កម្ពុជាមានតម្លៃធនធានធម្មជាតិល្មមនឹងអភិវឌ្ឍជាតិដោយខ្លួនឯងបាន មិនចាំបាច់ខ្ចីបុលឲ្យជំពាក់បរទេសរុំសួតនោះទេ។ តើវាសនារបស់កម្ពុជានឹងដូចប្រទេសខ្លះដែលជំពាក់បំណុលមហាអំណាចកុម្មុយនីស្ត ហើយនាំឲ្យកម្ពុជាបាត់បង់អធិបតេយ្យ និងបូរណភាពទឹកដីដែរឬទេ?
ក្នុងភាគទី២ ជាភាគបញ្ចប់នេះ លោក ហាស់ សាន រាយការណ៍អំពីបំណុល និងសម្បទាន ថាតើគ្រោះថ្នាក់កម្រិតណាដល់ជាតិ។
ការខ្ចីបុលជំពាក់បរទេសរុំកោះរុំសួត ការជំពាក់គុណបរទេសព្រោះក្រាញអំណាចនៃអ្នកដឹកនាំប្រទេសមួយបណ្តាលឲ្យដឹងគុណគេរហូត ហើយនឹងឈានទៅដោះបំណុលដោះគុណបំណាច់ទាំងឡាយដោយវិធីផ្តល់សិទ្ធិឲ្យបរទេសកាន់កាប់ដីធ្លី ហៅថាធ្វើសម្បទានដីធ្វើអាជីវកម្មទាំងលើដី ទាំងក្នុងដី និងហ៊ានឈានទៅបំពានរដ្ឋធម្មនុញ្ញ អធិបតេយ្យជាតិ បូរណភាពទឹកដីនៃប្រទេសនោះមិនខានឡើយ។
មេដឹកនាំរាជរដ្ឋាភិបាលនៃបក្សប្រជាជនកម្ពុជា បានធ្វើសម្បទានទឹក ដី ដែនគោក កោះ ដែនសមុទ្រ ធនធានធម្មជាតិ ព្រៃព្រឹក្សា មច្ឆជាតិរាប់ទសវត្សកន្លងមក ឲ្យទៅក្រុមយៀកណាម ដែលមានគុណបំណាច់ដល់ថ្ងៃ៧មករា។ ក្រុមហ៊ុនទាំងនោះកាន់កាប់ផ្ទៃដីរាប់សែនហិកតារក្នុងថេរវេលាពី ៥០ ទៅ ៩៩ឆ្នាំ និងការពារដោយកម្លាំងប្រដាប់អាវុធនៃកងទ័ពប្រជាជនយៀកណាមជាច្រើនអង្គភាពក្នុងទឹកដីខ្មែរពី ប៊ិញឌ័ន (Binh Boan 15) ឬអង្គភាពលេខ១៥។ អ្នកគ្រប់គ្រងក្រុមហ៊ុនខ្លះនៅកន្លែងខ្លះក្លែងខ្លួនជាជនស៊ីវិល។ បន្ទាប់មក គេធ្វើសម្បទានដីខ្មែរឲ្យក្រុមហ៊ុន សហគ្រាសចិន ដែលភាគច្រើនប្រើទុនរដ្ឋនៃបក្សកុម្មុយនីស្តចិន។ ចិនប្រើលុយឲ្យរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ប្រើប្រាស់ចាយវាយក្នុងទិសដៅក្នុងបំណងគ្រប់គ្រងកាន់កាប់ផ្ទៃដីសម្បទានធ្វើជាទីតាំងយុទ្ធសាស្ត្រ ទាំងសម្រាប់ខាងផលិតកម្មស្បៀងអាហារ ទាំងសម្រាប់ជាខ្សែក្រវាត់ការពារជួរមុខដល់ប្រតិបត្តិការយោធាក្នុងតំបន់ឈូងសមុទ្រថៃឡង់ដ៍។
មន្ត្រីរាជរដ្ឋាភិបាល ទាំងស៊ីវិល ទាំងយោធាពីមេកំពូលដល់មេខាងក្រោម បានចេញមុខព្រោងព្រាតបដិសេធសេចក្តីរាយការណ៍ក្នុងកាសែតអាមេរិកាំង The Wall Street Journal ក្នុងខែកក្កដា ឆ្នាំ២០១៩ ស្តីអំពីកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋអំណាចក្រុងភ្នំពេញ និងរដ្ឋអំណាចក្រុងប៉េកាំង ដើម្បីឈូសឆាយអគារសង់ដោយជំនួយអាមេរិកាំង រួចសង់ពង្រីកធ្វើទំនើបភាវូបនីយកម្មមូលដ្ឋានកងនាវាចរណ៍រាមដោយជំនួយចិនវិញ ថាជាសេចក្តីរាយការណ៍គ្មានការពិត។ សេចក្តីរាយការណ៍នោះសរសេរថា កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឲ្យកងទ័ពរំដោះចិនមានសិទ្ធិប្រើប្រាស់ កាន់អាវុធចេញចូលទីតាំងផ្ទៃដីមួយផ្នែករយៈពេល ៣០ឆ្នាំ ហើយបន្តដោយស្វ័យប្រវត្តិរៀងរាល់ ១០ឆ្នាំ។ ទាហានចិនអាចកាន់លិខិតឆ្លងដែនខ្មែរបាន រីឯទាហានខ្មែរគ្មានសិទ្ធិចេញចូលទីតាំងចិនគ្រប់គ្រងនោះទេ។
ផ្សេងពីហ្នឹងទៀត ក្រុមហ៊ុនចិន យូឌីជី (UDG) ពង្រីកតំបន់តារាសាគរខេត្តកោះកុង មានផែសមុទ្រ វាលយន្តហោះដ៏ធំធេង ជាក្រុងចិន China Town ប្រៀបប្រដូចនឹងក្រុងហុងកុង ឬក្រុងម៉ាកាវ នៅមាត់ឈូងសមុទ្រថៃឡង់ដ៍។ ក្រុងចិននៅតំបន់តារាសាគរដែលប្រើទុនប្រមាណ ៤ពាន់លានដុល្លារ ជាគម្រោងអភិវឌ្ឍន៍អន្តរជាតិមួយរបស់ប្រទេសចិនក្នុងគម្រោងផែនការហៅថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative = BRI) អនុញ្ញាតឲ្យចិនកាន់កាប់ប្រយោជន៍ ១០០% ក្នុងថេរវេលា ៩៩ឆ្នាំ។ ចិនគ្រោងដាក់ទុនក្នុងគម្រោង ប្រ៊ី ចំនួន ៥៣០០លានដុល្លារនៅប្រទេសកម្ពុជាតែមួយគត់។

បំណុលដែលប្រទេសកម្ពុជាជំពាក់បរទេសកើនឡើងរហូតរៀងរាល់ឆ្នាំ។ តាមមជ្ឈមណ្ឌលស្រាវជ្រាវ Census Economic Information Center (CEIC) បំណុលបរទេសសរុបគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ មានចំនួនជិត ១៩ពាន់លានដុល្លារ ហើយប្រមាណជិតពាក់កណ្តាល គឺ ៥០% ជំពាក់ចិន គឺជាង ៩ពាន់លានដុល្លារ។ ប្រទេសកម្ពុជាជំពាក់បំណុលជប៉ុន ៩% នៃបំណុលបរទេសសរុប។ ក្រៅពីនេះ ជំពាក់ប្រទេសបារាំង កូរ៉េខាងត្បូង និងថៃឡង់ដ៍។
តាមសេចក្តីរាយការណ៍ពីប្រភពរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចជាង ៥% នាំឲ្យកើនផលទុនក្នុងស្រុកសរុប GDP ស្មើនឹងជិត ៣២ពាន់លានដុល្លារឆ្នាំ២០២១ ហើយលោក ហ៊ុន សែន ថារដ្ឋប្រមូលពន្ធដារ និងពន្ធគយបានចំនួនជាង ៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
ទោះជាដូច្នេះក្តី វេបសាយស្រាវជ្រាវសេដ្ឋកិច្ច ជំនួញ និងទារបំណុលមួយឈ្មោះ coface (Compagnie Française d’Assurance pour le Commerce Extérieux) ផ្សាយថា ក្នុងឆ្នាំ២០២២ ក្រៅពីបំណុលបរទេស ប្រទេសកម្ពុជាមានបំណុលសាធារណៈ គឺការខ្ចីបុលពីក្រុមហ៊ុនឯកជន និងនាយទុនធំៗមានមហាសេដ្ឋីជាដើម ជាប់ប្រមាណជិត ៣៩% ថែមទៀត ដែលត្រូវសង ហើយតុល្យភាពរវាងថវិកាជាតិ និង GDP ឆ្នាំនេះចុះថយជិត ៤%។ តុល្យភាពគណនីឆ្នាំ២០២២ ខើចជាង ១៦% ពីផលទុនក្នុងស្រុកសរុប ឬ GDP។ ហេតុនេះហើយបានជារាជរដ្ឋាភិបាលខ្វះថវិកាចំណាយ តម្រូវឲ្យសុំខ្ចីបុលថែម ដោយប្រើសិទ្ធិសុំខ្ចីប្រាក់ ហៅថា Special Drawing Rights (SDR) ចំនួន ៨% ពី GDP ក្នុងខែសីហា ឆ្នាំ២០២១ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មើលទៅដូចជាពិបាករើខ្លួនរួចពីបំណុល ហើយប្រទេសដែលអាចពឹងពាក់បានដើម្បីខ្ចីបុលបន្ថែមមានតែប្រទេសចិនមួយគត់ដូចជាមានចិត្តទូលាយជាងគេ។ បំណុលចិន ជំនួយចិនគ្មានចំណងកាន់តែគរច្រើនឡើងៗ ដូច្នេះធ្វើឲ្យរាជរដ្ឋាភិបាលជំពាក់គុណចិន ដែលបស្ចិមប្រទេសមើលឃើញថា នឹងរុញប្រទេសកម្ពុជាវិលត្រឡប់ក្រោយជាប្រទេសរណបកុម្មុយនីស្តមិនខានឡើយ។ ជាថ្នូរតបស្នងនឹងគុណបំណាច់នោះ រាជរដ្ឋាភិបាលអាចយល់ព្រមតាមសំណូមពរចិន ស្នើសុំសិទ្ធិប្រើប្រាស់ទឹកដីខ្មែរ រួចកាត់ ឬលុបចោលបំណុលខ្លះមិនបាច់សងវិញ។
រឿងសម្ងាត់ដូចជាវត្ថុបីយ៉ាងលាក់ទុកយូរមិនបានដូចព្រះអាទិត្យ ព្រះចន្ទ និងសច្ចៈ ក្រោយពីសេចក្តីរាយការណ៍ក្នុងកាសែតអាមេរិកាំងទាក់ទិននឹងមូលដ្ឋាននាវាចរណ៍រាម ឆ្នាំ២០១៩ សឲ្យឃើញច្បាស់ថែមទៀតបន្ទាប់ពីកាសែត South China Morning Post ផ្សាយថ្ងៃទី៣១ ខែមីនា ថាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ចុះអនុស្សរណៈយោគយល់គ្នាដោយស្ងាត់ៗជាមួយមេបញ្ជាការកងទ័ពជើងគោកចិន ឧត្តមសេនីយ៍ Liu Zhenli។ វរសេនីយ៍ឯក វូ ជៀន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន មិនបានរៀបរាប់ល្អិតល្អន់អំពីអនុស្សរណៈចុះហត្ថលេខារវាងមេទ័ពទាំងពីរនោះទេ គ្រាន់តែនិយាយថា ចិន និងកម្ពុជា ជាអ្នកជិតខាងគ្នា និងជាមិត្តរឹងដូចពាសដែកបានមូលមាត់គ្នាជាឯកច្ឆន្ទជាស្ថាពរប៉ុណ្ណោះ។
កិច្ចព្រមព្រៀងហៅថាអនុស្សរណៈយោគយល់គ្នាថ្មីនេះ ធ្វើឡើងបន្ទាប់ពីភាគីចិនជាម្ចាស់បំណុលចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន ជាកូនបំណុលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយ ២០០០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសអូស្ត្រាលី។ មេដឹកនាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានសម្ដែងក្តីបារម្ភចំពោះបញ្ហាសន្តិសុខក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ អ្នកវិភាគបស្ចិមប្រទេសនិយាយថា ចិនកំពុងព្យាយាមរឹតចំណងខាងសន្តិសុខជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលសហរដ្ឋអាមេរិក។
ទោះជាប្រទេសកម្ពុជា មិនទាន់ធ្លាក់ក្នុងភយន្តរាយណាមួយដោយសារបំណុលចិន ព្រមទាំងសំអាងដោយមិត្តភាពយូរលង់មកនោះក៏ដោយ មានប្រទេសមួយចំនួនហើយដែលជាប់បំណុលចិនដោះមិនរួច ហើយប្រគល់សម្បត្តិទ្រព្យដូចជាកំពង់ផែ អាកាសយានដ្ឋានជាដើម ហើយនិងអធិបតេយ្យជាតិរបស់ខ្លួន ដូចជាដែនដី ដែនទឹក ដែនអាកាស ឲ្យចិនគ្រប់គ្រងជាថ្នូរកាត់បំណុល។ ប្រទេសស្រីលង្កា ជំពាក់ចិនតែ ១ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៧ ប្រគល់កំពង់ផែសមុទ្រឲ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ប្រទេសចំនួន ៨ទៀត កំពុងលូនចូលអន្ទាក់បំណុលចិនតាមផែនការ ប្រ៊ី គឺជីប៊ូទី (Djibouti) តាជីគីស្ថាន (Tajikistan) ឃើហ្គីស្ថាន (Kyrgyzstan) លាវ (Laos) ម៉ាល់ឌីវ (Maldives) ម៉ុងហ្គោលី (Mongolia) ប៉ាគីស្ថាន (Pakistan) ម៉ុងតេណេហ្គ្រោ (Montenegro)។
ទោះជាបែបនេះក្តី ប្រទេសប៉ាគីស្ថាន និងនេប៉ាល់ បានបដិសេធមិនព្រមទទួលបំណុលចិនឲ្យខ្ចីថែមកាលពីឆ្នាំ២០១៧។
លោក ហ៊ុន សែន ធ្លាប់បានអះអាងប្រាប់ពលរដ្ឋខ្មែរថា លោកគ្មានបារម្ភនឹងធ្នាក់ ឬអន្ទាក់បំណុលចិននោះឡើយ។ ពលរដ្ឋខ្មែរក៏មិនដឹងថាលោកសំអាងលើអ្វីដែរ ព្រោះលោក ហ៊ុន សែន មិនដែលបកស្រាយប្រាប់ពលរដ្ឋខ្លួនប្រកបដោយតម្លាភាពនោះដែរ គឺថាលោកចាត់ទុកពលរដ្ឋរបស់លោកដូចទីងមោងចាំចាប មិនចាំបាច់និយាយប្រាប់រឿងជាតិធំដុំដល់សាធារណជននោះទេ។ លោកនិយាយអួតអាង បង្អួតស្នាដៃ និងគុណបំណាច់របស់លោកគ្រប់ពេល ហាក់បីដូចជាឲ្យពលរដ្ឋជំពាក់គុណ ដឹងគុណលោកតែម្នាក់ប៉ុណ្ណោះ។ ថ្លែងនៅថ្ងៃទី៣១ ខែមីនា លោក ហ៊ុន សែន ថា “គ្មានទេសិទ្ធិមនុស្ស បើគ្មានសន្តិភាព”។ លោកភ្លេចគិតថា ក្នុងរបបលោកដឹកនាំជាង ៣០ឆ្នាំ លោកអួតអាងថាមានសន្តិភាព គ្មានសង្គ្រាម ប៉ុន្តែករណីរំលោភសិទ្ធិមនុស្សមានរាប់មិនអស់ពាសពេញប្រទេស អន្តរជាតិថ្កោលទោសរាល់ឆ្នាំ។

តាមការកត់សម្គាល់ មេដឹកនាំខ្មែររាល់សម័យមិនសូវមានសម្មាទិដ្ឋិ សញ្ជឹង ប្រមើលឃើញឆ្ងាយលើសពីផែនការ ៥ឆ្នាំនោះទេ។ អ្នកដឹកនាំខ្មែរភាគច្រើនតែងតែបញ្ចេញប្រតិកម្មបន្ទាប់ពីមានហេតុការណ៍អ្វីមួយកើតហើយសិន គឺមិនសូវព្យាករមើល ការពារមុន មុជជ្រៅទៅឆ្ងាយដល់ ២០, ៣០, ៤០, ៥០ ឬ ១០០ឆ្នាំនោះឡើយ។ ខ្មែរចងគំនុំរឿងរវាងបុគ្គល និងបុគ្គលបានយូរអង្វែងណាស់ ហើយសងសឹកគ្នាមិនឈប់ទេ ប៉ុន្តែរឿងបាត់បង់អធិបតេយ្យ បូរណភាពទឹកដី ភាសា វប្បធម៌ អត្តសញ្ញាណជាតិវិញ ខ្មែរភាគច្រើនមិនសូវឈឺចាប់ ស្ទុះស្ទា ពុះកញ្ជ្រោល គិតរកយុទ្ធសាស្ត្រទាមទារដណ្តើមយកអ្វីជារបស់ខ្លួននោះមកវិញទេ។ គេស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនមុន គឺលាភសក្ការៈ លុយកាក់ យសស័ក្ដិ កេរ្តិ៍ឈ្មោះ មុខមាត់ ដោយផ្តើមបង្ហាញពីចរិតធម្មជាតិ គឺប្រណិប័តន៍ កោតខ្លាច ស្មោះស្ម័គ្រ បម្រើ ការពារបុគ្គល។
អ្នកវិភាគខ្លះថាចរិតនេះជាចរិតបាក់ស្បាត ពួនលាក់មុខ គ្មានសេចក្តីក្លាហានជាអរិយជាតិ។ អ្នកខ្លះភ្ជាប់ព្រះនាមព្រះរាជា ជ័យវរ្ម័នទី៧ ដ៏អង់អាចក្លាហានល្បីល្បាញជាមួយប្រាសាទអង្គរដ៏រុងរឿង ប៉ុន្តែមិនសូវហ៊ានរំឭកព្រះរាជបន្ទូលព្រះអង្គដែលថា៖ “ទុក្ខរបស់ប្រជារាស្ត្រ ជាទុក្ខរបស់ព្រះអង្គ” នោះឡើយ។ ស្តេច នាហ្មឺន មន្ត្រី សេដ្ឋីគ្រប់រូប នាំគ្នាសម្ងំសន្សំយកសុខផ្ទាល់ខ្លួនរៀងៗខ្លួន បណ្តោយឲ្យទុក្ខរបស់អ្នកណាជាទុក្ខរបស់អ្នកនោះ។ បើមានអ្នកចេញមុខជួយដោះទុក្ខប្រជាពលរដ្ឋរងទុក្ខ គេចែកអំណោយមនុស្សធម៌ សប្បុរសធម៌ យកមុខយកឈ្មោះល្បី ហើយយកមុខមាត់ហួសហេតុពេកក៏មិនបានដែរ ក្រែងមានប្រជាប្រិយភាពលើសអ្នកមានអំណាច។ បើមានអ្នកចេញមុខជួយរកយុត្តិធម៌សង្គម social justice លាតត្រដាងអំពើទុច្ចរិតជិះជាន់រំលោភសិទ្ធិមនុស្ស រំលោភច្បាប់ ពុករលួយ គេចោទថាជាអ្នកបង្កភាពវឹកវរ អសន្តិសុខ ឬបដិវត្តន៍ពណ៌។
ជាតិសាសន៍ខ្មែរអស់ទឹកអស់ដីក្នុងសតវត្សទី១៩ ទី២០ ទី២១ ជាបន្តបន្ទាប់។ តើខ្មែរនឹងអស់អ្វីតទៅទៀតឬទេ? កម្ពុជាក្រោមមានឈ្មោះជាដីខ្មែរតែក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះ មិនមែនខ្មែរជាអ្នកគ្រប់គ្រងលើដែនដីនោះជាប្រទេសរបស់ខ្លួនទេ។ បើបរទេសគ្រប់គ្រងខ្មែរកណ្តាលទាំងស្រុងទៀតថ្ងៃណាមួយ តើខ្មែរនឹងគិតដូចម្តេចវិញនៅពេលនោះ? ពាក្យចាស់បុរាណខ្មែរប្រដៅកូនចៅថា៖
“ប្រហែសវាបាត់ ប្រយ័ត្នវាគង់!”។ ឃ្លាប្រៀនប្រដៅអាមេរិកាំងមួយមានន័យស្រដៀងនឹងភាសិតខ្មែរដែរ គឺ៖ “It’s better to be safe than sorry” ដែលប្រែថា “គួរតែប្រុងប្រយ័ត្ន (ដើម្បីឲ្យវាសុខសប្បាយ) ជាជាងពោលថាគួរឲ្យស្តាយជាក្រោយ”។
តើខ្មែរមិនគិតការពារក្រែងលោវាគង់កេរដំណែលបុព្វបុរសបន្សល់ទុកមុនវារលាយបាត់ទៀតទេ ឬយ៉ាងណា? នេះគ្រាន់តែជាគំនិតពលរដ្ឋសេរី a free man មួយរូបប៉ុណ្ណោះ៕