27.5 C
Phnom Penh

ទូត​អូស្ត្រាលី​រៀបចំ​ពិព័រណ៍​រូបថត​រំឭក​ខួប​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អ៊ុនតាក់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​អូស្ត្រាលី កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​នានា​ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (United Nation Transitional Authority in Cambodia) ដែល​ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) កាលពី​ឆ្នាំ​១៩៩២ រយៈពេល ១​ខែ​នៅ​កម្ពុជា។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ថា ខ្លួន​កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​នានា​ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Raffle Hotel le Royal ក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ទស្សនា​ជា​រៀងរាល់​ថ្ងៃ។

ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (United Nation Transitional Authority in Cambodia ឬ UNTAC) គឺជា​សម័យកាល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា និង​ជា​គំរូ​ដ៏​ល្អ​បំផុត​នៃ​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ​ពហុភាគី​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ពេល​នោះ។

ស្ថានទូត​អូស្ត្រាលី​បញ្ជាក់​ថា អតីត​អគ្គមេបញ្ជាការ​របស់ UNTAC ឧត្តមសេនីយ៍ឯក John Sanderson របស់​អូស្ត្រាលី បាន​បញ្ជា​កងកម្លាំង​យោធា​ដែល​ត្រូវ​ប្រចាំការ​ក្នុង​ការ​ធានា​នូវ​សន្តិសុខ​សម្រាប់​កម្ពុជា​នា​ពេល​នោះ​មាន​ចំនួន ១​ម៉ឺន ៦​ពាន់​នាក់ រួម​ទាំង​ទាហាន​មកពី​បណ្តា​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​ផង​ដែរ ខណៈ​អូស្ត្រាលី​ខ្លួនឯង​ក៏​បាន​បញ្ជូន​បុគ្គលិក​ជាង ១​ម៉ឺន ២​ពាន់​នាក់​មក​ជួយ​ដល់ UNTAC ដើម្បី​ជំរុញ​ឲ្យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​នៅ​ពេល​នោះ​ថែម​ទៀត។

ការ​រៀបចំ​ពិព័រណ៍​នេះ ធ្វើឡើង​ដើម្បី​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​នៃ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ក្រោម​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រហូត​ដល់​សព្វថ្ងៃ​នេះ។

United Nation Transitional Authority in Cambodia ឬ UNTAC ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ក្នុង​ឆ្នាំ​១៩៩២ ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​សង្គ្រាម​ស៊ីវិល និង​ដើម្បី​ធានា​នូវ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត​ជាតិ​លើកដំបូង​ក្រោយ​ចប់​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៩៣ ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ មេសា ថា ការ​រៀបចំ​ពិព័រណ៍​រំឭក​ខួប​នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ចេតនា​របស់​រដ្ឋាភិបាល​អូស្ត្រាលី​យ៉ាង​ច្បាស់​ពី​ការ​ទាមទារ​ដោយ​ប្រយោល ឲ្យ​កម្ពុជា​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​កម្ពុជា​ងាក​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ដោយ​ពិតប្រាកដ។

លោក ម៉ែន ណាត លើកឡើង​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិសេស​ការ​បោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ដែល​មាន​វត្តមាន UNTAC ចូលរួម​ការពារ​សន្តិសុខ​នៅ​ពេល​នោះ កម្ពុជា​បាន​ទទួល​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ប្រាកដ ដូច្នេះ​ការ​រៀបចំ​ពិព័រណ៍​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២២ នៅ​កម្ពុជា​ខាងមុខ​នេះ ក៏​ជា​តឹកតាង​មួយ​រំលេច​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ពេល​នោះ​ដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​កម្ពុជា ដើម្បី​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទោះជា​ពួកគេ​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​ណា​ក៏ដោយ ព្រោះ​ថា​នៅ​ពេល​ដែល​កម្ពុជា​អនុវត្ត​ឃ្លាត​ឆ្ងាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹង​ឃ្លាត​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដូច្នោះ​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​មាន​វត្តមាន​របស់ UNTAC មក កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​នយោបាយ​ដណ្តើម​អំណាច​គ្នា​យ៉ាង​វក់វី ដែល​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ជាក់ស្តែង ការ​បោះឆ្នោត​ស្ទើរតែ​រាល់​អាណត្តិ គឺ​ត្រូវ​រៀបចំ​ដោយ​បក្ស​កាន់​អំណាច​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព ដូចជា​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ពេល​ខាងមុខ​នេះ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្នុង​ការ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស