច្ច ឬសេដ្ឋកម្ម តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានន័យថា កិច្ចការប្រសើរបំផុត; មុខរបរដ៏ឧត្តម; មុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗ។ សេដ្ឋកម្ម ឬសេដ្ឋកិច្ច ឬកិច្ចការ មុខរបរ គឺមនុស្សជាអ្នកគ្រប់គ្រងចាត់ចែង។ កិច្ចការ ឬមុខរបរទាំងឡាយនឹងមានភាពប្រសើរដ៏ឧត្តមបំផុតនោះ លុះត្រាតែមនុស្សមានការយល់ឃើញត្រូវ (សម្មាទិដ្ឋិ) ការត្រិះរិះត្រូវ ឬគិតត្រូវ (សម្មាសង្កប្បៈ) ការធ្វើកិច្ចការងារត្រូវ (សម្មាកម្មន្តៈ) ការរកស៊ីចិញ្ចឹមជីវិតត្រូវ (សម្មាអាជីវៈ)។
ប្រទេសកម្ពុជា ដែលហៅថាទឹកដីសុវណ្ណភូមិ សម្បូរទៅដោយធនធានធម្មជាតិ ព្រៃឈើប្រណីតៗ ដីមានជីជាតិ រ៉ែក្នុងដីលើដីក្នុងសមុទ្រ មានប្រេងកាត មាស ត្បូង ធ្យូងថ្ម បឹងទន្លេសាបពោរពេញដោយត្រីគ្រប់មុខ។ ទឹកដីដែលគួរតែជាទឹកដី សេដ្ឋៈ ឬទឹកដីប្រសើរលើសលន់ ឧត្តុង្គឧត្តមនោះ បានក្លាយជាទឹកដីដូចត្រូវបណ្តាសា curse អភ័ព្វចង្រៃ ឧបទ្រព អពមង្គល ព្រោះតែមគ្គទេសក៍ ឬការដឹកនាំមិនត្រឹមត្រូវតាមបែបបទក្បួនខ្នាត មិនត្រឹមត្រូវតាមន័យនៃពាក្យថា សេដ្ឋកម្ម ឬសេដ្ឋកិច្ច។

ក្នុងរយៈកាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតកន្លះសតវត្សមកនេះ អតីតបក្សកុម្មុយនីស្តហៅថាបក្សប្រជាជនបដិវត្តន៍កម្ពុជា បានរុញច្រានទឹកដីសុវណ្ណភូមិពីរបៀបរបបគ្រប់គ្រងមួយតាមបែបប្រជាធិបតេយ្យសមរម្យតាមសម្មាទិដ្ឋិ កាន់តែធ្លាក់ទៅជានគរប្រកបដោយអាការមិច្ឆាទិដ្ឋិ ពោរពេញដោយកិច្ចការ ឬមុខរបរទាំងឡាយពុំមានភាពប្រសើរដ៏ឧត្តមបំផុតនោះទេ ប៉ុន្តែពោរពេញទៅដោយការយល់ឃើញខុស (មិច្ឆាទិដ្ឋិ) ការត្រិះរិះខុស ឬគិតខុស (មិច្ឆាសង្កប្បៈ) ការធ្វើកិច្ចការងារខុស (មិច្ឆាកម្មន្តៈ) ការរកស៊ីចិញ្ចឹមជីវិតខុស (មិច្ឆាអាជីវៈ) ផ្ទុយពីព្រះពុទ្ធឱវាទ។ ប្រទេសកាន់ជំនឿព្រះពុទ្ធសាសនាមួយនេះ ក្លាយជាទឹកដីជានគរសម្បូរការប្រព្រឹត្តបាបកម្ម ជាចោរកម្មាធិបតេយ្យ kleptocracy គ្រប់គ្រងចាត់ចែងដោយនាហ្មឺន មន្ត្រីរាជការ ទាហានស៊ីវិល សឹងតែគ្រប់ស្ថាប័នរដ្ឋមានប្រវត្តិអសីលធម៌ អយុត្តិធម៌ រំលោភជិះជាន់មនុស្ស ពុករលួយ លួចប្លន់ភោគទ្រព្យជាតិ ធ្វើឃាតមនុស្ស បំពានរដ្ឋធម្មនុញ្ញ បំពានច្បាប់ប្រទេសរបស់ខ្លួន។
ក្នុងរយៈអន្តរកាលនៃការប្តូរធាតុអាការពីមនោគមវិជ្ជា កុម្មុយនីស្តនិយម សង្គមនិយម មកជាអាការមនោគមវិជ្ជាមូលធននិយមបែបលោកសេរី បស្ចិមប្រទេសចុងទសវត្ស១៩៨០ បក្សប្រជាជនកម្ពុជាបានបែងចែកចាយសម្បត្តិជាតិឲ្យក្រុម បក្ខពួក ជាគ្រួសារ ជាមិត្ត ជាក្លើ ជាម្រាក់។ ក្រោយរៀងមក គេបែងក្រឡាចែកផលប្រយោជន៍គ្នាទៅវិញទៅមកលើធនធានធម្មជាតិខ្មែរពាសពេញផ្ទៃប្រទេស ដោយគ្មានប្រជាពលរដ្ឋណាដឹងឮឡើយ។
អ្នកចេញពីសាលាកុម្មុយនីស្តនិយម និងសង្គមនិយម គេរៀនទ្រឹស្ដីមួយពីទស្សនវិទូ និងមេបដិវត្តន៍ណាមួយក្នុងចំណោមមេមនោគមវិជ្ជា ៣នាក់៖
- កាល់ ម៉ាក្ស ( Karl Heinrich Marx) (សតវត្សទី១៩, ១៨១៨−១៨៨៣)
- វឡាឌីមៀ ឡេនីន (Vladimir Ilyich Lenin) (ពីសតវត្សទី១៩-ទី២០, ១៨៧០-១៩២៤)
- ហ្សោហ្សេហ្វ ស្តាលីន (Joseph Vissarionovich Stalin) (សតវត្សទី២០, ១៩២២-១៩៥៣) ពេលគេប្រឆាំងនឹងទស្សនៈសេដ្ឋកិច្ច ឬទីផ្សារសេរី។
គេថា៖ ពួកនាយទុននិយមនឹងលក់ខ្សែពួរឲ្យយើង ដែលយើងនឹងយកទៅព្យួរកពួកគេវិញ។ សព្វថ្ងៃនេះ អ្នកទាំងនោះរស់ជាមួយលុយដុល្លារពីក្រុមនាយទុនពីសេដ្ឋកិច្ចមូលធននិយមទាំងអស់គ្នា។
ក្នុងអាជីវកម្មបំផ្លាញជាតិពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ដីខ្សាច់ទន្លេ និងសមុទ្រលក់ចេញទៅឲ្យប្រទេសសិង្ហបុរី មានទឹកប្រាក់ប្រមាណ ៧០០លានដុល្លារ។ នាយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស៊ុយ សែម ថាបានចំណូលតែប្រមាណ ៥លានដុល្លារប៉ុណ្ណោះ។ ចំណូលពីក្រុមហ៊ុនរាវរ៉ែដទៃទៀតក្នុងឆ្នាំ២០១៦ ត្រូវបាន ៨០លានដុល្លារ ប៉ុន្តែក្រសួងថាបានចំណូលតែ ១៧លានដុល្លារ។
ទស្សនាវដី្តជប៉ុន Japan Times ផ្សាយខែឧសភា ឆ្នាំ២០២១ ថា ដីខ្សាច់ស្រុកខ្មែរបូមជិតអស់ហើយ។ អ្នកខ្លះធ្វើភ្នែកស្លឺមិនជឿថាខ្សាច់អាចអស់ ទោះជាបូមលក់អស់ ៥៥លានតោនក្នុងឆ្នាំ២០១១ ក៏ដោយ។

ការបន្លំ លួច ប្លន់ គៃប្រវ័ញ្ច ស៊ីសំណូកសូកប៉ាន់ពីពួកមន្ត្រីពុករលួយគគ្រក់ទាំងអស់នោះ មិនត្រឹមតែក្នុងរឿងលក់ដីខ្សាច់ប៉ុណ្ណោះទេ ព្រៃឈើខ្មែរក៏ហិនហោច រ៉ែមាស រ៉ែត្បូង រ៉ែប្រេងកាតក៏មិនផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដីម្ចាស់នគរដែរ។ ប្រេងកាតបូមបាន ចោរលួចដឹកយកអស់ រ៉ែមាសចិនកាយខ្ទេច ដឹកទៅរែងស្រុកគេសឹងតែរលាយភ្នំក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ តំបន់ព្រៃសម្បទានសេដ្ឋកិច្ចរាប់សែនហិកតារ មុខរបរធំៗជាដង្ហើមសេដ្ឋកិច្ចជាតិស្ថិតនៅក្នុងដៃបក្សពួក មិត្តភ័ក្ដិ ក្រុមគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមសេចក្តីរាយការណ៍ស្រាវជ្រាវនៃអង្គការឃ្លាំមើលព្រៃឈើពិភពលោក (Global Forest Watch) ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ ប្រទេសកម្ពុជាបាត់បង់ផ្ទៃដីព្រៃឈើគ្របដណ្តប់ទំហំ ២លាន ២សែនហិកតារ។
ភ្នាក់ងារស៊ើបអង្កេតខាងបរិស្ថាន (Environmental Investigative Agency) និងអង្គការ Global Initiative រាយការណ៍ក្នុងឆ្នាំ២០២១ ថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនយៀកណាម ភីអិនធី និង ធី ង៉ា កាប់ឈើដឹកចេញទៅយៀកណាម មានទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ក្រុមហ៊ុន Think Biotech និងអង្គរប្លាយវោធ (Angkor Plywood) កាប់ឈើដឹកចេញមានទឹកប្រាក់ជាង ៤០០លានដុល្លារ។ ក្រៅពីនេះមានក្រុមហ៊ុនឈ្មួញឈ្មោះ ទ្រី ភាព ទៀត ប៉ុន្តែពុំមាននរណាដឹងថាមានទឹកប្រាក់ចំនួនប៉ុន្មានទេ។
ក្រៅពីតែអំពើគប់គិត ស៊ីសំណូក ពុករលួយ លួចលុយជាតិដែលបាត់ថវិកាមួយឆ្នាំៗយ៉ាងតិច ៥០០លានដុល្លារ បើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Carol Rodley ថ្លែងនៅពាក់កណ្តាលឆ្នាំ២០០៩ នោះ ឈ្មួញ ពាណិជ្ជករ អាជីវករ សហគ្រិន ជាពិសេសអ្នករកស៊ីមានខ្សែ ឬខ្នងក្រាស់នឹងមេដឹកនាំ ក៏មិនបង់ពន្ធដារឲ្យរដ្ឋត្រឹមត្រូវលើផលចំណេញរបស់ខ្លួនដែរ។ ប៉ុន្តែពេលរកខ្ចីបុលបរទេស ប្រមុខរដ្ឋាភិបាលតែងតែបង្ហើរពាក្យពេចន៍ស្រស់ស្រាយអំពីការប្រមូលពន្ធដារបានសន្ធឹកសន្ធាប់ចូលរដ្ឋ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធនាថ្ងៃទី៣០ ខែមីនា កន្លងទៅនេះថា៖ លោកសប្បាយចិត្តយ៉ាងខ្លាំងថ្ងៃនេះ ពីព្រោះជាថ្ងៃដែលរដ្ឋប្រមូលពន្ធដារបានជាង ៦០០លានដុល្លារមកទល់ខែមីនា មួយគត់។ ក្នុងត្រីមាសដើមឆ្នាំ២០២២ រដ្ឋប្រមូលពន្ធ ១២០០លានដុល្លារ។

យោងតាមការចុះផ្សាយពីព្រឹត្តិបត្រសេដ្ឋកិច្ចឈ្មោះ B2B (Business 2 Business) ពាក់កណ្តាលខែមករា ឆ្នាំ២០២២ រាជរដ្ឋាភិបាលអះអាងថា ផលទុនក្នុងស្រុកសរុបជាចំណូលម្នាក់ៗ ហៅតាមអង់គ្លេសថា per capita GDP ក្នុងមួយឆ្នាំ២០២២ មានចំនួន ១៨៤២ដុល្លារ ($1,842) លើសពីឆ្នាំ២០២១ ដែលមាន ១៧៣០ដុល្លារ ($1,730)។ ក្នុងឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ផលិតផលកសិកម្មលក់ចេញបានចំណូលជិត ៤ពាន់លានដុល្លារ។ ផលិតផលគ្រាប់ធញ្ញជាតិទាំងអស់មានតម្លៃស្មើនឹងជិត ១១ពាន់លានដុល្លារ នាំចេញសត្វចតុបាទយកសាច់បរិភោគក្នុងឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ជាង ៦៦លានដុល្លារ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា រាយការណ៍ថា ក្នុងឆ្នាំ២០២១ នាំចេញកង់ជិះមានទឹកប្រាក់ជាង ៥៦៦លានដុល្លារ ហើយការដាក់ទុនវិស័យសំណង់អចលនទ្រព្យមានទឹកប្រាក់ជាង ៥០០លានដុល្លារក្នុងឆ្នាំដដែល។ បើសេចក្តីរាយការណ៍ទាំងនេះមានសេចក្តីពិត ឥតក្លែងបន្លំ ប្រទេសកម្ពុជាមានភ័ព្វសំណាងលើសប្រទេសដទៃក្នុងលោក ព្រោះថាប្រទេសក្នុងពិភពលោកមានសេដ្ឋកិច្ចធ្លាក់ចុះ អាជីវកម្មបិទទ្វារ មនុស្សអត់ការងារធ្វើ បាត់បង់ចំណូលនោះ។
ដោយឡែកពីរឿងសេដ្ឋកិច្ចកើនឡើងក្រឺតៗក្នុងរយៈកាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅប្រទេសកម្ពុជា ពលរដ្ឋខ្មែរគិតថារដ្ឋមានថវិកាអភិវឌ្ឍជាតិ មិនបាច់ដើរខ្ចីបុលអ្នកណា ស្រុកណាទេ។ ផ្ទុយទៅវិញ នៅថ្ងៃទី២៩ ខែមីនា កន្លងទៅនេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ថ្លែងថា ក្រសួងកំពុងរង់ចាំបំណុលសម្បទាន ឬហៅតាមអង់គ្លេសថា concession loans ចំនួនពី ៦០ ទៅ ៧០លានដុល្លារពីភាគីចិន ដើម្បីជួសជុលកំណាត់ផ្លូវពីទីរួមខេត្តកំពត ទៅវាលរេញ ប្រវែង ២០គីឡូម៉ែត្រ។ ផ្លូវចម្ងាយ ២០គីឡូម៉ែត្រមានកំណាត់ប្រវែង ៥គីឡូម៉ែត្រជាប្រភេទដីស្អុយជីកកាយចុះក្រោមជម្រៅ ១៨ម៉ែត្រ។ រីឯកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រទៀត ត្រូវការចាក់គ្រឹះចាក់បេតុងពង្រឹងបន្ថែម ដើម្បីធានាគុណភាពតាមក្បួនបច្ចេកទេសមិនឲ្យបាក់ស្រុត។
ចំណុចនេះ បង្កជាចម្ងល់ថា ហេតុអ្វីរាជរដ្ឋាភិបាលប្រទេសកម្ពុជារកថវិកាជួសជុលផ្លូវថ្នល់ ២០គីឡូម៉ែត្រ ចាក់កៅស៊ូឲ្យបានល្អសម្រាប់ពលរដ្ឋធ្វើដំណើរមិនបាន បើសេដ្ឋកិច្ចចម្រើនជឿនលឿន មានចំណូលពីគ្រប់វិស័យច្រើនសន្ធឹកសន្ធាប់ម្ល៉ឹងៗនោះ?
កង្វះថវិកាជាតិខ្លួនឯងគ្រប់គ្រាន់រាល់ពេលដើម្បីស្ថាបនា ឬជួសជុលអ្វីទេនោះ មានតែមូលហេតុធំៗពីរប៉ុណ្ណោះ៖ យកចំណូលរកបានទៅសងគុណសងបំណុលជំពាក់គេវ័ណ្ឌក ឬមួយយកចំណូលរកបានទៅចែកគ្នារបៀបពុករលួយជាប្រព័ន្ធប្រទាក់ក្រឡាដូចគេថាមែន។
សូមរង់ចាំអាន និងស្តាប់ភាគទី២ នៅពេលក្រោយ៕