ក្រោយពីធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករតែប៉ុន្មានថ្ងៃមុននេះថា កំណើនសេដ្ឋកិច្ចនឹងស្រុតចុះត្រឹម ៥% ក្នុងឆ្នាំ២០២៥ ពីការទស្សន៍ទាយថាកើន ៦,២% នោះ ពលរដ្ឋខ្មែរអបអរសាទរនឹងសមិទ្ធផលថ្មីដែលដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា នេះ គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport)។
ប៉ុន្តែមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនៅក្រុងតាខ្មៅ ឬអាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារថ្មីរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ពិភពលោក ក្នុងការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
គេរំពឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងទទួលអ្នកដំណើរពី ១៣ ទៅ ១៥លាននាក់ និងទំនិញ ១៧៥០០០តោនក្នុងមួយឆ្នាំ។ ដល់ឆ្នាំ២០៣០ ទទួលទេសចរ ៣០លាននាក់ ហើយឆ្នាំ២០៥០ ទទួល ៥០លាននាក់។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ កញ្ញា នេះថា អាកាសយានដ្ឋានអន្តរជាតិថ្មីចូលខ្លួនមកជំនួសមុខនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជាទៅថ្ងៃមុខ។
លោក ហ៊ុន សែន លើកឡើងថា វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើនដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ជាពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនងការទូត និងគោលដៅផ្សេងៗរាប់មិនអស់។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ក្នុងន័យនេះ កម្ពុជាក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិដែរ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ ការតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ជាពិសេសការតម្រង់គោលដៅមកកាន់កម្ពុជាតែម្តង។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងក្រុមហ៊ុន Singapore Airline គឺជាជើងហោះហើរដែលបានចុះចតដំបូងគេនៅថ្ងៃប្រតិបត្តិការដំបូងនេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ២៦០០ហិកតា ក្រោមទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារអាមេរិក ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកណ្ដាលរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ ដែលអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សផងដែរ ដូចជា Airbus A380 និង Boeing 747 ជាដើម និងមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ក្នុង ១ឆ្នាំ រួមទាំងអាចផ្ទុកទំនិញបានរហូតដល់ ២៦០០០តោនថែមទៀត។ អាកាសយានដ្ឋានទំនើបនេះ មានផ្លូវឡើងចុះបី ប្រវែង ៤ពាន់ម៉ែត្រ តម្រង់ទិសផ្ទុយគ្នា ៥០ និង ២៣អង្សាលើផែនទី។
អាកាសយានដ្ឋាននេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា ពុង ឃាវសែ ដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា។ ទោះជាក្រុមហ៊ុននេះមានភាគហ៊ុន ៥១% ធនាគារអភិវឌ្ឍន៍ចិន មានភាគហ៊ុន ៤៩% ក្តី ប៉ុន្តែចិន មានសិទ្ធិកាន់កាប់យ៉ាងតិច ៥០ឆ្នាំ តាមទម្រង់សាងសង់ គ្រប់គ្រងប្រតិបត្តិការ និងផ្ទេរដៃ (BOT) ពីព្រោះចិន ប្រើទុនប្រមាណ ១១០០លានដុល្លារពីគម្រោងគំនិតផ្តើមខ្សែក្រវាត់ និងថ្នល់ (BRI)។ ចំពោះភាគហ៊ុនរវាងក្រុមហ៊ុនឧកញ៉ា ពុង ឃាវសែ និងរាជរដ្ឋាភិបាលវិញ ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គឺ OCIC មាន ៩០% រដ្ឋមាន ១០%។ ម្ចាស់ហ៊ុនដាក់ទុនជាមួយក្រុមហ៊ុន OCIC ក្នុងក្រុមហ៊ុនវិនិយោគទុនសំណង់អាកាសយានដ្ឋានកម្ពុជា CAIC រួមគ្នា joint venture ទាំងក្រុងស្រុក ទាំងក្រៅស្រុក ក្នុងទឹកប្រាក់ ៤៤៤លានដុល្លារ មានធនាគារ FTB ១០លានដុល្លារ; ធនាគារហត្ថា ១៥លានដុល្លារ; ធនាគារ Prince ១៥លានដុល្លារ; មីក្រូហិរញ្ញវត្ថុ AMK ១លានដុល្លារ; ធនាគារ Cathay United Bank, First Commercial Bank, Mega International Commercial Bank, Taiwan Cooperative Bank, and Union Commercial Bank ដាក់ទុន ២៣លានដុល្លារ។
រីឯក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ដាក់ទុន ១០០លានដុល្លារ សង់ឃ្លាំងស្តុកប្រេងសាំងយន្តហោះ។ ចំណែកឯក្រុមវិស្វកម្មសំណង់ គ្រប់គ្រង ចាត់ចែងខាងបច្ចេកទេស លក់ដូរវត្ថុអនុស្សាវរីយ៍ ម្ហូបអាហារប្រមាណជាង ១០ក្រុមហ៊ុន សុទ្ធតែបរទេសទាំងអស់ មានតាំងពីចិន កូរ៉េខាងត្បូង សិង្ហបុរី អង់គ្លេស និងបារាំង។ ក្រុមហ៊ុនវិនិយោគទុនសំណង់អាកាសយានដ្ឋានកម្ពុជា CAIC រកទុនតាមរយៈការចេញលក់បណ្ណបំណុល ហៅថា ឥណទេយ្យបណ្ណ bond ដោយធានាឲ្យការប្រាក់ ៥,៥% ក្នុងមួយឆ្នាំក្នុងរយៈពេលបីឆ្នាំ ហើយធានារ៉ាប់រងដោយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថ្លែងក្នុងពេលដែលលោកអញ្ជើញជាអធិបតីភាពនៃថ្ងៃខួប ៨០ឆ្នាំថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គ្មានប្រែក្លាយវាលយន្តហោះអន្តរជាតិភ្នំពេញទៅជាកន្លែងឯកជនណាទេ គឺទុកជាទ្រព្យរបស់រដ្ឋ និងប្រើប្រាស់ជាសាធារណៈ ឬបម្រុងទុកកន្លែងនេះទៅជាកន្លែងសម្រាប់ចុះចតព្រលានយន្តហោះកម្រិតណាមួយ។
តាមព័ត៌មានពីប្រភពផ្សេងៗវិញ រដ្ឋាភិបាលនឹងបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬវាលយន្តហោះពោធិ៍ចិនតុង ជាស្ថាពរជាអចិន្ត្រៃយ៍៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

