អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព្រមានថា លោក សៀម ភ្លុក ដែលជាស្ថាបនិកគណបក្សបេះដូងជាតិ នឹងមិនអាចគេចវេសពីការប្រឈមមុខនឹងផ្លូវច្បាប់របស់កម្ពុជាបានឡើយ បើទោះជាបានអះអាងថានឹងចូលខ្លួនទៅបំភ្លឺបន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុក VOD ដកស្រង់សម្ដីថា លោក សៀម ភ្លុក នឹងមិនអាចគេចខ្លួនទៅណាបានឡើយ ហើយអាជ្ញាធរបានចាត់វិធានការខ្លះៗហើយដើម្បីទប់ស្កាត់កុំឱ្យស្ថាបនិកគណបក្សបេះដូងជាតិរូបនេះចេញទៅក្រៅប្រទេស។
ប្រភពដដែលអះអាងថា វិធានការបន្តគឺក្រសួងមហាផ្ទៃកំពុងតែរង់ចាំអនុវត្តតាមការបញ្ជារបស់ស្ថាប័នអយ្យការប៉ុណ្ណោះ បើទោះជាលោក សៀម ភ្លុក បានព្យាយាមគេចវេសមិនចូលបំភ្លឺនៅតុលាការតាមដីកាក៏ដោយ ប៉ុន្តែករណីនេះ លោក សៀម ភ្លុក បានបដិសេធការចូលបំភ្លឺនៅតុលាការដោយសំអាងថា លោកមិនទទួលបានដីកាកោះពីតុលាការនោះទេនាពេលកន្លងមក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលេចឮនូវព័ត៌មានថា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានគេចខ្លួនទៅរកកន្លែងមានសុវត្ថិភាពបន្ទាប់ពីតុលាការបានចេញដីកាឲ្យនាំខ្លួនលោកកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ ពាក់ព័ន្ធនឹងបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើតគណបក្សបេះដូងជាតិ នាពេលកន្លងមក។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការគេចខ្លួនរបស់លោក សៀម ភ្លុក ដែលជាស្ថាបនិកគណបក្សបេះដូងជាតិ គឺជាអំពើទុច្ចរិតដែលអាចបញ្ជាក់ថា លោកពិតជាបានប្រព្រឹត្តខុសនឹងផ្លូវច្បាប់ប្រាកដមែន។ លោក សុខ ឥសាន បញ្ជាក់ថា បើពិតជាមាសសុទ្ធ លោក សៀម ភ្លុក មិនចាំបាច់គេចខ្លួននោះទេ ព្រោះថាការគេចខ្លួននេះ គឺជាការបញ្ជាក់យ៉ាងច្បាស់នូវអំពើទុច្ចរិតរបស់គាត់។ អ្នកនាំពាក្យរូបនេះបន្តថា បើខ្លួនអះអាងថាមិនបានបន្លំស្នាមមេដៃ ហេតុអ្វីចាំបាច់រត់គេចខ្លួន។
ដោយឡែកនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានលើកឡើងកាលពីពេលថ្មីៗនេះថា អាជ្ញាធរគួរតែធ្វើការដោយយុត្តិធម៌ ហើយមិនគួររើសអើងនិន្នាការនយោបាយខុសគ្នានោះទេ។
យ៉ាងណាក៏ដោយក្ដី ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថា លោកមិនដែលមានបំណងគេចវេសពីការកោះហៅរបស់តុលាការម្តងណាឡើយ ប៉ុន្តែដោយសារតែកន្លងមក លោកមិនដែលបានទទួលដីកាកោះហៅជាផ្លូវការពីតុលាការទាល់តែសោះ។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អះអាងថា លោកនឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ បន្ទាប់ពីលោកពឹងពាក់មេធាវី និងទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការរួចរាល់ ព្រោះលោកមិនមានចេតនាគេចពីការកោះហៅរបស់តុលាការនោះទេ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួនជាង ៤៧០០នាក់ គឺសុទ្ធសឹងតែជាស្នាមមេដៃមានភាពមិនប្រក្រតីទាំងអស់៕